ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) និងជាប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ មានប្រសាសន៍ក្រោយជំនួបជាមួយភាគីតំណាងសមាគមរោងចក្រកាត់ដេរថា តំណាងសមាគមរោងចក្រមិនអាចយល់ព្រមលើការទាមទារដំឡើងប្រាក់ខែគោលតាមការទាមទារបានទេ ពីព្រោះក្រុមប្រឹក្សាការងារបានសម្រេចគោលការណ៍រួចហើយ។
លោក អាត់ ធន់ មានប្រសាសន៍ដូច្នេះ ៖ «ប្រាក់ដែលយើងទាមទារថ្លៃឈ្នួលអប្បបរមា ប៉ុន្តែគេលើកឡើងអាចជាប្រាក់ទ្រទ្រង់សុខភាព ឬជីវភាពអ៊ីចឹងវិញ»។
ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា (NIFTUC) លោកស្រី ម៉ម ញឹម មានប្រសាសន៍ថា ខាងសហជីពបានទាមទារបួនចំណុចពីសមាគមរោងចក្រកាត់ដេរ គឺទីមួយ ដំឡើងប្រាក់ខែគោលអប្បបរមាពី ៧៥ ទៅ ៩៣ដុល្លារ ទីពីរ ប្រាក់ថ្លៃអាហារពេលថែមម៉ោង ទីបីប្រាក់ឧបត្ថម្ភសម្រាប់សុខភាព និងទីបួនសុំឱ្យមានការពិនិត្យឡើងវិញរៀងរាល់មួយឆ្នាំម្ដង។
លោកស្រី ម៉ម ញឹម បន្តថា ការទាមទារដំឡើងប្រាក់ខែគោលពី ៧៥ ទៅ ៩៣ដុល្លារ និងការឱ្យមានការពិនិត្យឡើងវិញរៀងរាល់មួយឆ្នាំម្ដង ខាងសមាគមរោងចក្រកាត់ដេរមិនអាចធ្វើបានទេ ដោយចាត់ទុកថា ការធ្វើដូច្នេះគឺខុសច្បាប់ ហើយចំណុចទី២ និងទី៣ និយាយអំពីការឧបត្ថម្ភថ្លៃអាហារពេលបន្ថែមម៉ោង និងប្រាក់ឧបត្ថម្ភសម្រាប់សុខភាព។
លោកស្រីបញ្ជាក់បន្ថែមថា ៖ «គាត់ស្វាគមន៍ចំណុចទីពីរ និងទីបីក្នុងការជជែកគ្នា ហើយគាត់សុំឱ្យការជជែកគ្នាហ្នឹងនៅខែ១១ ឆ្នាំ២០១០ ដោយសារតែខែ១០ ហ្នឹង ខែដែលចាប់ផ្ដើមអនុវត្តប្រាក់ឈ្នួលអប្បបរមា ដែលដំឡើង ៥ដុល្លារ ហើយបូករួមទាំងលុយទ្រទ្រង់ជីវភាព ៦ដុល្លារ ស្មើនឹង ១១ដុល្លារហ្នឹង គាត់ថា ឱ្យអនុវត្តអាហ្នឹងសិន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីខាងភាគីសមាគមរោងចក្រកាត់ដេរបានទេ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១០។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១០ ក្រុមប្រឹក្សាការងារបានសម្រេចដំឡើងប្រាក់ខែគោលអប្បបរមារបស់កម្មករ ដែលមានស្រាប់ពី ៥០ដុល្លារ ទៅ ៦១ដុល្លារក្នុងមួយខែ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤ ប៉ុន្តែការដំឡើងនេះ ត្រូវសហជីពកម្មករបដិសេធ។
ទាំងលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងលោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា បានកត់សម្គាល់ស្រដៀងគ្នាថា ជំនួបនៅថ្ងៃទី៦ ខែកញ្ញានេះ ជាជំនួបផ្លែផ្កាមួយ ព្រោះតែភាគីបានជួបចរចាគ្នា។ ភាគីទាំងសង្ខាងកំពុងដកឃ្លាមកពិភាក្សាជាមួយសមាជិកខ្លួនរៀងៗខ្លួនមុននឹងកំណត់ពេលជួបចរចាគ្នាម្ដងទៀត៕
