បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ទាត់​កូន​ស្រី​ឲ្យ​សន្លប់

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​ចាប់​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​រង​ការ​ចោទ​ថា​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូន​ស្រី​អាយុ​១០​ឆ្នាំ ដោយ​ទាត់​ឲ្យ​សន្លប់​និង​របួស​ធ្ងន់ នៅ​គ្រា​ដែល​បុរស​រូប​នោះ​ស្រវឹង​ស្រា។

0:00 / 0:00

លោក សឹម ឈិន ជា​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​នៅ​ក្នុង​ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បុរស​នោះ​កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល។ សមត្ថកិច្ច​កំពុង​តែ​បន្ត​កសាង​សំណុំរឿង​ប្តឹង​ទៅ​តុលាការ​នា​ពេល​ឆាប់ៗ​នេះ​ទៀត​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោក សឹម ឈិន បាន​បញ្ជាក់​ថា ៖ «ចាប់​ពី​ថ្ងៃ​ម្សិលមិញ​ពី​បទ​ប្រើ​អំពើ​ហិង្សា​វ៉ៃ​កូន​ដល់​សន្លប់។ ខាង​ព្រហ្មទណ្ឌ​គេ​យក​ទៅ​ខាង​តុលាការ​ដំណើរ​ហ្នឹង ជា​ការ​ព្រមាន​មួយ​ដល់​បង​ប្អូន​ទាំង​អស់​កុំ​ឲ្យ​យក​តម្រាប់​តាម។ កុមារី​ហ្នឹង​គឺ​ត្រូវ​របួស​ខ្នង​ហើយ​និង​ដៃ»

លោក ម៉ែន មករា ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល (អាដហុក) នៅ​ក្នុង​ខេត្ត​កណ្តាល ដែល​កំពុង​តែ​ស្វែង​រក​ការ​ផ្តន្ទា​ទោស​បុរស​នោះ​តាម​ផ្លូវ​ច្បាប់ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ផ្ញើ​សារ​សំខាន់​មួយ​ទៅ​គ្រួសារ​ដទៃ​ទៀត​មិន​ឲ្យ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កុមារ។

លោក ម៉ែន មករា បាន​មាន​ប្រសាសន៍​ថា ៖ «សង្គម​កម្ពុជា​យើង​សព្វថ្ងៃ​មាន​ច្បាប់​ហើយ ហើយ​កុំ​យក​វិធី​អប់រំ​កូន​ដោយ​ការ​ប្រើ​អំពើ​ហិង្សា​ហ្នឹង ព្រោះ​ការ​ប្រើ​អំពើ​ហិង្សា​មិន​អាច​បញ្ចប់​បញ្ហា​បាន​ទេ»

ស្រ្តី​ឈ្មោះ ព្រីង កំសត់ អាយុ​៣៥​ឆ្នាំ នៅ​ក្នុង​ភូមិ​បឹងខ្យាង ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ត្រូវ​ជា​ម្តាយ​កុមារី​រង​គ្រោះ​នោះ បាន​ថែ្លង​ថា លោក​ស្រី​ចង់​ឃើញ​សមត្ថកិច្ច​ផ្តន្ទា​ទោស​ស្វាមី​នោះ​តាម​ច្បាប់។

អ្នក​ស្រី ព្រីង កំសត់ បាន​ឲ្យ​ដឹង​ថា ៖ «ចំ​តែ​ដៃ​និង​ខ្នង​ហ្នឹង ខ្លាំង​ជាង​គេ​ដៃ​ខាង​ស្ដាំ។ រាល់​ថ្ងៃ​ហ្នឹង​វា​(ប្ដី)​រក​រឿង​យើង វា​វ៉ៃ​កូន​វ៉ៃ​ចៅ​រហូត ហើយ​ខ្ញុំ​ក៏​វា​វ៉ៃ​ដែរ អត់​មាន​ថ្ងៃ​ណា​បាន​សុខ​ទេ! វា​រ​ករឿង វា​ផឹក​ស៊ី​អ៊ីចឹង​ទៅ! ខ្ញុំ​ធ្វើ​ការ ចេញ​មក​វិញ​ខ្ញុំ​ដាំ​បាយ​ហូប​ខ្លួន​ឯង»

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​និង​គ្រួសារ​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​ឈ្មោះ ហ៊ុយ ម៉េងអាង និង​កុមារី​រង​គ្រោះ​ឈ្មោះ យាង ស្រីកា អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ តែងតែ​រង​គ្រោះ​ដោយសារ​ការ​វាយ​ដំ​និង​ប្រើ​អំពើ​ហិង្សា​ជា​ប្រចាំ​នៅ​ពេល​ដែល​ឪពុក​ស្រវឹង​ស្រា។

ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ចាប់​ខ្លួន​បុរស​នោះ​កាល​ពី​ថៃ្ង​សៅរ៍​ថ្មីៗ​នេះ ក្រោម​បទ​ចោទ​ថា បាន​បង្ក​របួស​ស្នាម​ក្នុង​បទល្មើស​មជ្ឈិម​តាម​មាត្រា​៤១​នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អន្តរកាល អ៊ុនតាក់។

ប្រទេស​កម្ពុជា​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ចែង​ក្នុង​មាត្រា​៤៨​ស្តីពី​ការ​គាំពារ​សិទ្ធិ​កុមារ ហើយ​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​និង​អនុ​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​កុមារ។ ក្រៅ​ពី​នេះ​ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ការពារ​ជន​រង​គ្រោះ៕