ពលរដ្ឋ​អ្នក​រក​ស៊ី​របរ​តូច​តាច​ត្អូញត្អែរ​អំពី​ផល​លំបាក​ដោយសារ​ទំនិញ​ឡើង​ថ្លៃ

ប្រជា​ពលរដ្ឋ​ខ្លះ បាន​រអ៊ូ​រទាំ​ពី​មុខ​របរ​លក់​ដូរ​តូច​តាច​នៅ​តាម​ភូមិ តាម​រោងចក្រ លក់​មិន​សូវ​ដាច់​និង​រក​ប្រាក់​ចំណេញ​មក​ទប់​តម្លៃ​ទំនិញ​ដែល​កំពុង​ឡើង​ថ្លៃ មិន​ទាន់។

0:00 / 0:00

ស្រ្តី​លក់​ផ្លែ​ឈើ​និង​គ្រឿងទេស ក្នុង​ភូមិ​ក្រាំងឃ្នង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ឈ្មោះ ទិត្យ ណែម បាន​ឲ្យ​ដឹង​ថា គាត់​មេម៉ាយ​កូន​៣​នាក់។ ក្រោយ​ប្តី​ស្លាប់ គាត់​បាន​ខ្ចី​ប្រាក់​ខ្លះ ពី​ក្រុម​គ្រូ​បង្រៀន មក​ធ្វើ​ដើម​រកស៊ី​ដើម្បី​យក​ប្រាក់​ចំណេញ​មក​ចិញ្ចឹម​កូន និង​សង​ការប្រាក់​គេ​ផង។ ប៉ុន្តែ​ទំនិញ​ឡើង​ថ្លៃ​ខ្លាំង របស់​របរ​គាត់​លក់​នៅ​ថ្លៃ​ដដែល គាត់​មិន​សូវ​បាន​ប្រាក់​ចំណេញ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ទិញ​ជំពាក់​ច្រើន​និង​លក់​មិន​សូវ​ដាច់​ផង គាត់​គ្មាន​ការប្រាក់ បង្វិល​សង​ទៅ​ម្ចាស់​បំណុល​ឡើយ។

ស្ត្រី ទិត្យ ណែម រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ «លក់​អត់​ដែល​ឃើញ​ដើម​ទេ ខ្ញុំ​អត់​ភ​ទេ ដើម ២០​ម៉ឺន នៅ​លុយ​ប្រមាណ ៨​ម៉ឺន ទៅ​ផ្សារ​ព្រឹក​មិញ​ហ្នឹង ខ្ចី​បង​ថែម ២​ម៉ឺន​ផង​បាន​បាន ហើយ​បង​សុទ្ធ​តែ​លុយ​ខ្ចី​រដ្ឋ​ខ្ចី​អី​ដែរ មិន​ហ៊ាន​ខ្ចី​គាត់​យូរ​ទេ។ អត់​ដើម​អ៊ីចឹង ចាំ ២​-៣​ថ្ងៃ ចាំ​ប្រមូល​លុយ​គេ​បាន បាន​ទៅ​ផ្សារ​ម្ដង»

អ្នកស្រី ទិត្យ ណែម ឲ្យ​ដឹង​ថា គាត់​លក់​ក្រូច​ពោធិ៍សាត់ ៣​គីឡូក្រាម ទម្រាំ​ដាច់​អស់​ក្រូច​២០​ផ្លែ គាត់​ត្រូវ​អង្គុយ​លក់​៣​ថ្ងៃ។ អ្នកស្រី​ថា មុន​ទំនិញ​ឡើង​ថ្លៃ របស់​របរ​ស្រួល​លក់​ដូរ​បន្តិច។ ប៉ុន្តែ​ក្រោយ​ពី​ទំនិញ ចេះ​តែ​ឡើង​ថ្លៃ គួប​ផ្សំ​ជីវភាព អ្នក​ភូមិ​ក្រាំងឃ្នង ភាគ​ច្រើន​កំពុង​ខ្វះខាត​ស្បៀង​និង​មាន​ជីវភាព មិន​សូវ​ធូរធារ​ផង អ្នក​ស្រុក​បន្ថយ​ប្រាក់​ទិញ​នំ​ចំណី​សម្រន់។

អ្នកស្រី ទិត្យ ណែម បន្ត​ថា ទំនិញ​អាច​លក់​ដាច់​រាល់​ថ្ងៃ មាន​តែ​ត្រី​ឆ្អើរ សាច់​ជ្រូក​៣​ជាន់ បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​គាត់​អាច​ចំណេញ​បាន ១៥០០​រៀល ទៅ ២០០០​រៀល ៖ «ថ្លឹង​បី​គីឡូ បាន​ក្រូច​២០ មួយ​គីឡូ ១៨០០​រៀល ឬ​ក៏ ២​ពាន់​អី​អ៊ីចឹង ខ្ញុំ​ទិញ​ម្ដង ៣​គីឡូ។ ក្រូច​ក្នុង​មួយ​គីឡូ ខ្ញុំ​ចំណេញ​បាន​មួយ​អី​ហ្នឹង បាន ២០០ ទៅ ៣០០​រៀល​ប៉ុណ្ណឹង»

