ឈ្មោះ សែម ប៊ុន បានសារភាពនៅមុខតុលាការថ្ងៃនេះ (ទី១៨ វិច្ឆិកា) ថា គាត់ពិតជាបានសម្លាប់ប្រពន្ធនិងកូនដោយកាត់ក្បាលនោះមែនកាលពីថ្ងៃទី៩ វិច្ឆិកា។
ស្នងការនគរបាលខេត្តលោក ជួង ស៊ាងហាក់ បានបញ្ជាក់ជុំវិញបញ្ហានេះថា ៖ «សមត្ថកិច្ចយើងបានស្វែងរកការបញ្ជាក់ថា តើអ្នកខេត្តដឹងទេថា ក្បាលរបស់ជនរងគ្រោះទាំងពីរស្ថិតនៅទីណា? ខ្ញុំថាប្រហែលជារកមិនឃើញទេ ព្រោះទឹកហូរខ្លាំងនៅព្រៃឆ្លូងនេះ។ នេះជាការបញ្ជាក់អះអាងរបស់ឈ្មោះ សែម ប៊ុន ដែលជាជនល្មើស។ ព្រឹកមិញនេះ ប្រហែលជាចន្លោះម៉ោង ៩ បានឆ្លើយសារភាពនៅស្ថាប័នអយ្យការរបស់សាលាដំបូងខេត្តនេះតែម្ដង។ ល្ងាចថ្ងៃទី៩ហ្នឹង ប្រពន្ធបានឲ្យកូនឈ្មោះ ប៊ុន សាណេន ចម្លងគាត់ជាមួយនឹងកូនស្រីតូចអាយុ ៨ឆ្នាំ ឈ្មោះ ប៊ុន សាវី នេះ ឆ្លងកាត់ព្រៃឆ្លូងហ្នឹង អុំទូកឆ្លងព្រៃឆ្លូងហ្នឹងទៅម្ខាងទៀតដើម្បីយកបន្លែទៅលក់នៅឯភូមិម្ខាងឯណោះ ពេលដែលកូនហ្នឹងត្រឡប់មកវិញ ឪពុក សែម ប៊ុន ហ្នឹង បានយកទូកឆ្លងទៅតាមក្រោយប្រពន្ធហ្នឹងមួយជើងនេះឯង ប្រពន្ធដើរផុតពីមាត់ព្រែកហ្នឹងទៅ ប្រហែលជា ៤០០ម៉ែត្រ វាហៅឲ្យឈប់ ដល់វាហៅឲ្យឈប់ ប្រពន្ធក៏ឈប់ ឈប់ហើយ វាចាប់អារកតែម្ដងទៅ អារកម្ដាយមុនហើយ បានមកអារកកូនក្រោយ យកមកបោះចោលនៅព្រៃឆ្លូងតែម្ដង»។
សូមជម្រាបថា មុននេះបុរសជាប្តីដែលសម្លាប់កូននិងប្រពន្ធរបស់ខ្លួន បាននិយាយពង្វាងថា ការដែលប្រពន្ធនិងកូនរបស់គាត់ត្រូវគេសម្លាប់ ដោយសារតែការចោទថា ប្រពន្ធរបស់គាត់បានជាប់ទាក់ទងនឹងអំពើអាបធ្មប់ ប៉ុន្តែនៅក្នុងចម្លើយសារភាព ឈ្មោះ សែម ប៊ុន បាននិយាយថា ដោយសារតែគាត់មិនចង់ឲ្យប្រពន្ធដើរនិយាយអំពីរឿងហេតុអាស្រូវមួយដែលគាត់បានចាប់កូនស្រីឯងរំលោភ ទើបបានសម្លាប់អ្នកទាំង២ចោល។
តុលាការនៅមិនទាន់ធ្វើសវនាការកាត់ទោសចុងក្រោយចំពោះឈ្មោះ សែម ប៊ុន នោះ នៅឡើយទេដោយសារតែឈ្មោះនេះ ទើបតែបានសារភាពកាលពីព្រឹកមិញ៕
