ព្រឹត្តិបត្របានសរសេរបង្ហាញថា បញ្ហាដែលអាចធ្វើឲ្យកម្មករមានអារម្មណ៍អស់កម្លាំងខ្លាំងរហូតដល់ដួលសន្លប់នោះរួមមាន ៖ បញ្ហាកម្ដៅ កម្មករអាចបាត់បង់ជាតិទឹក និងហេវហត់អស់កម្លាំងខ្លាំងនៅពេលដែលពួកគេទទួលរងកម្ដៅក្នុងកម្រិតលើសពីការណែនាំដែលគួរមាន។ ការប៉ះពាល់នឹងសារធាតុគីមី ប្រសិនបើកម្មករប៉ះពាល់នឹងសារធាតុសម្រាប់បោកសម្អាត ពួកគេអាចវិលមុខ និងធេងធោង។ ការប៉ះពាល់ខ្លាំងពេកអាចធ្វើឲ្យកម្មករដួលសន្លប់។
បញ្ហាធ្វើការងារថែមម៉ោងច្រើនពេក បញ្ហាអាហារូបត្ថម្ភមិនគ្រប់គ្រាន់ដែលបង្កឲ្យមានភាពស្លេកស្លាំង។ កម្រិតសំឡេង ដោយសារកម្មករមានចំនួនច្រើននៅក្នុងរោងចក្រ។ កន្លែងធ្វើការដែលមិនទាន់មានលក្ខណៈត្រឹមត្រូវ។ បញ្ហាភ្លើងបំភ្លឺមិនគ្រប់គ្រាន់ និងបញ្ហាអនាម័យនៅបរិស្ថានជុំវិញមិនស្អាត អាចបង្កឲ្យមានជំងឺរាករូស។
ខ្វះប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ ការពិគ្រោះយោបល់ជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពរវាងអ្នកគ្រប់គ្រង និងកម្មករមានកម្រិតតិចតួច មានន័យថា ក្នុងប្រព័ន្ធគ្រប់គ្រងអាចខ្វះខាតក្នុងដំណើរការពិគ្រោះយោបល់។ កម្មករមិនមានជំនាញចរចា ឬមិនមានទំនុកចិត្តដើម្បីលើកឡើងពីការកើតទុក្ខមិនសុខចិត្ត និងពីតម្រូវការរបស់ខ្លួន។ វាជាបញ្ហាសំខាន់ណាស់ដែលត្រូវបង្កើតឲ្យមានការជឿទុកចិត្តរវាងកម្មករ និងអ្នកគ្រប់គ្រង ដើម្បីសុខុមាលភាពរបស់កម្មករ និងផលិតភាពប្រសើរឡើងរបស់រោងចក្រ។
ការចេញព្រឹត្តិបត្រស្រាវជ្រាវនេះ នៅបន្ទាប់ពីមានកម្មកររោងចក្រនៅខែត្រកំពង់ឆ្នាំង និងរាជធានីភ្នំពេញ នៅតែមានបញ្ហាដួលសន្លប់ជាបន្តបន្ទាប់ ពិសេសនៅក្នុងខែសីហា កន្លងទៅ និងនៅដើមខែកញ្ញា ឆ្នាំ២០១១។
ទាក់ទងទៅនឹងបញ្ហាដែលអង្គការ ILO បានរកឃើញពីមូលហេតុដែលអាចធ្វើឲ្យកម្មកររោងចក្រដួលសន្លប់នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការពន្យល់បន្ថែមពីនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននៅឡើយទេ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា៕