នាយស្នងការប៉ូលិសខេត្តក្រចេះ គឺលោក ជួង ស៊ាងហាក់ បានជម្រាបថា ឈ្មោះ សែម ប៊ុន អាយុ ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋានប៉ូលិស បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់កូនស្រីបង្កើតប្រាប់ប៉ូលិសថា ឪពុកនាងបានប្រាប់នាងថា ម្ដាយនាងនិងប្អូននាងគឺគាត់ជាអ្នកសម្លាប់។
លោក ជួង ស៊ាងហាក់ មានប្រសាសន៍ដូច្នេះថា ៖ «កូនស្រីនោះហើយដែលបានបញ្ជាក់ប្រាប់សមត្ថកិច្ចនគរបាលថា ក្រោយមួយថ្ងៃនៃការបាត់ខ្លួនរបស់ម្ដាយនិងប្អូនរបស់គេ ឪពុករបស់គេនេះ បានមកបញ្ជាក់ប្រាប់ថា អញសម្លាប់ម៉ែអ្ងែង ហើយប្អូនអ្ងែង។ នេះជាចម្លើយមួយរបស់កូនសាមីខ្លួននៃជនដែលកំពុងតែជាប់សង្ស័យក្នុងអំពើឃាតកម្មហ្នឹង។ កាត់ក្បាលប្រពន្ធនិងកូនចោលបណ្ដែតទឹកនេះ ដើម្បីកុំឲ្យគេស្គាល់ថាជាអ្នកណា»។
ស្នងការខេត្តបានឲ្យដឹងបន្ថែមថា កូនស្រីនោះបានរាយការណ៍ប្រាប់ប៉ូលិសថា ឪពុកនាងគឺ សែម ប៊ុន ក៏បានរំលោភនាងតាំងពីឆ្នាំ២០០៧ មកដែរ ហើយនៅតែបន្តរំលោភរហូតដល់ពេលប៉ូលិសចាប់ខ្លួន ដោយទោះជានាងបានប្រាប់ម្ដាយនាងនិងអ្នកស្រុកក៏គ្មាននរណាជួយនាងបានដែរ។
នាង ប៊ុន សារិន អាយុ ២០ឆ្នាំ បានផ្ដល់សម្ភាសន៍នៅការិយាល័យនគរបាលព្រហ្មទណ្ឌថា នាងពិតជាបានរាយការណ៍ដូច្នោះមែន ៖ «ប៉ាខ្ញុំបាននិយាយប្រាប់ថា អញបានសម្លាប់ម្ដាយនាងហើយនិងប្អូន»។
ឱ ភារិទ្ធ ៖ ចាប់រំលោភនាងដំបូងនៅទីណា?
ប៊ុន សារិន ៖ នៅរោងចម្ការខ្ញុំហ្នឹង គាត់ទៅផ្ដួលខ្ញុំសម្រាតខោសម្រាតអាវ...។
សូមជម្រាបថា មុនមានការចាប់ខ្លួនប្រមាណ ៨ម៉ោង កាលពីថ្ងៃអាទិត្យ សែម ប៊ុន បានផ្ដល់សម្ភាសន៍ថា ប៉ូលិសមិនបានតាមដានរកឃាតករទេ បែរជាមានការសង្ស័យមកលើរូបលោកទៅវិញ។
ស្នងការខេត្ត គឺលោក ជួង ស៊ាងហាក់ បានឲ្យដឹងបន្ថែមថា មកទល់នឹងពេលរសៀលថ្ងៃច័ន្ទ សែម ប៊ុន នៅតែមិនទាន់សារភាពនៅឡើយ ប៉ុន្តែលោកសំអាងទៅលើចម្លើយបំភ្លឺរបស់កូនស្រីដែលថា ថ្ងៃដែលម្ដាយនាងបាត់ខ្លួននោះ សែម ប៊ុន បានកាន់ថង់ដាក់ឌូ គឺដាក់ឧបករណ៍រកត្រីចំនួនពីរ និងកាំបិតផ្គាក់មួយ លុះត្រឡប់មកវិញ បាត់ថង់មួយនិងកាំបិតផ្គាក់ ហើយការសម្លាប់ទាំងកូនថែមទាំងផ្ដាច់ក្បាល គឺជាការបំបាត់ភស្តុតាងដោយកូននោះនៅជាមួយម្ដាយ។ ដូច្នេះលោកអាចសុំពន្យារការស៊ើបអង្កេតពីតុលាការបន្ថែម ២៤ម៉ោងទៀត ប៉ុន្តែករណីអំពើហិង្សាក្នុងគ្រួសារ ដូចជាកូនសម្លាប់ឪពុក ប្ដីសម្លាប់ប្រពន្ធនេះ មាន ៥ករណីមកហើយ ដែលជនសង្ស័យមិនដែលសារភាព ប៉ុន្តែលោកអះអាងថា សែម ប៊ុន អាចប្រឈមមុខនឹងការរំលោភកូនខ្លួនឯងមួយករណីថែមទៀត៕
