បុរសម្នាក់ត្រូវបានប៉េអឹមខេត្តបាត់ដំបងវាយឲ្យរបួសធ្ងន់និងចាប់ដាក់ខ្នោះឃុំទុកអស់រយៈពេលមួយយប់ដោយគ្រាន់តែជម្លោះពាក្យសម្ដីនៅកន្លែងវង់ល្បែងលេងចាក់អាប៉ោងជាមួយប៉េអឹមតែប៉ុណ្ណោះ។
ជនរងគ្រោះឈ្មោះ ឈឿម ផល្លា អាយុ៣១ឆ្នាំ នៅភូមិសំបូរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃអាទិត្យថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា លោកបានជិះម៉ូតូជាមួយបងប្អូនក្នុងគោលបំណងទៅហៅបងរបស់ខ្លួនម្នាក់ទៀតនៅកន្លែងលេងល្បែងចាក់អាប៉ោងក្រោយមកក៏មានការជជែកពាក្យសម្ដីគ្នា។
លោក ឈឿម ផល្លា បានឲ្យដឹងថា ៖ «អ៊ីចឹងខ្ញុំដាក់ម៉ូតូដាក់ពីមុខផ្ទះក្នុងរបង ហើយខ្ញុំក៏ដើរចូលទៅកន្លែងគេលេង ពេលហ្នឹងគេអ្នកលេងហ្នឹង គេប្រាប់ខ្ញុំថា "អូនអើយយកម៉ូតូមកដាក់ក្នុងមក" អ៊ីចឹងខ្ញុំក៏តបទៅវិញថា "មិនអីទេបង បើបាត់ចាំឲ្យម្ចាស់ផ្ទះសង តាប៊ី" ព្រោះខ្ញុំនិយាយលេងផង ចូលទៅខ្ញុំមិនបម្រុងអីយូរទេ ខ្ញុំមកវិញហើយ។ និយាយចុះឡើងៗទៅ ស្រាប់តែម្នាក់ឈ្មោះ ចាប់ នី មានកំហឹង ងើបឡើងឈរ មកដាក់ខ្ញុំមួយដៃចំថ្គាមឆ្វេង ខ្ញុំដួលអុកគូទ»។
ឈឿម ផល្លា បន្តថា ក្រោយពីបានវាយនៅនឹងកន្លែងវង់ល្បែងរួច ស្រាប់តែនៅថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង៨យប់ខណៈដែលលោកកំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ ស្រាប់តែឈ្មោះ ចាប នី ជាមន្ត្រីកងរាជអាវុធហត្ថស្រុកបាណន់ និងគ្នីគ្នា២នាក់ទៀតមានឯកសណ្ឋានកងរាជអាវុធហត្ថនិងអាវុធគ្រប់ដៃបានចូលចាប់រូបលោកដាក់ខ្នោះដៃ រួចធ្វើការវាយទាត់ឲ្យរបួសជាទម្ងន់ ហើយយកទៅឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់មួយយប់។
ជនរងគ្រោះបន្តទៀតថា លុះព្រឹកឡើងឈ្មោះ ចាប នី មកជួប ហើយនិយាយថា ឲ្យលោកឈប់ទៅអុកឡុកកន្លែងប្រចាំការរបស់គេ ហើយបង្ខំឲ្យលោកធ្វើកិច្ចសន្យាផ្តិតមេដៃទើបដោះលែងមកវិញ។
មន្ត្រីកងរាជអាវុធហត្ថឈ្មោះ ចាប នី មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញបញ្ហានេះទេ ប៉ុន្តែបើតាមលោក សូ ឌី នាយការិយាល័យព័ត៌មានសន្តិសុខនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានថ្លែងបញ្ជាក់ថា ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានកោះហៅភាគីទាំងសងខាងមកសាកសួរ ហើយរង់ចាំការកោះហៅសាក្សីមកសួរបន្ថែមទៀត។
លោក សូ ឌី បានបញ្ជាក់ថា ៖ «ចម្លើយអត់ទាន់ស៊ីចង្វាក់គ្នាទេ ដោយសារចម្លើយមិនទាន់ស៊ីចង្វាក់ហ្នឹងឯងបានខ្ញុំអង្កេតបន្ត។ បើចម្លើយស៊ីចង្វាក់ហើយយើងចាំទៅអង្កេតអីវែងឆ្ងាយ»។
មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ដែលបានជួបសួរនាំជាមួយជនរងគ្រោះបានហៅអំពើនោះថាជាការយកអំណាចមកធ្វើបាបប្រជាពលរដ្ឋ។
លោកថ្លែងបន្តយ៉ាងដូច្នេះ ៖ «អ៊ីចឹងមេបញ្ជាការនៅក្នុងកងកម្លាំងប្រដាប់អាវុធនេះ មន្ត្រីនគរបាលក្ដី កងរាជអាវុធហត្ថក្ដី គេតែងតែមានបទបញ្ជា មានវិន័យរបស់គេ អ៊ីចឹងគេអាចមាន អាចដកបញ្ឈរជើង គេអាចព្យួរការងារឬក៏បញ្ឈប់ បើក្នុងករណីធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឈឿម ផល្លា កាលពីថ្ងៃទី២៦កន្លងទៅថ្មីៗនេះក៏បានដាក់ពាក្យប្តឹងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដែរ ដើម្បីទាមទាររកយុត្តិធម៌និងស្នើឲ្យដាក់ទណ្ឌកម្មឬអប់រំមន្ត្រីកងរាជអាវុធហត្ថរូបនោះ ហើយទាមទារឲ្យសងជំងឺចិត្តជាប្រាក់ចំនួន៣លានរៀល៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
អាជ្ញាធរស្វែងរកការបិទមន្ទីរព្យាបាលជំងឺមួយនៅរតនគិរី
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.