បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ខណ្ឌ​ព្រៃនប់ ក្រុង​ព្រះសីហនុ

ប៉ូលិស​ក្រុង​ព្រះសីហនុ​បាន​ចាប់​ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ថ្ងៃ​ទី​២២ កញ្ញា នៅ​ក្នុង​ពេល​ចុះ​ទៅ​វាស់ដី​មាន​ទំនាស់​នៅ​តំបន់​សេអ៊ី​៥ ក្នុង​ភូមិ​ភូធឿង សង្កាត់​ប៊ិតត្រាំង ខណ្ឌ​ព្រៃនប់ ក្រុង​ព្រះសីហនុ។

0:00 / 0:00

តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​ដែល​បាន​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា នៅព្រឹក​ថ្ងៃ​ទី​២២ កញ្ញា​នេះ មាន​ប៉ូលិស​ប្រមាណ​ពី ៣០ ទៅ ៤០​នាក់ រួម​មាន​អាវុធ​គ្រប់​ដៃ អម​ដោយ​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​និង​មន្រ្តី​សុរិយោដី​ក្រុង​ផង បាន​ចុះ​ទៅ​វាស់​ដី​មាន​ទំនាស់​នៅ​តំបន់​សេអ៊ី​៥ ក្នុង​ភូមិ​ភូធឿង សង្កាត់​ប៊ិតត្រាំង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​រារាំង​មិន​ឲ្យ​វាស់ ដោយ​សំអាង​ថា ដី​ជាង​១១០​ហិកតារ​នោះ កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​ចំនួន​១២៦​គ្រួសារ ហើយ​កំពុង​ប្តឹងផ្ដល់​គ្នា​នៅ​តុលាការ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ចាន់ថា ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ៖ «មាន​ប្រទូស​ប្រទាំង​គ្នា ហើយ​ចាប់​ប្រជាពលរដ្ឋ​ទៅ​ម្នាក់»

លោក ចាន់ ចំរើន អ្នក​ឃ្លាំមើល​របស់​សមាគម អាដហុក នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ចុះ​ផ្ទាល់​តាម​ដាន​ហេតុការណ៍​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ៖ «ក្រោយ​ពី​វាស់វែង​ហ្នឹង​ប្រជាពលរដ្ឋ​គាត់​បាន​ហាម​មិន​ឲ្យ​វាស់​វែង ដោយសារ​គាត់​និយាយ​ថា ដី​នោះ​នៅ​ចំណុច​នោះ វា​មាន​ចំណុច​មិន​ប្រក្រតី​ជា​ច្រើន​ដែល​គាត់​ឆែក​មើល​ឃើញ​នៅ​ក្នុង​ប័ណ្ណ។ គាត់​មិន​ឲ្យ​វាស់វែង​ទេ ព្រោះ​ដី​ហ្នឹង​ដី​ទំនាស់ គាត់​ចង់​ឲ្យ​ដោះស្រាយ​រួច​រាល់​ជា​មុន​សិន ទើប​បាន​វាស់។ ពេល​ហ្នឹង​មាន​ការប្រទាញ​ប្រទង់​គ្នា រហូត​ដល់​ការប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ គឺ​ថា វ៉ៃ​គាត់​រហូត​ដល់​ប៉ោង​ភ្នែក ហើយ​មាន​ឈាម​ហូរ​តាម​ភ្នែក​ទៀត។ វ៉ៃ​ដំ​គាត់​ហ្នឹង ហើយ​ចាប់​បោះ​មក​លើ​ឡាន ដាក់​ខ្នោះ​យក​មក​សួរ​ចម្លើយ...។ ម្នាក់​ហ្នឹង​គាត់​បាន​បណ្ដើរ​ឆ្កែ មើល​ព្រឹត្តិការណ៍​ហ្នឹង​ដែរ គាត់​ប្រជាពលរដ្ឋ​មាន​ដី​នៅ​ហ្នឹង​ដែរ បាន​បណ្ដើរ​ឆ្កែ​ទៅ​មើល ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហ្នឹង អត់​ហាម​ឃាត់ ដល់​ពេល​អ៊ីចឹង​ខាង​ប៉ូលិស បាន​រក​ចាប់​មនុស្ស​មួយ​ចំនួន អ៊ីចឹង​ពួក​ខ្ញុំ​ចាប់​មិន​បាន ទៅ​បាន​ចោទ​គាត់​ថា​ប្រើ​អំពើ​ហិង្សា​លើ​ប៉ូលិស ហើយ​ខាង​សាមី​ខ្លួន​គាត់ ហើយ​ខាង​ក្រុម​គ្រួសារ បាន​បដិសេធ​ថា​មិន​បាន​ប្រើ​ទេ»

ស្នងការ​ប៉ូលិស​ក្រុង​ព្រះសីហនុ លោក តាក វណ្ណថា បាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការប៉ះ​ទង្គិច​គ្នា​នោះ​ដោយសារ​មនុស្ស​មួយ​ចំនួន​បាន​ទៅ​រស់នៅ​បំពាន​លើ​ដី​គេ​ដែល​មាន​ម្ចាស់​មាន​កម្មសិទ្ធិ​ត្រឹមត្រូវ។

តាម​ប្រជាពលរដ្ឋ​និង​បុគ្គលិក អាដហុក ឲ្យ​ដឹង​ថា តំណាង​ម្ចាស់​ដី​ដែល​បាន​សុំ​ឲ្យ​ប៉ូលិស​ចុះ​ជួយ​ការពារ​ការ​វាស់ដី​នៅ​ថ្ងៃ​ទី​២២ កញ្ញា​នេះ មាន​ឈ្មោះ​លោក ដាន តារា និង​លោក ប៉ិល រតនា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ដាន តារា និង​លោក ប៉ិល រតនា បាន​នៅ​ឡើយ​ទេ។

សូម​ជំរាប​ថា ទំនាស់​ដី​ចំនួន​ជាង​១១០​ហិកតារ​នៅ​តំបន់​ភូមិ​សេអ៊ី​៥ សង្កាត់​ប៊ិតត្រាំង ខណ្ឌ​ព្រៃនប់​នេះ មាន​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ​រវាង​ប្រជាពលរដ្ឋ​ប្រមាណ​១២៦​គ្រួសារ​ជាមួយ​ម្ចាស់​ដី​មួយ​ចំនួន​ដែល​បាន​អះអាង​ថា មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ត្រឹមត្រូវ តែ​អ្នក​រស់​លើ​ដី​នោះ​បាន​អះអាង​ថា ពួកគេ​បាន​មក​កាន់កាប់​រស់​លើ​ដី​តាំង​ពី​ឆ្នាំ​១៩៩៣ ឬ ៩៤, ៩៥ មក​ម្ល៉េះ ហើយ​គេ​ថា ដី​នេះ​ជា​ដី​របស់​រដ្ឋ៕