កិច្ច​ប្រជុំ​ស្តីពី​ការងារ​សមរម្យ​សម្រាប់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ

មន្ត្រី​រដ្ឋាភិបាល​និង​សង្គមស៊ីវិល​បាន​ជួប​ប្រជុំ​គ្នា​រិះរក​គន្លឹះ​ដើម្បី​ទប់ស្កាត់​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ផ្លូវ​ច្បាប់​សម្រាប់​អ្នក​បម្រើ​ការ​នៅ​តាម​ផ្ទះ​ឲ្យ​ទទួល​បាន​សិទ្ធិ​សេរីភាព និង​មិន​មាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ជា​ពិសេស​លុប​បំបាត់​ពលកម្ម​កុមារ​ធ្វើ​ការ​តាម​ផ្ទះ។

0:00 / 0:00

មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​អង្គការ​ពលកម្ម​អន្តរជាតិ រួម​ជាមួយ​អង្គការ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត នៅ​ថ្ងៃ​២៧ វិច្ឆិកា​នេះ នា​ទីក្រុង​ភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ ធ្វើ​ឡើង​ក្នុង​បំណង​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ខណៈ​ពេល​អ្នក​បម្រើ​នៅ​តាម​ផ្ទះ មាន​ការ​រំលោភ​សិទ្ធិ មើល​ងាយ​និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

លោក បៀល សាល់ទ័រ (Bill Salter) នាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៃ​ការិយាល័យ​ប្រចាំ​អនុ​តំបន់​អាស៊ី​ខាង​កើត​នៅ​ទីក្រុង​បាងកក មាន​ប្រសាសន៍​ថា ការងារ​ជា​អ្នក​បម្រើ​ត្រូវតែ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​សមរម្យ​ចំពោះ​ការងារ​របស់​គេ ជាង​នេះ​ទៅ​ទៀត​អ្នក​បម្រើ​តាម​ផ្ទះ​គឺ​ដាច់ខាត​មិន​មែន​ជា​កុមារ​ឡើយ។

លោក បៀល សាល់ទ័រ បន្ត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា មាន​កុមារ​បម្រើ​ការ​នៅ​តាម​ផ្ទះ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​វាយ​ធ្វើ​បាប​លើ​រាង​កាយ កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​យ៉ាង​ធ្ងន់ធ្ងរ រំលោភ​ដល់​សិទ្ធិ​រស់​នៅ​របស់​កុមារ​ដែល​ការពារ​ដោយ​ច្បាប់។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ ដោយ​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​អ្នក​បម្រើ​នៅ​តាម​ផ្ទះ​ភាគ​ច្រើន​បំផុត​នៅ​ទីក្រុង​ភ្នំពេញ គឺ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម បំបិទ​សិទ្ធិ​សេរីភាព និង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​តិចតួច ក្នុង​នោះ​ក៏​មាន​កុមារ​ភាគ​ច្រើន​ផងដែរ។

លោក វង សូត បាន​បញ្ជាក់​ថា ៖ «ការងារ​បម្រើ​នៅ​តាម​ផ្ទះ យើង​មិន​បាន​គ្រប់គ្រង ការ​ជាក់ស្ដែង​ភាគ​ច្រើន​អ្នក​ក្រុង​សុទ្ធ​តែ​មាន​អ្នក​បម្រើ​តាម​ផ្ទះ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​ថ្ងៃ​ក្រោយ​យើង​មាន​ភ្នាក់ងារ​ផ្ដល់​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ផ្នែក​បម្រើ​តាម​ផ្ទះ​នេះ​បាន គឺ​ពិត​ជា​ល្អ​ជាង ហើយ​ត្រូវតែ​មាន​កម្រិត​ថា មិន​អាច​ឲ្យ​អ្នក​ហ្នឹង​យក​ក្មេង​ទៅ​បម្រើ​តាម​ផ្ទះ»

គោល​ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​ចំពោះ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ គឺ​គាំទ្រ​ឲ្យ​មាន​ការ​អនុម័ត​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​អ្នក​ធ្វើ​ការ​តាម​ផ្ទះ ដោយ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​អន្តរជាតិ​គំរូ​មួយ ដែល​រដ្ឋ​ជា​ភាគី​ត្រូវ​អនុវត្ត​តាម ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន​លើ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​និង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​ប្រឈម​របស់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ឲ្យ​បាន​ទូទាំង​ប្រទេស ដើម្បី​កាត់​បន្ថយ​ការ​រំលោភ​បំពាន​ផ្សេងៗ​ដែល​កើត​មាន​ជាយថាហេតុ។

ការ​អង្កេត​ស្តីពី​កុមារ​បម្រើ​ការ​តាម​ផ្ទះ​របស់​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​ឆ្នាំ​២០០៣ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ចំណោម​គ្រួសារ​ចំនួន​៩ មាន​គ្រួសារ​១​បាន​ជួល​មនុស្ស​ម្នាក់​ឲ្យ​បម្រើ​ការងារ​ក្នុង​ផ្ទះ ដែល​មនុស្ស​នោះ​គឺ​ជា​កុមារ។

របាយការណ៍​ដដែល​នេះ​បាន​អះអាង​ថា នៅ​ទីក្រុង​ភ្នំពេញ​មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​១០​នាក់ មាន​អាយុ​៧​ឆ្នាំ​ទៅ​១៧​ឆ្នាំ កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ ឬ​ស្មើ​ចំនួន​២៧.៩៥០​នាក់​ដែល​បាន​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ៕