យុវជន​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​គប់​សម្បក​ដូង​ទៅ​លើ​ព្រះឆាយា​ល័ក្ខណ៍​សម្ដេច​យាយ

យុវជន​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ នៅព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មិថុនា ឆ្នាំ​២០០៨ បន្ទាប់ពី​យក​សម្បក​ដូង​គប់​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា ដែល​ដាក់​តាំង​នៅ​ទី​សាធារណៈ នៅ​សួន​ច្បារ ក្បែរ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ ។

0:00 / 0:00

យុវជន​ជាប់​សង្ស័យ​ស្លៀកពាក់​សិស្ស មាន​រាងកាយ​មាំមួន​ស្ថិត​ក្នុង​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់ អះអាង​ថា ខ្លួន​ឈ្មោះ អ៊ូ ណាន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែកប៉ិ ស្រុក​កោះធំ ខេត្ត​កណ្តាល ជា​អតីត​សិស្ស​ត្រៀម​មហាវិទ្យាល័យ ។

យុវជន​បាន​អះអាង​ទៀត​ថា នៅ​ថ្ងៃ​នេះ គាត់​មាន​កំហឹង​ជាមួយ​រាជវង្ស បាន​យក​សម្បក​ដូង​គប់​លើ​ព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា ដែល​តាំង​ជា​សាធារណៈ​ក្នុង​សួន​ច្បារ​ជិត​ប៊ូឌីញ ៖ «យក​សម្បកដូង​គ្រប់​ព្រះឆាយាល័ក្ខណ៍ ។ ពួក​ព្រះរាជវង្ស​ជា​ពួក​ត្រសក់​ផ្អែម ហើយ​ត្រសក់​ផ្អែម​យក​ស្ដេច​ទៅ​សម្លាប់​ចោល យក​ព្រះរាជា​វរ្ម័ន​ទៅ​សម្លាប់​ចោល​មួយ​ពូជ ។ តើ​អ្នកឯង​ចាំ​បាន​ទេ ៦​សតវត្សរ៍​មុន អ្នកឯង​បាន​ធ្វើ​អ្វី​ខ្លះ​មក​លើ​ព្រះរាជា​នៃ​ពង្ស​វរ្ម័ន ពួក​អា​ត្រសក់​ផ្អែម ។ ដូច ប៉ុល ពត អ៊ីចឹង ប៉ុល​ពត ដឹកនាំ​ប្រទេស​ឲ្យ​រួចពី​កញ្ជះ​គេ ...»

តាមការអះអាង​របស់​ប្អូនស្រី​បង្កើត​របស់​ជន​ជាប់​សង្ស័យ សុំ​មិន​ប្រាប់​ឈ្មោះ បាន​ឲ្យ​ដឹង​ថា យុវជន អ៊ូ ណាន ជា​សិស្ស​ពូកែ​ប្រចាំ​វិទ្យាល័យ​កោះធំ ។ យុវជន​រៀន​ច្រើន បាន​កើត​ជំងឺ​សរសៃ​ប្រសាទ​តាំង​ពី​ក្រោយ​ការប្រលង​បញ្ចប់​ថ្នាក់​ទី​១២ វិទ្យាល័យ​កោះធំ ហើយ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​កន្លែង ពី​ឆ្នាំ​២០០២ មក ។

កញ្ញា​បាន​បង្ហាញ​នូវ​លិខិត ដែល​យុវជន​នោះ ទទួល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នានា និង​ឱសថ​មួយ​ចំនួន ៖ «ជំងឺ​គាត់​ទាក់ទង​នឹង​ខួរក្បាល ជំងឺ​សរសៃ​ប្រសាទ គាត់​ឈឺ​តាំង​ពី​២០០២ រហូត​ដល់​ឥឡូវ ។ ផឹក​ថ្នាំ​រហូត គាត់​ទៅ​[ជួប​ពេទ្យ]​រាល់​ការណាត់​របស់​ពេទ្យ ហើយ​ផឹក​ថ្នាំ​ក៏​ទៀង​តាម​ហ្នឹង​ដែរ ។ មុន​ដំបូង ទៅ​ពេទ្យ​រុស្ស៊ី បន្ទាប់​មក ទៅ​ពេទ្យ​អង្គការ បន្ទាប់​មក​ទៅ​គ្លីនិក ឥឡូវ​ហ្នឹង កំពុង​ផឹក​ថ្នាំ​របស់​គ្លីនិក»

មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​ប៉ុស្តិ៍​ទន្លេបាសាក់ មាន​ប្រសាសន៍​ថា លោក​នឹង​ផ្ញើ​របាយការណ៍​ទៅ​ថ្នាក់​លើ​និង​ឯកសារ​មាន​លិខិត​ពី​គ្រូពេទ្យ​បញ្ជាក់​ថា យុវជន អ៊ូ ណាន ប្រាកដ​ជា​បាន​ទទួល​ព្យាបាល​ជំងឺ​សរសៃ​ប្រសាទ ។ ឯ​ការដោះលែង ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​ពី​ថ្នាក់លើ ។

តាម​សមត្ថកិច្ច​នគរបាល ឲ្យ​ដឹង​ថា នៅព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មិថុនា ឆ្នាំ​២០០៨ យុវជន​ឈ្មោះ អ៊ូ ណាន បាន​ជិះម៉ូតូ​ម៉ាក​ឌ្រីម​សង់ ធ្វើ​សកម្មភាព យក​សម្បកដូង​ចោល​លើ​ព្រះឆាយាល័ក្ខណ៍ ព្រះវរ​រាជមាតា ដែល​បាន​ដាក់តាំង​ជា​សាធារណៈ ក្នុង​ព្រះរាជពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ នៅ​ទល់មុខ​សួនច្បារ​នាគ​បាញ់​ទឹក ក្បែរ​ប៊ូឌីញ ៕