រីឯ​ស្រ្តី​អ្នក​លក់​ម្ហូប​អាហារ នៅ​តាម​រោងចក្រ​កាត់ដេរ អ្នកស្រី លន់ សេង ឲ្យ​ដឹង​ថា ចាប់​ពី​ទំនិញ​ឡើង​ថ្លៃ កម្មករ​ជា​ច្រើន​បាន​ផ្អាក​ការងារ​មួយ​ចំនួន នាំ​ឲ្យ​របរ​លក់​ម្ហូប​អាហារ​របស់​គាត់ មិន​សូវ​ដាច់ ដូច​មុន​ឡើយ ៖ «កាល​មុន​លក់​ដាច់​ដែរ ដល់​ពេល​ឥឡូវ លក់​អត់​ដាច់​ទេ។ ដូច​ថា ពី​មុន​យើង​លក់ មួយ​ថ្ងៃ​វាល់​ល្ងាច​អ៊ីចឹង បាន ២០​ម៉ឺន​អី ដល់​ពេល​យើង​លក់​ឥឡូវ បាន​តែ ១៣​-១៤​ម៉ឺន​អស់​ហើយ។ យើង​ទិញ​មក​ពី​ណោះ វា​ថ្លៃ យើង​យក​មក​លក់​នេះ​ក៏​ថ្លៃ ដល់​អ៊ីចឹង អ្នក​ទិញ​យើង គ្នា​ទិញ​តិច​តួច ហូប យើង​យក​មក​លក់ មួយ​ថ្ងៃ​វាល់​ល្ងាច​អស់​សាច់​ជ្រូក ១​គីឡូ ២​គីឡូ ហើយ​យើង​ទៅ​រក​អី បាន​ហូប ទាន់​មាត់»

អ្នកស្រី លន់ សេង ឲ្យ​ដឹង​ទៀត​ថា កម្មករ​ផ្អាក​ការងារ​នោះ បណ្តាល​មក​ពី​ក្រោយ​បោះឆ្នោត ទំនិញ​ឡើង​ថ្លៃ​ជាង​មុន។ ឯ​ប្រាក់​ខែ​កម្មករ​នៅ​ដដែល ចាយ​មិន​គ្រាន់។ ទើប​កម្មករ​ខ្លះ គ្មាន​សំបូរ​ប្រាក់​ទិញ​ម្ហូប​អាហារ ក៏​សុំ​ផ្លាស់ប្តូរ​រោងចក្រ។ ទន្ទឹម​នោះ គាត់​ក៏​បាត់​ម៉ូយ​ទិញ​បាយ​សម្ល​ដែរ ៖ «ភាគ​ច្រើន​គេ​ឈប់ គេ​ថា ធ្វើការ​វា​មិន​រួច​តម្លៃ​ពលកម្ម ថ្លៃ​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង ចាយ​វាយ​ក៏​ថ្លៃ ហើយ​ធ្វើការ​ប្រាក់​ខែ​តិច ដល់​ពេល​គិត​សព្វៗ​ទៅ ថា​ធ្វើ​ឲ្យ​តែ​ហត់ អត់​មាន​លុយ​សល់។ ខ្លះ​ទៅ​ផ្ទះ ខ្លះ​ដូរ​រោងចក្រ​ផ្សេង​ទៅ តែ​តាម​មើល​ទៅ ដូចតែ​ដូច​ណា​ដូច​ណា​ដែរ ព្រោះ​ប្រាក់​ខែ​ឡើង វា​មិន​លើស​គ្នា ឡើង​បាន ៤​-៥​ដុល្លារ​ប៉ុណ្ណឹង។ ដូច​យ៉ាង​កូន​ខ្ញុំ​អី ធ្វើការ​ថែម​ម៉ោង ថ្នាក់​៧០​-៨០​ម៉ោង មួយ​ខែៗ បើក​បាន​តែ ៧០​-៨០​ដុល្លារ​ដែរ ដល់​ពេល​ឈឺ ស៊ីរ៉ូម​តែ​មួយ​ប្លោក​ពីរ ហើយ​ឈប់​តែ​មួយ​ថ្ងៃ ២​ថ្ងៃ គេ​កាត់​អស់ ២០​-៣០​ដុល្លារ អ៊ីចឹង​គ្នា​បើក​មក ចាយ​មួយ​ខែ​អត់​គ្រប់​ទេ»

