តំណាងសហគមន៍ទំនាស់ដីធ្លីនេសាទនិងព្រៃឈើឲ្យដឹងថា ម្ចាស់ទូកទេសចរណ៍ឈ្មោះ ចម្ការស្នេហ៍ បានយល់ព្រមជួលទូកឲ្យសហគមន៍ចំនួន៦ម៉ោងក្នុងតម្លៃ២០០ដុល្លារ សម្រាប់ជួបជុំគ្នារៀបចំធ្វើពាក្យបណ្តឹងរួមគ្នាមួយសុំជួបនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបានមុនថ្ងៃបោះឆ្នោតឲ្យលោកជួយដោះស្រាយពីបញ្ហាកង្វល់របស់ជនរងគ្រោះ ២៤ខេត្តក្រុង ដែលទាក់ទងនឹងកិច្ចសម្បទានដីព្រៃនិងឡូត៍នេសាទ ទៅឲ្យក្រុមហ៊ុនច្រើនរយហិកតាដោយមិនបានត្រួតពិនិត្យតំបន់នោះជាមុន ។ ស្រាប់តែការប្រជុំទើបចាប់ផ្តើមម្ចាស់ទូកទេសចរណ៍ឈ្មោះ ចម្ការស្នេហ៍ បានមកបញ្ឈប់ការប្រជុំដោយសំអាងថា ខ្លួនមិនអនុញ្ញតឲ្យមានការប្រជុំក្រៅពីជួលទូកជិះកម្សាន្តឡើយ ៖ «ព្រោះសំខាន់បំផុតគឺចង់ឲ្យសំឡេងរបស់សហគមន៍ហ្នឹងបានឮដល់សម្ដេចឲ្យសម្ដេចលោកយល់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី ដើម្បីជួយរកដំណោះស្រាយតែប៉ុណ្ណឹងទេ» ។
តំណាងម្ចាស់ទូកបានអះអាងថាការផ្អាកនេះមកពីខ្លាចប៉ះពាល់មុខរបរនិងខ្លាចក្រុមសហគមន៍យកវេទិកានោះបម្រើគណបក្សនយោបាយ ។
ជនជាតិចារ៉ាយមកពីខេត្តរតនគិរីឲ្យដឹងថា គាត់មកនេះដើម្បីឲ្យនាយករដ្ឋមន្រ្តីបានដឹងពីវិបត្តិរបស់ជនជាតិក្រោមកិច្ចសម្បទានដីឲ្យក្រុមហ៊ុនបានធ្វើឲ្យក្រុមជនជាតិដើមភាគតិចធ្លាក់ខ្លួនក្រ ។ រីឯជនជាតិកាចក់មកពីភូមិកាក់ ស្រុកអណ្តូងមាស ខេត្តរតនគិរី ឲ្យដឹងថាក្រោយចូលឆ្នាំខ្មែរ មានក្រុមហ៊ុនមួយទៅឈូសបំពានដីសហគមន៍អស់១០០ហិកតា ហើយគាត់ចង់ឲ្យដំណឹងនេះបានទៅដល់នាយករដ្ឋមន្រ្តីឲ្យបានមុនបោះឆ្នោត ។
តំណាងសហគមន៍មកពីខេត្តកំពង់ឆ្នាំងនិងក្រចេះឲ្យដឹងថា រដ្ឋសម្បទានដីនិងព្រៃឈើបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់អ្នកភូមិ ។ អ្នកស្រុកតវ៉ាគ្រប់ច្រកល្ហកតែគ្មានដំណោះស្រាយទើបចង់ជួបនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបានមុនបោះឆ្នោតចង់ដឹងថា ប្រមុខរដ្ឋាភិបាលមានបំណងជួយដោះស្រាយឬគ្មានកុំឲ្យប៉ះពាល់ពីជនរងគ្រោះដីធ្លីតាមរយៈការបោះឆ្នោត ៖ «ប្រជាជនយើងខ្ញុំដែលចង់ចំណាយមួយសន្លឹកនេះដើម្បីសង្ឃឹមថាគាត់ជាឪពុកម្ដាយរបស់ខ្ញុំដ៏ពិត ដ៏សុចរិតយុត្តិធម៌» ។
ក្រោមកិច្ចសម្បទានរបស់រដ្ឋទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នោះត្រូវបានសហគមន៍ជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង អះអាងថា ៖ «អាជ្ញាធរគេប្រកូកប្រកាសថា គេអភិវឌ្ឍឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះមានការងារធ្វើ ប៉ុន្តែមកទល់សព្វថ្ងៃមិនមែនមានការងារធ្វើ បែរជាប្រជាពលរដ្ឋហ្នឹងត្រូវគេបណ្ដេញចេញពីក្រុមហ៊ុនមកវិញ» ។
តំណាងសហគមន៍ទាំងនោះឲ្យដឹងថា ពួកគាត់បានសម្រេចយកលិខិតឯកភាពមួយច្បាប់ដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងកសិកម្ម លេខាធិការដ្ឋានសម្បទានដី សេដ្ឋកិច្ចសង្គម ខុទ្ទកាល័យសម្តេច ហ៊ុន សែន រួចហើយកាលពីព្រឹកថ្ងៃពុធ ហើយគោលបំណងនៅល្ងាចថ្ងៃពុធ បន្តធ្វើពាក្យបណ្តឹងរួមមួយសម្រេចសុំជួបនាយករដ្ឋមន្រ្តីដោយផ្ទាល់ និងប្រគល់ស្នាមមេដៃជនរងគ្រោះដីធ្លីព្រៃឈើតំបន់នេសាទជាង៤ម៉ឺនមេដៃ ដែលបានផ្តិតហើយផ្ញើនៅអង្គការសហប្រជាជាតិការពារសិទ្ធិមនុស្ស និងបន្តផ្តិតទៀតដើម្បីចង់ឲ្យមានការដោះស្រាយ ៕
