អនុប្រធានអង្គភាពប៉ូលិសការពារបេតិកភណ្ឌរបស់ស្នងការពិសេស លោក លី ហុកសេង បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ថាកងកម្លាំងប៉ូលិសរបស់លោកដែលដើរល្បាតតាមព្រៃនៃតំបន់អង្គរធំបានពើបប្រទះនឹងបុរសម្នាក់ដែលមានម៉ាស៊ីនរាវរកវត្ថុបូរាណផងកំពុងធ្វើសកម្មភាពខុសច្បាប់នៅជិតតំបន់ប្រាសាទកែវ ហើយកងកម្លាំងរបស់លោកក៏បានធ្វើការចាប់ខ្លួនជននោះរូបជាមួយវត្ថុតាងមួយចំនួន។
លោក លី ហុកសេង បានបញ្ជាក់ថា ៖ «កម្លាំងខ្ញុំចេញប្រតិបត្តិការទៅឃើញកំពុងតែធ្វើសកម្មភាពម្ដុំប្រាសាទកែវ ក៏ចាប់។ មានម៉ាស៊ីនរាវ ម៉ាស៊ីនអី ឥឡូវខ្ញុំប្រគល់ឲ្យទៅខាងកម្រិតស្រាលគេធ្វើការ។ យើងមានវិធានការប្រយ័ត្នប្រយែងរៀងរាល់ថ្ងៃដែរ ឥឡូវយើងចេញយប់ជ្រៅអីរាល់តែថ្ងៃដែរ»។
ទោះយ៉ាងណាមន្ត្រីប៉ូលិសបេតិកភណ្ឌមិនបានប្រាប់ឲ្យដឹងពីឈ្មោះបុរសដែលសមត្ថកិច្ចបានចាប់ខ្លួននោះទេ គ្រាន់តែប៉ូលិសនិយាយថា ជនសង្ស័យនោះជាអ្នកមកពីខេត្តផ្សេងមិនមែនជាអ្នករស់នៅក្នុងខេត្តសៀមរាបទេ។
លោក ធុយ វុទ្ធី ជាមន្ត្រីប៉ូលិសបេតិកភណ្ឌប្រចាំប៉ុស្តិ៍ប្រាសាទព្រះខ័ន បានមានប្រសាសន៍ថា ការចាប់ខ្លួនបុរសមានម៉ាស៊ីនរាវរកវត្ថុបូរាណនោះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនៅតំបន់ជិតប្រាសាទតាណី ភាគខាងកើតទំនប់បារាំង ហើយសមត្ថកិច្ចសង្ស័យថា ជននោះអាចនឹងមានបក្សពួកមួយចំនួនទៀត។
លោក ធុយ វុទ្ធី បានឲ្យដឹងថា ៖ «ចាប់បាននៅខាងប្រាសាទតាណី ខាងកើតទំនប់បារាំងកាលពីព្រឹកមិញ ឃើញចូលទៅរាវរកវត្ថុបូរាណ... យើងធ្វើការតាមវាបណ្ដោយ»។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលខេត្តសៀមរាប លោក ផឹង ចិន្តារ៉េត បានមានប្រសាសន៍ថា លោកបានបញ្ជាឲ្យកងប៉ូលិសរបស់លោកទៅទទួលយកជនសង្ស័យនោះពីប៉ូលិសបេតិកភណ្ឌហើយ ប៉ុន្តែលោកមិនអាចអធិប្បាយបានលម្អិតនៅឡើយទេ ដោយសារជនសង្ស័យមិនទាន់បញ្ជូនមកដល់ ហើយប៉ូលិសពុំទាន់បានធ្វើការសាកសួរនៅឡើយ។
លោក ផឹង ចិន្ដារ៉េត បានមានប្រសាសន៍ថា ៖ «ខ្ញុំមិនទាន់បានជួបជនសង្ស័យហ្នឹងផង។ ខ្ញុំឲ្យកម្លាំងខ្ញុំទៅទទួលយកមិនទាន់បានដល់កន្លែងទេ។ ចាំគេរាយការណ៍ឲ្យខ្ញុំ ចាំខ្ញុំដឹងខ្ញុំនឹងមានរបាយការណ៍ប្រាប់»។
តាមសមត្ថកិច្ចឲ្យដឹងថា បច្ចុប្បន្ននេះក្រុមអ្នករកស៊ីជួញដូរវត្ថុបូរាណខ្លះនៅតែធ្វើសកម្មភាពខុសច្បាប់លួចចូលទៅក្នុងបរិវេណប្រាសាទបូរាណខ្លះដែលនៅក្នុងព្រៃនៃតំបន់អង្គរ ខេត្តសៀមរាប និងនៅឯប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារផង លួចរាវរកវត្ថុបូរាណដែលកប់នៅក្រោមដីនិងគាស់កកាយយកទៅលក់ដូរ។
កាលពី២ខែមុនអាជ្ញាធរស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានចាប់ខ្លួនមនុស្សម្នាក់ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពរាវនិងគាស់យកវត្ថុបូរាណពីប្រាសាទព្រះខ័នកំពង់ស្វាយទៅលក់ដូរដូចគ្នានេះ ហើយរហូតមកដល់ពេលនេះតាមអ្នកភូមិការអះអាងថា ជនសង្ស័យនោះត្រូវបានគេដោះលែងឲ្យរួចខ្លួនវិញហើយ៕