អ្នកស្រី លន់ សេង បន្ត​ទៀត​ថា កូន​គាត់​២​នាក់ បាន​ចូល​ធ្វើ​កម្មករ​ដែរ ប៉ុន្តែ​ប្រាក់​ខែ​កូន គួប​ផ្សំ​ប្រាក់​គាត់​លក់​ចំណេញ សន្សំ​ទុក​ទាំង​ប៉ុន្មាន បាន​យក​មក​ចាយ​ត្រឹម​ឲ្យ​ឈ្នួល​ឡាន ជិះ​ទៅ​បោះឆ្នោត នៅ​ឯ​ខេត្ត​ព្រៃវែង។ ដោយ​មូលហេតុ​នេះ នៅ​ពេល​ភ្ជុំ​បិណ្ឌ​ខាង​មុខ គាត់​មិន​បាន​ទៅ​លេង​ស្រុក​កំណើត​ទេ​ដោយ​របរ​លក់​បាយ ក្រោយ​ពី​ត្រឡប់​មក​ពី​បោះឆ្នោត​វិញ លក់​មិន​សូវ​ដាច់។ ឯ​ប្រាក់​សន្សំ​ទុក ក៏​ចាយ​អស់​ទៅ​ទៀត។ ហើយ​កូនៗ មិន​ទាន់​រក​ការងារ​រោងចក្រ​ថ្មី បាន​ធ្វើ​នៅ​ឡើយ​ទេ។

អ្នកស្រី លន់ សេង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សោហ៊ុយ​ទៅ​មក ទាំង​ចាយ​វាយ​អស់​ប្រហែល​ជា ៥០​ម៉ឺន ទៅ​៤​នាក់ ២​-៣​ថ្ងៃ មក​វិញ​ហ្នឹង។ ធម្មតា​យើង​ទៅ មិនមែន​ចាយ​តែ​សោហ៊ុយ​ឡាន​មួយ​មុខ​ទេ យើង​អាច​ទិញ​សម្ភារៈ​អី​ផ្ញើ​ម៉ែ​ឪ បង​ប្អូន នៅ​ផ្ទះ ជួប​ជុំ​មិត្ត​ភក្ដិ​អី​ទៅ ធម្មតា​យើង​នៅ​ឆ្ងាយ យូរៗ​ទៅ​ផ្ទះ​ម្ដង អ្នក​ណា​អង្គុយ​អត់​ស្ងៀម​ម៉េច»

អាជ្ញាធរ​ភូមិ​ក្រាំងឃ្នង ឃុំ​ស្រង់ លោក អ៊ុក ណាត មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មួយ​ចំនួន​កំពុង​ខ្វះ​ខាត​ស្រូវ​អង្ករ។ អ្នក​មាន​របស់​របរ​បាន​ដោះដូរ​លក់ ឬ​បញ្ចាំ។ ឯ​អ្នក​ខ្លះ ក៏​បាន​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា មក​ដោះស្រាយ​បញ្ហា​ជីវភាព​ដើម្បី​ទប់ទល់​ទំនិញ​ឡើង​ថ្លៃ ពិសេស​ជី​គីមី ឡើង​ថ្លៃ​ខ្លាំង ក្នុង​ពេល​ចាប់​ផ្តើម​ធ្វើ​ស្រែ​នេះ។

លោក អ៊ុក ណាត ឲ្យ​ដឹង​ទៀត​ថា ភូមិ​នេះ​មាន​ស្រ្តី​មេម៉ាយ ២៣​នាក់ ទី​ទ័ល​ក្រ​មួយ​ចំនួន​ប្រឹង​រកស៊ី ខ្ចី​ប្រាក់​គេ មក​ធ្វើ​ដើម​ទុន។ លោក​បន្ត​ថា មិន​ថា គ្រួសារ​ស្រ្តី​មេម៉ាយ​ទេ​ដែល​ខ្វះខាត។ សូម្បី​តែ​គ្រួសារ​គាត់ ក៏​គ្មាន​ថវិកា​ដោះស្រាយ​ជីវភាព ឲ្យ​បាន​គ្រប់​១​ឆ្នាំ​ដែរ ដោយសារ​ដី​ស្រែ​មាន​តិច ឯ​មនុស្ស​កើន​ឡើង​ច្រើន តាម​គ្រួសារ​មួយៗ។ ម្ល៉ោះ​ហើយ វិធី​ដោះស្រាយ មាន​តែ​បញ្ជូន​កូន ទៅ​ធ្វើ​កម្មករ​រោងចក្រ។ បើ​អត់​លុយ មាន​តែ​យក​ប័ណ្ណ​ដី ឬ​របស់​របរ​ទៅ​បញ្ចាំ​ធនាគារ​អេស៊ីលីដា។

