ប្រធានបទនៃកិច្ចប្រជុំមានចំណងជើងថា “ស្វែងយល់ការពិតដើម្បីការពារបូរណភាពទឹកដីខ្មែរ” ត្រូវបានគេរៀបចំឡើងនៅវត្តពុទ្ធរង្សី កាលពីថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០១០នេះ នៅក្នុងខេត្តលីយ៉ុង ដែលស្ថិតនៅចម្ងាយជាង៥០០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងប៉ារីស ប្រទេសបារាំង។
លោក ឈិត សំឡុត អ្នករៀបចំកម្មវិធីមានប្រសាសន៍តាមទូរស័ព្ទឲ្យវិទ្យុអាស៊ីសេរីដឹងអំពីខ្លឹមសារសំខាន់នៃកិច្ចប្រជុំថា ៖ «គោលបំណងនៃកិច្ចប្រជុំរបស់យើងនេះ យើងស្វែងយល់ការពិត។ យើងចង់ដឹងថា តើការពិតនៅប្រទេសកម្ពុជាយើងយ៉ាងម៉េចខ្លះ? ជាពិសេសបញ្ហាបូរណភាពទឹកដី។ យើងមានភ័ព្វសំណាងក៏ថាបាន ព្រោះលោក សម រង្ស៊ី ដែលជាតំណាងរាស្រ្ដមួយរូប បានទៅឃើញប្រជាពលរដ្ឋខ្មែរនៅឯភូមិរំដេញ ទទួលរងគ្រោះ គាត់បានទៅជួយធ្វើជាសាក្សី ហេតុដូច្នេះហើយបានជាយើងអញ្ជើញសាក្សីរស់នេះមកពន្យល់យើងថា តើការពិតវាយ៉ាងម៉េច? ទន្ទឹមនឹងនេះដែរ ក៏យើងមានភ័ព្វសំណាងដែរ ដែលលោក ស៊ាន ប៉េងសែ ជាអ្នកឯកទេសមួយរូប គាត់ជាព្រឹទ្ធាចារ្យស្គាល់ភូមិសាស្រ្ដ ប្រវត្តិសាស្រ្ដនិងបច្ចេកទេសខាងផែនទី គាត់មកពន្យល់យើង ដើម្បីឲ្យយើងមានស្មារតីរួមកម្លាំងគ្នាការពារបូរណភាពទឹកដីយើងបាន លុះត្រាតែយើងបានយល់ច្បាស់ទាំងអស់គ្នា។ ហេតុដូច្នេះហើយ នេះជាគោលបំណងរបស់យើងដែលរៀបចំកិច្ចប្រជុំ»។
អ្នករៀបចំកម្មវិធីប្រជុំដដែលបានឲ្យដឹងបន្ថែមថា មានវាគ្មិនកិត្តិយសពីររូបទៀតដែលបានចូលរួមដែរ គឺលោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប និងលោក សុខ សុផាត ប្រធានគណបក្សសមរង្ស៊ី ប្រចាំប្រទេសបារាំង ក៏បានចូលរួមថ្លែងពន្យល់អំពីបញ្ហាវិបត្តិសង្គមកម្ពុជាជូនភ្ញៀវអ្នកចូលរួមស្តាប់ដែលមានចំនួនទាំងអស់ជាង២០០នាក់។
លោក ឈិត សំឡុត បានឲ្យដឹងដូច្នេះ ៖ «ពុំមែនតែអ្នកទីក្រុងលីយ៉ុង ឬតំបន់ម៉ុងរ៉េអាល់ទេ យើងមានបងប្អូនយើងមកពីប្រទេសអូទ្រីសក៏មកចូលរួមដែរ បងប្អូនយើងមកពីប្រទេសស្វ៊ីស មកពីខេត្តមូលូ ក៏មកចូលរួមដែរ មានបងប្អូនមកពីទូ ម៉ាក្សី ម៉ុងឌីយេនិងមកពីទ័រមកចូលរួមដែរ»។
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពិស្តារស្ដីពីកិច្ចប្រជុំនៅប្រទេសបារាំងនេះ ៖