ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​ខេត្ត​កណ្តាល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​វាយ​ដំ​កុមារ

2009-10-31

ប្រធាន​នៃ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថៃ្ង​ព្រហស្បតិ៍​ថ្មីៗ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ទារុណកម្ម​លើ​កុមារ​ជា​អនីតិជន​ជា​ច្រើន​នាក់​ឲ្យ​រង​របួសធ្ងន់​ដោយសារ​ការ​វាយ​ដំ​និង​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​មជ្ឈមណ្ឌល​នោះ។

RFA/Sok Serey

៣០-តុលា-២០០៩: កុមារ​ដែល​រង​គ្រោះ​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល។

លោក សឹម ឈិន អាយុ​៥៣​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នៅ​ក្នុង​ឃុំ​បឹងខ្សាង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដែល​បាន​ចូលរួម​សហការ​ជាមួយ​នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​នៅ​ក្នុង​ខេត្ត​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំពា្រ លោក ម៉េត ណារ៉ុង ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ហើយ។

លោក សឹម ឈិន បាន​បញ្ជាក់​ថា ៖ «ឃាត់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​ទៅ​លើ​កុមារ។ ជន​ល្មើស​ហ្នឹង​ខ្ញុំ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ហើយ ក៏​ប៉ុន្តែ​ឥឡូវ​មិន​ដឹង​ថា គាត់​បញ្ជូន​ទៅ​លើ​ទៀត​ហើយ​ឬ​នៅ ខ្ញុំ​អត់​ដឹង​ដែរ។ សំណុំរឿង បាន​បំពេញ​ឯកសារ​ហ្នឹង​អស់​កាល​ពី​ល្ងាច​មិញ​ហើយ។ នេះ​គឺ​ជា​ការ​ព្រមាន​មួយ​កុំ​ឲ្យ​អ្នក​គ្រប់គ្រង​ប្រើ​អំពើ​ហិង្សា​ធ្វើ​ទារុណកម្ម​ទៅ​លើ​កុមារ»

កុមារ​ឈ្មោះ សុទ្ធ ត្រា អាយុ​១៤​ឆ្នាំ ជា​អ្នក​រង​គ្រោះ​ដោយសារ​ការ​វាយ​ដំ​និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ក្នុង​ចំណោម​កុមារ​រង​គ្រោះ​ចំនួន​២​នាក់​ទៀត បាន​ថែ្លង​ថា ខ្លួន​បាន​មក​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំពា្រ​នោះ​បាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ។ កាល​ពី​ពេល​ថ្មីៗ​នេះ គា្រន់​តែ​ធ្វើ​ឲ្យ​ពូក​រហែក​ដោយសារ​សត្វ​ឆ្កែ​កកេរ បាន​រង​ការ​វាយ​ដំ​ជា​ច្រើន​ដំបង​រហូត​ដល់​បែក​ក្បាល។

កុមារ សុទ្ធ ត្រា បាន​ឲ្យ​ដឹង​ថា ៖ «កាន់​ពូក​ម្នាក់​មួយ​ទៅ ហើយ​គាត់​ថា​មិន​បាច់​យក​ទេ​ពូក យក​តែ​អា​រហែក​មក​បាន​ហើយ»

សុខ សេរី ៖ វ៉ៃ​ហ្នឹង វ៉ៃ​នឹង​ស្អី​គេ? សុទ្ធ ត្រា ៖ វ៉ៃ​នឹង​រំពាត់​ដើម​ត្របែក​ព្រៃ។ សុខ សេរី ៖ វ៉ៃ​ប៉ុន្មាន​ដង? សុទ្ធ ត្រា ៖ ដៃ​ទាំង​ពីរ​ហ្នឹង​១០ នៅ​សល់​ខ្លួន​ទៀត។

សុខ សេរី ៖ លើក​ដំបូង​ឬ​ក៏​ធ្លាប់​វ៉ៃ​កន្លង​មក​ហើយ​ដែរ? សុទ្ធ ត្រា ៖ ច្រើន​ហើយ។ សុខ សេរី ៖ ចុះ​អ្នក​ផ្សេង? សុទ្ធ ត្រា ៖ អ្នក​ផ្សេង​ត្រូវ​ដែរ។

