ជំនួប​នៃ​មេ​ដឹកនាំ​ខ្មែរ​-​ថៃ​ដើម្បី​ពិភាក្សា​ពី​ជម្លោះ​ព្រំដែន​មិន​ទាន់​ច្បាស់លាស់

ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ព្រំដែន នៅ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណា បញ្ជាក់​ឲ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង នៅ​ថ្ងៃ​៨ កញ្ញា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់ ថា​តើ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយក​រដ្ឋមន្ត្រី​ថៃ នឹង​អាច​មាន​ជំនួប​ទ្វេភាគី នៅ​ឯ​កិច្ច​ប្រជុំ អាស៊ាន​-​សហរដ្ឋ​អាមេរិក ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ នៅ​ឡើយ​ទេ។

លោក កុយ គួង មាន​ប្រសាសន៍​បន្ត​ទៀត​ថា លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ អាស៊ាន​-​សហរដ្ឋ​អាមេរិក ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា នៅ​ទីក្រុង​​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ចំពោះ​លោក ហ៊ុន សែន និង​សម​ភាគី​របស់​លោក គឺ​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ នៅ​មិន​ទាន់​មាន​គម្រោង​ជួប​គ្នា​នៅ​ឡើយ​ទេ។ កាល​ពី​ដើម​ខែ​កញ្ញា មន្ត្រី​កម្ពុជា និង​ថៃ បាន​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​ទាំង​ពីរ​នេះ​នឹង​អាច​ជួប​គ្នា​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​-​សហរដ្ឋ​អាមេរិក ហើយ​នឹង​អាច​ជួប​គ្នា​ម្ដង​ទៀត​នៅ​ឯ​ក្នុង​កិច្ច​ប្រជុំ​អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង​ប្រូស៊ែល ប្រទេស​ប៊ែលហ្ស៊ិក នៅ​ថ្ងៃ​ទី​៤ និង ៥ ខែ​តុលា។

កាសែត​ថៃ ឌឹនេសិន (The Nation) នៅ​ថ្ងៃ​ពុធ ទី​៩ កញ្ញា បាន​ដក​ស្រង់​សម្ដី​របស់​អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន (Surin Pitsuwan) ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ថៃ កំពុង​ធ្វើ​ការ​រៀបចំ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​មួយ សម្រាប់​លោក ហ៊ុន សែន និង​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ នៅ​ក្នុង​កិច្ច​ប្រជុំ អាស៊ាន​-​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ កញ្ញា។ លោក ស៊ូរិន ពិតស៊ូវ៉ាន បន្ថែម​ថា កិច្ច​ប្រជុំ​ទ្វេ​ភាគី​នេះ​ជា​កិច្ច​ប្រជុំ​សាមញ្ញ និង​ជា​មិត្តភាព ដោយ​សំដៅ​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​តែ​មួយ​ប៉ុណ្ណោះ ដោយ​មិន​ពិភាក្សា​លើ​បញ្ហា​ជម្លោះ​នោះ​ទេ៕