មេ​ដឹកនាំ​៥​ប្រទេស​គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា​ស្ដីពី​ការ​នាំ​អង្ករ​ចេញ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នឹង​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​មេ​ដឹកនាំ​តំបន់​ចំនួន ៥​ប្រទេស​ក្នុង​ខែ​វិច្ឆិកា ដើម្បី​ធ្វើ​ការ​ពិភាក្សា​ពី​ការ​នាំ​អង្ករ​ចេញ​ថ្នាក់​តំបន់​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

គម្រោង​របស់​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​កិច្ចប្រជុំ ដែល​មាន​មេ​ដឹកនាំ​មក​ពី​ប្រទេស​កម្ពុជា លាវ ភូមា ថៃ និង​វៀតណាម ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ពី​ផែនការ​នាំ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ ឲ្យ​បាន​ចំនួន​យ៉ាង​តិច​បំផុត ១​លាន​តោន​នៅ​ឆ្នាំ​២០១៥។

លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​មេ​ដឹកនាំ​ប្រទេស​ចំនួន ៤​ដទៃ​ទៀត នឹង​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ និង ១៧ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​ធ្វើ​ផែនការ​នាំ​អង្ករ​ចេញ​ជា​ថ្នាក់​តំបន់​ទៅ​លក់​ទីផ្សារ​អន្តរជាតិ។

កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹកនាំ​មក​ពី​ប្រទេស​កម្ពុជា លាវ ភូមា ថៃ និង​វៀតណាម គឺ​ជា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០១០ របស់​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​មាន​ឈ្មោះ​ហៅ​ថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy សំដៅ​បង្កើត​ផែនការ​សហការ​ផ្នែក​សេដ្ឋកិច្ច ក្នុង​ប្រទេស​កម្ពុជា លាវ ភូមា ថៃ និង​វៀតណាម។

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នេះ មន្ត្រី​ជំនាញ​របស់​ថៃ និង​វៀតណាម ដែល​ជា​ប្រទេស​នាំ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ច្រើន​ក្នុង​ពិភពលោក នឹង​បង្រៀន​កសិករ​កម្ពុជា​ឲ្យ​ចេះ​ស្វែង​រក​ពូជ​ស្រូវ​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ ហើយ​មន្ត្រី​ទាំង​នោះ​នឹង​បណ្ដុះ​បណ្ដាល​ម្ចាស់​រោង​កិន​ស្រូវ​កម្ពុជា​ឲ្យ​ចេះ​ប្រើប្រាស់​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប សម្រាប់​ការ​នាំ​ស្រូវ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

មន្ត្រី​ជំនាញ​កម្ពុជា​ផ្នែក​ខាង​នាំ​អង្ករ​ចេញ និង​មន្ត្រី​កសិកម្ម​ឯករាជ បាន​ស្វាគមន៍​កិច្ច​ប្រជុំ​របស់​មេ​ដឹកនាំ​ប្រទេស​ចំនួន​ប្រាំ​នេះ ដោយ​សង្ឃឹម​ថា ការ​ផ្ដល់​បទ​ពិសោធន៍​អំពី​បញ្ហា​នាំ​អង្ករ​ចេញ នឹង​ជំរុញ​ឲ្យ​កម្ពុជា​អាច​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រែ​ក្លាយ​ប្រទេស​នេះ​ទៅ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​នៅ​ថ្ងៃ​អនាគត។

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​សីហា​បាន​ប្រកាស​ក្នុង​ផែនការ​ផលិត​ស្រូវ និង​នាំ​អង្ករ​ចេញ​របស់​ខ្លួន​ថា កម្ពុជា​នឹង​ផលិត​ស្រូវ​ឲ្យ​លើស​ចំនួន ៤​លាន​តោន និង​ជំរុញ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​បាន ១​លាន​តោន​សម្រាប់​ឆ្នាំ​២០១៥។ លោក ហ៊ុន សែន ក្នុង​ពេល​ប្រកាស​យុទ្ធសាស្ត្រ​នាំ​អង្ករ​ចេញ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​អាច​រំពឹង​ចំណូល​ពី​វិស័យ​កាត់​ដេរ​តែ​មួយ​មុខ​គេ​ទេ ពីព្រោះ​បច្ចុប្បន្ន​នេះ វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​កំពុង​ជួប​ការ​ប្រកួត​ប្រជែង​ខ្លាំង។

លោក ហ៊ុន សែន បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​កម្ពុជា​អាច​លក់​អង្ករ​ទៅ​បរទេស​បាន​ចំនួន ៣​លាន​តោន កម្ពុជា​អាច​រកចំណូល​បាន​ប្រមាណ ២.១០០​លាន​ដុល្លារ ស្មើ​នឹង ២០% នៃ​ផលិត​ផល​ក្នុង​ស្រុក ឬក៏​ស្មើ​នឹង​ចំនួន ៦០០​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​ជាតិ។

នាយក​ក្រុមហ៊ុន​រដ្ឋ​សម្រាប់​នាំ​អង្ករ​ចេញ​ឈ្មោះ ហ្គ្រីន ត្រេដ (Green Trade) លោក ថុន វីរៈ នៅ​ថ្ងៃ​អង្គារ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា តាម​រយៈ​កិច្ចប្រជុំ​របស់​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​ហៅ​កាត់​ថា (Acmecs) លោក​នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍ សម្រាប់​ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ លោក ថុន វីរៈ បន្ថែម​ទៀត​ថា កម្ពុជា​នឹង​យក​បទពិសោធន៍​តាម​ប្រទេស​ថៃ និង​វៀតណាម ដែល​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ទី​ផ្សារ​អន្តរជាតិ​ច្រើន​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត។ ប្រទេស​នានា​ដែល​បាន​នាំ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​ពិភពលោក​នៅ​ឆ្នាំ​២០១០​នេះ សរុប​មាន​រហូត​ទៅ​ដល់ ៣១​លាន​តោន។

របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០៨ កម្ពុជា​អាច​ផលិត​ស្រូវ​បាន ២,៦​តោន​ក្នុង ១​ហិកតារ គឺ​តិច​ជាង​ប្រទេស​ថៃ ដែល​មាន​ទិន្នផល​រហូត​ទៅ​ដល់ ២,៨​តោន ក្នុង ១​ហិកតារ ហើយ​ប្រទេស​វៀតណាម​ទទួល​បាន ៤,៩​តោន​ក្នុង ១​ហិកតារ។ កសិករ​កម្ពុជា​ផលិត​ស្រូវ​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ បើ​ប្រៀបធៀប​នឹង​កសិករ​វៀតណាម គេ​អាច​ធ្វើ​ស្រែ​ចំនួន​បី​ដង​កន្លះ​ក្នុង​មួយ​ឆ្នាំ។

លោក ថុន វីរៈ បន្ត​ទៀត​ថា កម្ពុជា​ពិត​ជា​អាច​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ក្នុង​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន​នៅ​ឆ្នាំ​២០១៥។

របាយការណ៍​របស់​រដ្ឋាភិបាល​បាន​រំពឹង​ថា ផលិតផល​ស្រូវ​សម្រាប់​ឆ្នាំ​២០១០-២០១១ កម្ពុជា​នឹង​អាច​ទទួល​បាន​ចំនួន ៧,៣​លាន​តោន ហើយ​តម្រូវការ​ក្នុង​ស្រុក​ប្រហែល ៣,១៤​លាន​តោន ដូច្នោះ​កម្ពុជា​អាច​សល់​ស្រូវ​រហូត​ទៅ​ដល់​ចំនួន ៣,៣​លាន​តោន។

រដ្ឋាភិបាល​ដើម្បី​សម្រេច​ផែនការ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៥ មាន​គម្រោង​បន្ត​វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​ធារា​សាស្រ្ដ ការ​ប្រើប្រាស់​ទឹក ពូជ ជី​គីមី និង​បច្ចេកទេស​សមស្រប។ រដ្ឋាភិបាល​ក៏​មាន​គម្រោង​ផ្តល់​កម្ចី​ទៅ​ដល់​អ្នក​ផលិត​ស្រូវ និង​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​កែច្នៃ​ស្រូវ និង​ការ​នាំ​អង្ករ​ចេញ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឬ​អង្គការ​សេដាក លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អង្គារ​ថា កិច្ច​សហការ​រវាង​កម្ពុជា លាវ ភូមា ថៃ និង​វៀតណាម នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ប្រាំ​នេះ ក្លាយ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​មួយ​យ៉ាង​សំខាន់​ក្នុង​ពិភពលោក។

លោក យ៉ង សាំងកុមារ បន្ថែម​ទៀត​ថា ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​អង្ករ​នៅ​ឆ្នាំ​២០១៥ នៅ​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ ជា​ពិសេស​ការ​ដាក់​ចេញ​នូវ​ផែនការ​ច្បាស់លាស់ និង​ការ​ផ្ដល់​ធនធាន​មនុស្ស​សម្រាប់​បណ្ដុះ​បណ្ដាល​កសិករ​ខ្មែរ​ឲ្យ​ចេះ​ផលិត​ស្រូវ។ លោក​ថា កម្ពុជា​មាន​សក្ដានុពល​ក្នុង​ការ​នាំ​អង្ករ​ចេញ​ច្រើន​ជាង ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ដោយសារ​កសិករ​ខ្មែរ​នៅ​មិន​ទាន់​ចេះ​បច្ចេកទេស​ធ្វើ​ស្រែ ទិន្នផល​ស្រូវ​នៅ​កម្ពុជា​នៅតែ​មាន​កម្រិត​ទាប។

លោក យ៉ង សាំងកុមារ បន្ត​ទៀត​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​អ្នក​ជំនាញ​ខាង​កសិកម្ម ដើម្បី​ពន្យល់​កសិករ​ខ្មែរ​ពី​របៀប​ធ្វើ​ស្រែ។ ប្រសិន​បើ​កសិករ​ខ្មែរ​មាន​ចំណេះ​ដឹង​អំពី​ការ​ធ្វើ​ស្រែ ពួក​គាត់​នឹង​អាច​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន ដូច្នោះ​តំលៃ​អង្ករ​កម្ពុជា​អាច​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ​បាន។

តួលេខ​របស់​ក្រុមហ៊ុន​រដ្ឋ​សម្រាប់​នាំ​អង្ករ​ចេញ​ឈ្មោះ ហ្គ្រីន ត្រេដ បាន​ឲ្យ​ដឹង​ថា ៦​ខែ ឆ្នាំ​២០១០​នេះ កម្ពុជា​ជា​ផ្លូវការ​បាន​នាំ​អង្ករ​ចេញ​ចំនួន ១០.៦០០​តោន។ រដ្ឋាភិបាល​សង្ឃឹម​ថា ប្រសិន​បើ​កម្ពុជា​អាច​នាំ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៥ ចំនួន ១​លាន​តោន។ សេដ្ឋកិច្ច​កម្ពុជា​នឹង​លូតលាស់ ហើយ​ការ​លូតលាស់​សេដ្ឋកិច្ច​នេះ​នឹង​ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ជនបទ​ចំនួន ៨០% ជា​កសិករ​ឲ្យ​មាន​ប្រាក់​ចំណូល និង​កាត់​បន្ថយ​ភាព​ក្រីក្រ៕