រដ្ឋាភិបាល​ធ្វើ​អនុក្រឹត្យ​ស្ដី​ពី​ការ​បង្កើត​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ

គណៈកម្មការ​អភិរក្ស​ត្រី​ផ្សោត​ទន្លេ​មេគង្គ កំពុង​ដំណើរការ​ឲ្យ​មាន​អនុក្រឹត្យ​ស្ដី​ពី​ការ​បង្កើត​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ។

សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ បាន​ឆ្លង​អន្តរក្រសួង​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ហើយ​នឹង​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ឆាប់ៗ​នេះ។

ប្រធាន​គណៈកម្មការ​អភិរក្ស​ត្រី​ផ្សោត​ទន្លេ​មេគង្គ លោក ទូច សៀងតាណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៩ កុម្ភៈ​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី​ការ​បង្កើត​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នេះ បាន​ឆ្លង​កាត់​ការ​ពិភាក្សា​យ៉ាង​ម៉ត់ចត់ និង​ទៅ​ឆ្លង​អន្តរ​ក្រសួង​រួច​ហើយ នៅ​តែ​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទៀត​ប៉ុណ្ណោះ ដើម្បី​បាន​អនុក្រឹត្យ​មួយ​ដែរ​ល្អ និង​ត្រឹមត្រូវ។

លោក​ថា អនុក្រឹត្យ​នេះ ពុំ​បាន​បិទ​ផ្លូវ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​តំបន់​អភិរក្ស​នោះ​ទេ៖ «សំខាន់​ចំណុច​ទាំង​អស់​នេះ គឺ​យើង​ចង់​បង្ហាញ​អំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ និង​ក៏​ដូច​ជា​ចំពោះ​ប្រជាពលរដ្ឋ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ដែរ។ ២​យ៉ាង​ហ្នឹង​ដែល​យើង​ចង់​បង្ហាញ​ទៅ​លើ​ពិភពលោក​ឲ្យ​គាត់​មើល​ឃើញ​ថា រដ្ឋាភិបាល​គាត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​បញ្ហា​ទាំង​អស់​ហ្នឹង។ ចំណុច​មួយ​ទៀត​ដែរ​ខ្ញុំ​ចង់​បាន​ដែរ គឺ​កិច្ចសហការ​រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ៣​សំខាន់ គឺ​មាន​គណៈកម្មការ​អភិរក្ស​ផ្សោត​មួយ មាន​រដ្ឋបាល​ជលផល​ដែល​ជា​ស្ថាប័ន​ជំនាញ​របស់​ក្រសួង​កសិកម្ម»

លោក ទូច សៀងតាណា បាន​បញ្ជាក់​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ មាន​ចំណុច​សំខាន់​៣ ទី​១ គឺ​មិន​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​មង​ដែល​អាច​បង្ក​ឲ្យ​សត្វ​ផ្សោត​ងាប់​ដល់​ទៅ ៩៥%។ ចំណុច​ទី​២ មិន​ឲ្យ​មាន​ការ​តាំង​ទី​លំនៅ ឬ​ធ្វើ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​តំបន់​អភិរក្ស​ដែល​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​តំបន់​ទេសចរណ៍ ហើយ​ទី​៣ មិន​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​ក្នុង​បែ​នៅ​ក្នុង​តំបន់​អភិរក្ស​នោះ​ទេ។

សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​មាន​កិច្ចសហការ​គ្នា​រវាង​គណៈកម្មការ​អភិរក្ស​ត្រី​ផ្សោត​ទន្លេ​មេគង្គ​រដ្ឋបាល​ជលផល និង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ធ្វើ​ឡើង​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១១។

គណៈកម្មការ​អភិរក្ស​ត្រី​ផ្សោត​ទន្លេ​មេគង្គ បាន​សន្និដ្ឋាន​ថា ត្រី​ផ្សោត​នៅ​ទន្លេ​មេគង្គ​បច្ចុប្បន្ន​មាន​ប្រមាណ​ជិត ២០០​ក្បាល៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។