អ្នកស្រី ជ័យ ស៊ីយ៉ាត តំណាងបណ្តាញកសិករមកពីខេត្តកំពត បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) ស្តីពីការធ្វើពាណិជ្ជកម្មកសិកម្មថា បញ្ហាដែលកសិករកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះគឺការខ្វះខាតព័ត៌មានអំពីទីផ្សារនិងផលិតផលកសិករនៅខ្វះគុណភាព។
អ្នកស្រី ជ័យ ស៊ីយ៉ាត បានឲ្យដឹងថា ៖ «បញ្ហាចម្បងមួយធំជាងគេ ការកំណត់តម្លៃ អ៊ីចឹងកសិករមិនទាន់មានអំណាចក្នុងការកំណត់តម្លៃផលិតផលរបស់ខ្លួនឯងនៅឡើយ។ កសិករគាត់មិនទាន់យល់ពីកសិកម្មនិងពាណិជ្ជកម្មកសិកម្មហ្នឹង ផលិតផលរបស់កសិករគឺមិនទាន់តាមស្តង់ដារអន្តរជាតិទេ។ ចំណុចមួយទៀតទាក់ទងទៅនឹងកសិករហ្នឹង គឺគាត់កង្វះខាងធនធានទឹក»។
រីឯកសិករម្នាក់ទៀត ឈ្មោះ ជា សុភ័ក្រ្ត បានមានប្រសាសន៍ឲ្យដឹងដែរថា សេចក្តីត្រូវការរបស់ប្រជាកសិករមានជាច្រើនដែលត្រូវឲ្យរដ្ឋាភិបាលជួយនិងដោះស្រាយដើម្បីសម្រួលដល់ការបង្កើនការដាំដុះនិងគុណភាពផលិតផលនោះ។
លោក ជា សុភ័ក្រ្ត បានមានប្រសាសន៍ថា ៖ «គឺយើងសំណូមពរយ៉ាងទទូចចំពោះរាជរដ្ឋាភិបាល សូមលោកយកចិត្តទុកដាក់ទៅលើវិស័យប្រព័ន្ធធារាសាស្រ្ដ ព្រោះអីវិស័យកសិកម្មដែលយើងគិតថាដំណើរការបានល្អ វាស្ថិតនៅលើប្រព័ន្ធធារាសាស្រ្ដស្ថិតទៅលើពូជ ស្ថិតទៅលើបច្ចេកទេស ស្ថិតទៅលើដី ស្ថិតទៅលើឥណទានកសិកម្ម ជួយទប់ស្កាត់នូវការនាំចូលផលិតផលទាំងឡាយណាដែលកសិករយើងនៅក្នុងស្រុកផលិតបាន។ សំណូមពរលោកមេត្តាគាំទ្រដល់ផលិតផលក្នុងស្រុក ទប់ស្កាត់ការនាំចូលផលិតផលណាដែលប៉ះពាល់ដល់សុខភាព»។
រីឯលោកស្រី អ៊ីស្ទើរ ប៉េនូនៀ (Esther Penunia) តំណាងសមាគមកសិករអាស៊ាន បានមានប្រសាសន៍ឲ្យដឹងដែរថា តំណាងសមាគមកសិករអាស៊ានកំពុងតែធ្វើការស្រាវជ្រាវដើម្បីជំរុញនិងលើកកម្ពស់គុណភាពកសិផលខ្មែរ។
លោកស្រី អ៊ីស្ទើរ ប៉េនូនៀ បានមានប្រសាសន៍ថា ៖ "...យើងជួយគាត់តាមរយៈលើកឡើងនូវបញ្ហាក៏ដូចជាបណ្ដុះបណ្ដាលគាត់ផ្នែកបច្ចេកទេសកសិកម្មដែលយើងផ្ដោតទៅលើការធ្វើកសិកម្មតាមបែបសេរីរាង្គ ឬតាមគោលការណ៍ធម្មជាតិ ហើយនិងប្រកបដោយនិរន្តរភាពហ្នឹង តាមរយៈការបណ្ដុះបណ្ដាលគាត់ ហើយនិងនាំគាត់ធ្វើទស្សនកិច្ចសិក្សា ឬក៏ទៅមើលនៅបណ្ដាប្រទេស ឬក៏កសិករនៅប្រទេសផ្សេងៗដែលគាត់មានបទពិសោធន៍ ឬក៏មានជំនាញហ្នឹង សង្ឃឹមថាគាត់នឹងស្វែងយល់ ហើយគាត់នឹងអាចអនុវត្តបាននូវគោលការណ៍ហ្នឹងតាមរយៈការធ្វើកសិកម្មតាមគោលការណ៍ធម្មជាតិប្រកបដោយនិរន្តរភាពហ្នឹង ក៏វាអាចជួយដោះស្រាយឲ្យគាត់ជំរុញផលិតកម្មរបស់គាត់នៅក្នុងស្រុក"។
នៅក្នុងសន្និសីទកាសែតស្តីពីពាណិជ្ជកម្មកសិកម្មនោះក្រុមប្រជាពលរដ្ឋសំណូមពរដល់រដ្ឋាភិបាលនៃប្រទេសអាស៊ានឲ្យគាំទ្រនិងសម្របសម្រួលពាណិជ្ជកម្មកសិកម្មឲ្យមានតុល្យភាពផ្ដល់ជំនួយសម្រាប់ការងារជួយអភិវឌ្ឍន៍កសិកម្មគាំទ្រនូវការតស៊ូមតិរបស់កសិករជាដើម៕
