សិស្ស​ពូកែ​គណិតវិទ្យា​សោក​ស្ដាយ​មិន​បាន​ទៅ​ប្រឡង​កម្រិត​ពិភព​លោក

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​មួយ​ចំនួន​ដែល​ខក​ខាន​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា ចេញ​ទៅ​ប្រកួត​ប្រជែង​លំដាប់​ថ្នាក់​ពិភពលោក។

0:00 / 0:00

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា បាន​រិះគន់​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ដែល​មិន​បាន​បញ្ជូន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា ចេញ​ទៅ​​ប្រកួត​លំដាប់​ថ្នាក់​ពិភព​លោក​នៅ​ឆ្នាំ​២០១១ ថា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​មិន​ទទួល​ខុស​ត្រូវ និង​អសមត្ថភាព រួម​តាំង​មាន​អំពើ​ពុក​រលួយ​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នេះ។

ខ្វះ​លុយ​១​ម៉ឺន​ដុល្លារ?

លោក​បន្ត​ថា គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​ក្រសួង​អប់រំ​ធ្វើ​ជា​លេស​មិន​បញ្ជូន​សិស្ស​ពូកែ​លើ​មុខ​វិជ្ជា​គណិតវិទ្យា​ចេញ​ទៅ​ប្រកួត​យក​ជ័យ​លាភី​លើ​វិញ្ញាសា​នេះ​ទេ ៖ «យើង​ធ្វើ​ហ្នឹង​ជា​រូប​ភាព​មួយ​អាក្រក់ ដែល​ក្រសួង​លុប​ចោល​ហើយ​វា​ជា​ការ​បាត់​នូវ​ទំនាក់​ទំនង​សម្រាប់​អន្តរ​ជាតិ​ជា​មួយ​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​គណិតវិទ្យា។ ហើយ​យើង​មើល​ឃើញ​វា​មិន​មាន​ហេតុផល​លុយ ១​ម៉ឺន​ដុល្លារ​អត់​មាន​ឲ្យ​សិស្ស​ជិះ​យន្ត​ហោះ​ទៅ​ប្រកួត​ប្រជែង​ទេ ក្រសួង​មួយ​ប៉ុណ្ណា​ណី»

បន្ថែម​លើ​នេះ គ្រូ​បង្រៀន​ឯក​ទេស​គណិតវិទ្យា និង​សិស្ស​ពូកែ​គណិតវិទ្យា ត្រៀម​ចេញ​ទៅ​ប្រកួត​លំដាប់​ពិភព​លោក លើ​វិញ្ញាសា​នេះ ក៏​បាន​បង្ហាញ​ពី​ក្ដី​សោក​ស្ដាយ ដែល​ពួក​គេ​ត្រូវ​ខក​ខាន​មិន​បាន​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នា​ពេល​នេះ។

យុវជន ហែម សុធីរ៉ាក់ សិស្ស​ពូកែ​លើ​មុខ​វិជ្ជា​គណិតវិទ្យា មក​ពី​វិទ្យាល័យ​ព្រះ​សីហនុ នា​ខេត្ត​កំពង់ចាម ស្ថិត​ក្នុង​ចំណោម​សិស្ស​ឆ្នើម​ចំនួន ៥​នាក់ ផ្សេង​ទៀត នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា ក្រៅ​ពី​បាន​សម្ដែង​ភាព​សោក​ស្ដាយ ដែល​ក្រសួង​អប់រំ​មិន​បាន​បញ្ជូន​ពួក​គេ​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​ពិភព​លោក​នា​ឆ្នាំ​២០១១ នេះ ពួក​គេ​ក៏​សោក​ស្ដាយ​ផង​ដែរ ដែល​មិន​មាន​ឱកាស​បង្ហាញ​ឲ្យ​ពិភព​​លោក​បាន​ដឹង​ពី​សមត្ថភាព​របស់​យុវជន​កម្ពុជា ក៏​មាន​សមត្ថភាព​ចូល​រួម​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​គណិតវិទ្យា ដូច​ជា​យុវជន​ក្នុង​បណ្ដា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ខ្ពស់​នៅ​លើ​ពិភព​លោក​ដូច​គ្នា​ដែរ។

យុវជន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ត្រៀម​សិក្សា​រយៈ​ពេល​បី​ខែ លើ​មុខ​វិជ្ជា​គណិតវិទ្យា​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ពួក​គេ​ទាំង ៦​នាក់ មាន​ជំនឿ​ចិត្ត​ដូច​ៗ​គ្នា​ថា នឹង​ដណ្ដើម​បាន​ជ័យ​ជម្នះ​នាំ​មក​នូវ​កិត្តិយស​ជូន​ជាតិ ក៏​ដូច​ជា​ភាព​ល្បី​ល្បាញ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ពី​ការ​វិវត្ត​ឈាន​ឡើង​លើ​វិស័យ​សិក្សាធិការ​អប់រំ​របស់​កម្ពុជា។ ប៉ុន្តែ​យុវជន​រូប​នេះ​បាន​ថ្លែង​ថា គួរ​ឲ្យ​សោក​ស្ដាយ សុបិន​ទាំង​អស់​នេះ បាន​រលាយ​សាប​សូន្យ​ទៅ​វិញ។