គាត់​ថា កូន​គាត់​៤​នាក់ ចេញ​ទៅ​ធ្វើ​កម្មករ​រោងចក្រ​ឯ​ភ្នំពេញ។ ១​ខែ​បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ ៨០​ដុល្លារ។ គាត់​យក​ទៅ​សង​ការប្រាក់ ធនាគារ​អេស៊ីលីដា​ផង និង​ចាត់ចែង​ទិញ​ម្ហូប​អាហារ​ផង។

លោក​ថា ការប្រាក់​ធនាគារ​អេស៊ីលីដា តឹង​តែង រួមទាំង​ទំនិញ​ឡើង​ថ្លៃ​ផង ពិសេស​ជីរ​បាច​ស្រូវ ឡើង​ថ្លៃ​ហួស​ប្រមាណ​នាំ​ឲ្យ​អ្នកស្រុក​ខ្លះ រត់​រក​អាជ្ញាធរ​ជួយ​ដោះស្រាយ។ គាត់​ពុំ​មាន​លទ្ធភាព​ដោះស្រាយ ប៉ុន្តែ​រង់ចាំ​មើល ការ​គោរព​តាម​សន្យា​របស់​គណបក្ស​នយោបាយ ដែល​បាន​សន្យា​មុន​បោះឆ្នោត​ថា​បាន​ជួយ​លើក​តម្កើង​ជីវភាព​កសិករ ក្រែង​គេ​អាច​ជួយ​បន្ថោក​តម្លៃ​ជី​គីមី។

លោក អ៊ុក ណាត មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ដាច់​ស្បៀង​មិន​ដឹង​ទៅ​រក​ឯណា បើ​ដាច់​ខ្លួន​ឯង​ដែរ ហើយ​បើ​បង​ប្អូន​មក​រក​ខ្ញុំ ខ្ញុំ​មាន​អី បើ​ខ្ញុំ​អត់​ដែរ បើ​ខ្ញុំ​មាន ខ្ញុំ​ចេះ​តែ​ផ្ដល់​ឲ្យ»

តំណាងរាស្រ្ត​ខេត្ត​កំពង់ស្ពឺ លោក នុត រំដួល មាន​ប្រសាសន៍​ថា ការបោះឆ្នោត​សភា​លើ​ទី​៤ គណបក្ស​សម​រង្ស៊ី ត្រូវ​បាន​គេ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ប៉ុន្តែ​គណបក្ស​សមរង្ស៊ី នៅ​តែ​បន្ត​ជួយ​ទ្រទ្រង់​ជីវភាព​ស្រ្តី​មេម៉ាយ ចាស់​ជរា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នាំ​ចូល បង្កើន​តម្លៃ​ទំនិញ ក្នុង​ស្រុក​ជួយ​លើក​តម្កើង​ជីវភាព​កសិករ ដែល​ខំ​ផលិត​កសិកម្ម លក់​ស្រូវ ឲ្យ​បាន​ថ្លៃ។

លោក នុត រំដួល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​សព្វថ្ងៃ ខ្ញុំ​នៅ​តែ​ជួយ​ព្យាបាល​ជំងឺ ប្រជា​ពលរដ្ឋ ដែល​គាត់​ពឹង​ពាក់​ខ្ញុំ ទៅ​ពេទ្យ​ខ្ញុំ​ចេញ​លុយ​សព្វគ្រប់ ខ្ញុំ​នៅ​តែ​ជួយ​គាត់​ដូច​ពី​មុន​ដដែល ប៉ុន្តែ​គ្រាន់​តែ​មាន​ការសោក​ស្ដាយ​បន្តិច គណបក្ស​សមរង្ស៊ី មិន​បាន​ទទួល​លទ្ធផល​ល្អ មាន​ការលួច​បន្លំ​សន្លឹក​ឆ្នោត​ច្រើន​ហួសហេតុ​ពេក»

សូម​ជម្រាប​ថា នៅ​ថ្ងៃ​នេះ តម្លៃ​ប្រេង​សាំង​តាម​ស្ថានីយ​នានា ក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​ថ្លៃ ក្នុង១​លីត្រ ១០០​រៀល​វិញ​ហើយ គឺ​ចុះ​ថ្លៃ ពី​៥៧៥០​រៀល ក្នុង​១​លីត្រ មក ៥៦៥០​រៀល។ ប៉ុន្តែ​តម្លៃ​ជី​គីមី​ត្រូវ​បាន​កសិករ​គ្រប់​ទីកន្លែង​រអ៊ូ​ថា បាន​ឡើង​ថ្លៃ​៣​ដង បើ​ប្រៀបធៀប​តម្លៃ​លក់​ជី​គីមី នា​រដូវ​វស្សា​ឆ្នាំ​មុន៕