នៅឯទីវត្តកែវសិក្ខាគិរីស្វៈរៈចាប់ពីម៉ោង១០ព្រឹកថ្ងៃអាទិត្យ មេបញ្ជាការយោធាខ្មែរនៃកងពលធំលេខ៣ដែលគ្រប់គ្រងតំបន់ជម្លោះ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក និងមេបញ្ជាការកងពលលេខ៦ស៊ូរ៉ាក់ណារីរបស់ថៃ លោកឧត្តមសេនីយ៍ត្រី កានុកនេត្រៈថៈវេសាណៈ បានជួបជជែកគ្នាជាងមួយម៉ោងជាមួយនឹងការចូលរួមអាហារថ្ងៃត្រង់ជាមួយគ្នាផងដើម្បីស្វែងរកការផ្សះផ្សានិងបញ្ចៀសចេញនូវការប៉ះទង្គិចគ្នាសាជាថ្មី។
មេបញ្ជាការយោធាខ្មែរ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា លោកកំពុងខិតខំជាមួយមេបញ្ជាការយោធាថៃដើម្បីធ្វើឲ្យស្ថានការណ៍វិលត្រឡប់ទៅរកសភាពធម្មតាដូចដើមវិញ ដែលលោកទាមទារកុំឲ្យទាហានថៃចល័តមកចូលក្នុងទឹកដីខ្មែរតទៅទៀត ក៏ប៉ុន្តែបញ្ហាទាំងនោះវាស្ថិតនៅលើភាគីថៃផងដែរ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានបញ្ជាក់ថា ៖ «ឥឡូវយើងខិតខំជាមួយគាត់ដើម្បីរៀបចំឲ្យមកនៅក្នុងស្ថានភាពដើម មិនឲ្យមានបញ្ហាការផ្ទុះអាវុធ ពីព្រោះយើងនៅម្ខាងម្នាក់»។
ទោះយ៉ាងណាមេបញ្ជាការកងពលទី៦ស៊ូរ៉ាក់ណារីរបស់ថៃ លោក កានុកនេត្រៈថៈវេសាណៈ មិនបានអធិប្បាយអ្វីទេចំពោះការតាមសួរពីក្រុមអ្នកកាសែត ក៏ប៉ុន្តែនៅក្នុងកិច្ចប្រជុំលោកបានយល់ព្រមចំពោះការប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានេះដោយថាបញ្ហាទាំងឡាយត្រូវទុកឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរដោះស្រាយ។
តាមកងទាហានខ្មែរឲ្យដឹងថា ស្ថានភាពប្រឈមមុខដាក់គ្នាដោយយោធានៅតំបន់វាលឥន្ទ្រីនិងសំបុកឃ្មុំជិតប្រាសាទព្រះវិហារនៅមានភាពតានតឹងនៅឡើយ។
ពលទាហានម្នាក់របស់កងល្បាតលេខ៤០៤ដែលកំពុងអង្គុយនៅជិតលេណដ្ឋានប្រយុទ្ធបានមានប្រសាសន៍ថា ថៃនៅតែបញ្ជូនកម្លាំងចូលមក ហើយកងទ័ពទាំងសងខាងនៅតែប្រុងប្រយ័ត្នទាំងយប់ទាំងថ្ងៃ ៖ «នៅតែក្បែរណេះ ម៉េចម៉ាអាងតែប្រាស់ខ្លួនចូលដល់ត្រង់សេតែម្ដង។ មានថែម(ទាហាន) មកពីម្សិលមិញ។ ថ្ងៃណេះអត់ទាន់បានស្ដាប់សភាពការណ៍ទេ ដូចរាងស្ងាត់ វាមិនបញ្ជូនមកទៀត។ ពេលយប់គេក៏ប្រយ័ត្ន យើងក៏ប្រយ័ត្ន គេនៅ២០ម៉ែត្រពីយើង ដេកប្រយ័ត្នរហូត»។
មេបញ្ជាការយោធាថៃឲ្យដឹងថា នៅល្ងាចថ្ងៃអាទិត្យនេះរដ្ឋមន្ត្រីក្រសួងការពារជាតិនិងមេទ័ពជើងគោករបស់ថៃបានធ្វើដំណើរទៅប្រទេសកម្ពុជានិងមានគម្រោងចូលជួបជាមួយនឹងប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
តាមកងទាហានខ្មែរបានអះអាងថា ការប៉ះប្រយុទ្ធគ្នារវាងទាហានខ្មែរថៃនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារកាលពីថ្ងៃទី៣ ខែមេសា បណ្តាលឲ្យទាហានថៃ២២នាក់ស្លាប់និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរនៅភូមិខាងក្រោមប្រាសាទជាង២៥០ខ្នងត្រូវឆេះខូចខាតដោយសារគ្រាប់ផ្លោងរបស់កងទាហានថៃនិងតោថ្មមួយរបស់ប្រាសាទព្រះវិហារបានបាក់បែកដោយសារត្រូវគ្រាប់កាំភ្លើង១២,៧របស់កងទាហានថៃផងដែរ៕
