លោកស្រី មូរ សុខហួរ ដែលបានចូលរួមក្នុងកិច្ចប្រជុំដែរនោះដែរ មានប្រសាសន៍ថា ការពន្យារនោះអាចនឹងធ្វើឡើងវិញនៅថ្ងៃទី២២ មិថុនាខាងមុខ។ លោកស្រី មូរ សុខហួរ ក៏បានបញ្ជាកដែរថា ដូច្នេះកិច្ចប្រជុំលើកក្រោយនេះនឹងអវត្តមានលោកស្រីដោយមានបេសកកម្មទៅក្រៅប្រទេស។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា សុំឲ្យអ្នកតំណាងរាស្រ្តទាំងអស់មុននឹងសម្រេចលើកអភ័យឯកសិទ្ធិសភាលោកស្រីនោះសុំទុកពេលឲ្យលោកស្រីបានបំភ្លឺជុំវិញរឿងហេតុនោះផង។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ៖ «ខ្ញុំជឿជាក់ថាអ្នកតំណាងរាស្ត្រទាំងអស់ សូមឲ្យសម្ដេចប្រធានរដ្ឋសភាមេត្តាឲ្យមានការជជែកឲ្យបានទូលំទូលាយដើម្បីឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតលោកយល់ លោកដឹង បានព័ត៌មានជាក់ស្ដែងថាហេតុផលអីបានជាអ្នកតំណាងរាស្ត្រមួយរូបបានត្រូវគេលើកអភ័យឯកសិទ្ធិ ឬមួយយ៉ាងហោចណាស់ក៏ឲ្យខ្ញុំជាអ្នកត្រូវប្រឈមមុខនៅក្នុងការលើកអភ័យឯកសិទ្ធិរបស់ខ្ញុំមានសិទ្ធិដើម្បីជជែក ហើយខ្ញុំនៅតែមានសង្ឃឹមថាតំណាងរាស្ត្រអ្នកដទៃទៀតក៏ចង់ដឹងស្ដាប់នូវហេតុផលមុននឹងគេបោះឆ្នោតលើកឬមិនលើកអភ័យឯកសិទ្ធិរបស់ខ្ញុំ»។
សូមជម្រាបថា រដ្ឋសភាបានគ្រោងប្រជុំលើកអភ័យឯកសិទ្ធិ លោកស្រី មូរ សុខហួរ នៅថ្ងៃ១៩ ខែមិថុនា ដើម្បីឲ្យតុលាការធ្វើការចោទសួរពីបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តឹងចោទលោកស្រីពីបទបរិហារកេរ្តិ៍ក្រោយពីលោកស្រីបានធ្វើសន្និសីទកាសែតមួយក្នុងគម្រោងការប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងនៅខេត្តកំពតកាលពីពេលកន្លងទៅអំពីបទបរិហារកេរ្តិ៍ដែរនោះ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍បន្តថា ៖ «សម្ដេចនាយកលោកបានប្រកាសហើយលោកបានទទួលស្គាល់ថា លោកមានប្រសាសន៍មែនហើយ។ លោកសារភាពតើ! គ្រាន់តែលោកមិនបានដាក់ឈ្មោះ ប៉ុន្តែបើយើងដាក់ធាតុផ្សំមកទាំងអស់ ព្រមទាំងសម្ដេចលោកថា លោកចង់ធ្វើការណែនាំស្ត្រីមួយរូបនោះ បើយើងយកធាតុផ្សំហ្នឹងទាំងអស់គឺរូបខ្ញុំ។ ដូច្នេះសម្ដេចលោកមានប្រសាសន៍ផង ហើយដល់ពេលធ្វើចម្លើយឆ្លើយទៅព្រះរាជអាជ្ញារង លោកបានមានប្រសាសន៍ទៀតថា លោកបានមានប្រសាសន៍មែន។ ដូច្នេះ១ហើយនិង១បូកមកវាចេញជា២ តើតុលាការនៅចាំអ្វីទៀត? រឿងខ្ញុំជាក់ស្ដែងទាំងអស់ ទុករឿងខ្ញុំអត់ចាត់ការ។ នេះថា តុលាការនេះ ជញ្ចីងតុលាការនេះផ្អៀងទៅខាងណា? គឺផ្អៀងទៅសម្ដេចនាយករដ្ឋមន្ត្រី»។
កាលពីពេលថ្មីៗនេះទាំងសហគមន៍ជាតិនិងអន្តរជាតិបានសម្តែងប្រតិកម្មថា គម្រោងការលើកអភ័យឯកសិទ្ធិសភារបស់លោកស្រី មូរ សុខហួរ នេះ គឺជាផ្នែកមួយនៃការគំរាមកំហែងរបស់បក្សកាន់អំណាចចំពោះអ្នកប្រឆាំងនោះ៕