យុវជន ហែម សុធីរ៉ាក់ ឲ្យ​ដឹង​ដូច្នេះ ៖ «សំណូមពរ​ខ្ញុំ​អត់​មាន​អី​ច្រើន​ទេ សំខាន់​ឲ្យ​តែ​ក្រសួង​ធ្វើ​ម៉េច​ត្រូវ​រៀបចំ​ការ​ប្រឡង​ហ្នឹង​កុំ​ឲ្យ​ខក​ខាន​ទៀត​នៅ​លើ​ក្រោយ។ ពី​ព្រោះ​សិស្ស​បាន​ខំ​ប្រឹង​ប្រែង​រយៈ​ពេល ៣​ខែ អត់​បាន​រៀន​សូត្រ​លើ​មុខ​វិជ្ជា​អី​ទាំង​អស់។ យើង​ខំ​ប្រឹង​ប្រែង​លើ​មុខ​វិជ្ជា​គណិតវិទ្យា ដើម្បី​បញ្ចេញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរ​ជាតិ ព្រោះ​ការ​ប្រឡង​នេះ​គឺ​ជា​ការ​ប្រឡង​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក មាន​ជាង ១០០​ប្រទេស​ចូល​រួម​ប្រកួត»

ចំណែក​លោក រឿង សោភណ្ឌ គ្រូ​ជំនួយ​ការ​បង្រៀន​លើ​មុខ​វិជ្ជា​គណិតវិទ្យា​ជូន​ដល់​សិស្ស​ពូកែ​គណិតវិទ្យា​ទាំង ៦​នាក់ ត្រៀម​ចេញ​​ទៅ​ប្រកួត​នៅ​លើ​ពិភព​លោក ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ដែល​យុវជន​កម្ពុជា​មិន​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ដើម្បី​បង្ហាញ​ពី​សមត្ថភាព​យុវជន​កម្ពុជា​ពេល​នេះ។

លោក រឿង សោភណ្ឌ ដែល​ជា​គ្រូ​បង្រៀន​នៅ​សាលា​ចំណេះ​ទូទៅ​ភ្នំពេញ ឬ​សាលា​ជ័យ​ថាវី​ផង​នោះ បាន​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «ក្មេង​ៗ ទាំង​អស់​ហ្នឹង​ខ្ញុំ​ហ៊ាន​ប្រើ​ពាក្យ​មួយ​ម៉ាត់​ថា ប្រសិន​បើ​យើង​ជម្រុះ​យក​សិស្ស​ជាង ៣​លាន​នាក់​នៅ​ក្នុង​ស្រុក​ខ្មែរ យើង​យក​មក​ជម្រុះ​យ៉ាង​ច្រើន​យើង​ថា បាន​ត្រឹម​១០០​នាក់ ប៉ុន្តែ​១០០​នាក់ យើង​យក​មក​ជម្រុះ​យក​មក​បំប៉ន​បាន​ត្រឹម​ពី ៣​ទៅ ៥-៦​នាក់​ហ្នឹង​ទេ។ ៥-៦​នាក់​ហ្នឹង​យើង​បំប៉ន​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ទេ គឺ​មាន​ព្រឹទ្ធបុរស​រង​មក​ពី​សាកល​វិទ្យាល័យ​ភ្នំពេញ​មួយ​រូប​ទៀត គាត់​ឈ្មោះ សួន សុវណ្ណ។ គាត់​ត្រូវ​បាន​គេ​បញ្ជូន​ពី​សាកល​វិទ្យាល័យ​ភ្នំពេញ​មក​បំប៉ន ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​គ្រូ​ជំនួយ​ទេ»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទំនាក់​ទំនង​ជា​មួយ​លោក អ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ទាំង​នោះ​បដិសេធន៍​មិន​ផ្ដល់​អត្ថាធិប្បាយ។

ជា​មេរៀន​សម្រាប់​ឆ្នាំ​ក្រោយ

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថ្លែង​ថា តាម​អ្វី​លោក​បាន​ដឹង ការ​ខក​ខាន​មិន​បញ្ជូន​សិស្ស​ពូកែ​គណិតវិទ្យា​ចេញ​ប្រកួត​លំដាប់​ពិភព​លោក​នៅ​ឆ្នាំ​នេះ មន្ត្រី​ក្រសួង​អប់រំ​បាន​លើក​ហេតុ​ផល​ថា មិន​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ថ្លៃ​សំបុត្រ​យន្តហោះ និង​ការ​ស្នាក់​នៅ​របស់​សិស្ស​ពូកែ​គណិតវិទ្យា​ទាំង ៦​នាក់​នោះ។ ដោយ​ក្រសួង​អប់រំ​គន់​គូរ​ថា គ្រាន់​តែ​សំបុត្រ​យន្ត​ហោះ​មួយ​ផ្នែក សរុប​អស់​ប្រមាណ ១​ម៉ឺន​ដុល្លារ​ទៅ​ហើយ។ ដូច្នេះ​ក្រសួង​គ្មាន​លទ្ធភាព​ឧបត្ថម្ភ​ជូន​ទេ។ ប៉ុន្តែ​ការ​អះអាង​របស់​មន្ត្រី​ក្រសួង​អប់រំ​នេះ ត្រូវ​បាន​លោក រ៉ុង ឈុន ធ្វើ​ការ​ទិតៀន និង​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​ការ​ស៊ើប​អង្កេត ក៏​ដូច​ជា​ទប់​ស្កាត់​កុំ​ឲ្យ​កើត​មាន​ទង្វើ​ដូច​គ្នា​នេះ​កើត​មាន​ទៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​ទៀត។

គ្រូ​បង្រៀន​ឈ្មោះ រឿង សោភណ្ឌ បាន​ឲ្យ​ដឹង​ថា កម្មវិធី​ប្រឡង​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភព​លោក​ឆ្នាំ​២០១១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា ដោយ​មាន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​មក​ពី​ប្រទេស​ចំនួន​១០៥ ចូលរួម។ ការ​ប្រកួត​នេះ គឺ​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​មេដាយ​​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភព​លោក​សម្រាប់​សិស្ស​ផ្នែក​មធ្យម​សិក្សា៕