លោក ម៉ែន មករា ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក នៅ​ក្នុង​ខេត្ត​កណ្តាល ដែល​បាន​ចូលរួម​ទប់​ស្កាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​ជា​អនីតិជន​នោះ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​តុលាការ​ក្នុង​ខេត្ត​កណ្ដាល​ចោទ​ប្រកាន់​និង​ផ្តន្ទា​ទោស​ជន​សង្ស័យ​ឲ្យ​បាន​ឆាប់​និង​ធ្ងន់ធ្ងរ។

លោក ម៉ែន មករា បាន​បញ្ជាក់​ថា ៖ «មក​ដល់​ម៉ោង​នេះ​លទ្ធផល​ដែល​យើង​ទទួល​បាន​គឺ​យើង​បាន​យក​ជនល្មើស​ទៅ​ដល់​តុលាការ​ហើយ ហើយ​យើង​មិន​ទាន់​ដឹង​ថា តើ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​យ៉ាង​ណា​នោះ​ទេ ដោយសារ​យប់​មិញ​នេះ​ខ្ញុំ​ផ្ទាល់​បាន​ទទួល​ទូរស័ព្ទ​ជា​ច្រើន​ខ្សែ​ពី​បណ្ដាញ​សុំ​អន្តរាគមន៍​ដើម្បី​មាន​ការ​សម្រុះ​សម្រួល​មួយ ប៉ុន្តែ​ជា​ជំហរ​យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​នៅ​ទី​នេះ គឺ​ថា​យើង​មិន​មាន​យុទ្ធសាស្ត្រ​ណា​មួយ​ដើម្បី​ធ្វើ​ការ​សម្រុះ​សម្រួល​លើ​បទល្មើស​ព្រហ្មទណ្ឌ​នេះ​ទេ»

លោក សាត សុធី ជា​ប្រធាន​ការិយាល័យ​សុខភាព​កុមារ​នៅ​ក្នុង​ខេត្ត​កណ្តាល ដែល​បាន​ចុះ​មក​ធ្វើ​កំណត់​ហេតុ​ជាមួយ​នឹង​ជន​រង​គ្រោះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​នឹង​បូក​សរុប​លទ្ធផល​ដែល​ខ្ញុំ​ពិនិត្យ​ហើយ ខ្ញុំ​នឹង​រាយការណ៍​ជូន​ទៅ​មន្ទីរ​សង្គមកិច្ច»

មាន​កុមារ​ជា​អនីតិជន​ចំនួន​២​នាក់​ទៀត​បាន​អះអាង​ថា បាន​រង​គ្រោះ​ដោយសារ​ការ​វាយ​ដំ​និង​ធ្វើ​ទារុណកម្ម​ដោយ​ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​នោះ។

មាត្រា​ទី​៣១​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​បាន​ចែង​អំពី​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​នារី​និង​សិទ្ធិ​កុមារ ដូច​បាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) និង​កតិកាសញ្ញា ព្រមទាំង​សេចក្តី​ប្រកាស​របស់​អ.ស.ប.​នោះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​ខែត្រ​មណ្ឌលគិរី​តាម​ចាប់​ជន​សង្ស័យ​២​នាក់​ក្នុង​ករណី​ប្លន់

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ទាត់​កូន​ស្រី​ឲ្យ​សន្លប់

បុគ្គលិក​អង្គការ​មិត្ត​គ្មាន​ព្រំដែន​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម

ទាហាន​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​មេ​បញ្ជាការ​វាយ​ដំ

ប៉ូលិស​ម្នាក់​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នក​ភូមិ

ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

ជន​ដាណាម៉ាក​ម្នាក់​រង​ការ​ចោទ​ថា​ចាប់​បង្ខំ​រួមភេទ​ជាមួយ​កុមារី​ខ្មែរ

ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