លោក ម៉េង លាង អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃអង្គារថា លោក Luck Colling អាយុ ២៣ឆ្នាំ ជនជាតិអង់គ្លេស ត្រូវបានគេបញ្ជូនទៅព្យាបាលនៅទីក្រុងភ្នំពេញភ្លាមៗ កាលពីយប់មិញ បន្ទាប់ពីជនល្មើស ឈ្មោះ ខឹម ចន្ទ្រា ជាអតីតនិស្សិតរៀននៅប្រទេសបារាំងបានកាប់ចំក្បាលផ្នែកខាងក្រោយ។
លោក ម៉េង លាង មានប្រសាសន៍ថា ៖ «កាំបិតប៉័ងតោពណ៌ខ្មៅ កាំបិតហ្នឹងប្រហែលជាមួយចំអាមយើង វាអាចដល់ផុងលលាដ៍»។
ហេតុការណ៍កាប់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៨ នៅហាងអ៊ិនថឹណិតត្រង់ចំណុចផ្លូវលេខ៣ ខាងជើងផ្សារណាត់ ភូមិមហាទេព ទីរួមខេត្តបាត់ដំបង។
លោក ម៉េង លាង បានថ្លែងថា ជនល្មើសឈ្មោះ ខឹម ចន្ទ្រា អាយុ ២៨ឆ្នាំ រស់នៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ ក្រោយការវាយប្រហារ។
ជនល្មើស ខឹម ចន្ទ្រា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយពីសមត្ថកិច្ចចាប់ខ្លួនបានថា ខ្លួនមានអារម្មណ៍ខឹងសម្បាជាមួយលោក Luck Colling ដែលស្តោះទឹកមាត់ដើរទៅមកនៅកន្លែងអ៊ិនថឹណិត និងបានស្តាប់ឮ លោក Luck Colling មានពាក្យខ្លះនិយាយភាសាបារាំង ធ្វើឲ្យរូបគេមិនពេញចិត្ត ៖ «វានិយាយមក វានិយាយបារាំង ខ្ញុំទៅរៀនបារាំង ខ្ញុំចេះស្តាប់បារាំង ប៉ុន្តែលើកនេះ ខ្ញុំគិតថាវាបារាំង ដើរទៅជិតវាមានពាក្យខ្លះនិយាយលេចចេញជាបារាំងមក ដល់អ៊ីចឹងខ្ញុំដាក់វាមួយកាំបិតពីក្រោយទៅ។ ដោយឡែកតែបារាំងមួយទេ ដែលខ្ញុំមានគំនុំជាមួយបារាំង ដោយសារវាវ៉ៃខ្ញុំ»។
លោកស្រី កុក ហុង អាយុ៥០ឆ្នាំ ជាម្តាយជនល្មើសបានថ្លែងថា កូនរបស់លោកស្រី គឺជានិសិ្សតផ្នែកសេដ្ឋកិច្ចដែលបានទៅរៀននៅស្រុកបារាំងអស់រយៈពេលបីឆ្នាំ ទើបត្រឡប់មកកម្ពុជាវិញបានជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែកូនរបស់លោកស្រីមានជំងឺផ្លូវចិត្តស្អប់ជនជាតិបារាំង ៖ «បារាំងទាំងអស់ វាស្អប់អ៊ីចឹងតែម្ដង សូម្បីបើកទូរទស្សន៍ទៅឃើញភាសាបារាំង និយាយបារាំងអី ក៏វាផ្លាស់ប៉ុស្តិ៍ចោល»។
លោក កង សាខន ស្នងការនគរបាលខេត្តបាត់ដំបង បានថ្លែងថា លោកបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ៖ «ខ្ញុំសម្រេចថា បញ្ជូនរឿងនេះទៅតុលាការសិន ហើយវិនិច្ឆ័យយ៉ាងម៉េចទុកឲ្យតុលាការគាត់វិនិច្ឆ័យចុះ»។
មិនអាចទាក់ទងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជានាថ្ងៃអង្គារនេះបានទេ ដើម្បីបញ្ជាក់ជុំវិញស្ថានភាពជំងឺនិងប្រតិកម្មចំពោះការវាយប្រហារទៅលើលោក Luck Colling ជាជនជាតិអង់គ្លេសនេះ។
លោក Luck Colling ជាទេសចរ អាយុ ២៣ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ ហើយបន្តដំណើរមកខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ហើយបានរងគ្រោះនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នំា២០០៨៕
