ស្ត្រីជាពលករចំណាកស្រុកម្នាក់ ឈ្មោះ ស៊ឹង ស៊ីណា អាយុ ៣៥ឆ្នាំ បានស្លាប់នៅក្នុងក្រុមហ៊ុននាំចេញពលករទៅក្រៅប្រទេសមួយ ឈ្មោះ ធី & ភី ខូអិលធីឌី (T & P Co., Ltd.) នៅក្នុងទីក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី៥ ខែមីនា កន្លងមកថ្មីៗនេះ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបណ្ដោះអាសន្នថា ការស្លាប់នេះអាចដោយសារគាំងបេះដូង ប៉ុន្តែកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
ពលករ ស៊ឹង ស៊ីណា មកពីខេត្តកំពង់ចាម ត្រូវបានក្រុមហ៊ុន ធី & ភី បានជ្រើសមកបណ្ដុះបណ្ដាលចំនួន ៤ខែមកហើយ ដើម្បីនាំចេញទៅធ្វើជាពលករនៅប្រទេសក្រៅ។
ម្ដាយរបស់សពស្ត្រីពលកររងគ្រោះ គឺលោកស្រី ភួង រុំ អាយុ ៦៥ឆ្នាំ នៅក្នុងខេត្តកំពង់ចាម ដែលមកពិនិត្យសាកសពកូនស្រីនៅឯក្រុមហ៊ុនបានថ្លែងថា លោកស្រីសោកស្ដាយ កូនរបស់លោកស្រីមិនធ្លាប់មានជំងឺបេះដូងកន្លងមកទេ ៖ «ដឹងអី នៅកន្លែងគេថា ដេកងាប់។ សុំឲ្យយកសពដល់ផ្ទះ សុំលុយធ្វើបុណ្យធ្វើទានឲ្យវា ប៉ុណ្ណឹងទេ»។
បុគ្គលិកក្រុមហ៊ុន ធី & ភី បានព្យាយាមហាមឃាត់មិនឲ្យក្រុមគ្រួសារនិយាយជាមួយអ្នកកាសែត និងបានគំរាមអ្នកកាសែតមិនឲ្យផ្សាយព័ត៌មានអំពីការស្លាប់របស់ស្ត្រីដែលត្រៀមចេញទៅធ្វើជាពលករនៅក្រៅប្រទេសនេះទេ ហើយក៏មិនព្រមឲ្យសម្ភាសជាមួយម្ដាយរបស់ជនរងគ្រោះដែរ។
អនុប្រធានក្រុមហ៊ុន ធី & ភី លោក ឃឹម សុភាព បានមានប្រសាសន៍ដោយខ្លីៗ និងប្រយ័ត្នប្រយែងប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ខ្ញុំបានដឹងតែប៉ុណ្ណឹង បើចង់ដឹងព័ត៌មានលម្អិតអាចទាក់ទងលេខនាយកក្រុមហ៊ុន»។
ភ្នាក់ងារនគរបាលម្នាក់សុំមិនឲ្យប្រាប់ឈ្មោះក្នុងការផ្សាយមានប្រសាសន៍ថា ការស្លាប់នេះ គឺនៅម៉ោង ២ជិតភ្លឺ យប់ថ្ងៃទី៥ ចូលថ្ងៃទី៦ ខែមីនា កន្លងទៅ ៖ «ជីដូនមួយគេបានដាស់នៅពេលក្បាលព្រលប់ថា អ្នកជំងឺហ្នឹងចេះតែចុកទ្រូង។ ដល់ពេលម៉ោង២ គេដាស់នោមទៅ គេដឹងងាប់»។
មន្ត្រីនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ស្រី សាម៉ាឌី ដែលបានមកពិនិត្យសាកសព បានមានប្រសាសន៍ថា លោកកំពុងធ្វើការស៊ើបអង្កេត និងកសាងសំណុំរឿងនេះ។
ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលមកតាមដានសំណុំរឿងនេះដែរ បានមានប្រសាសន៍ថា ៖ «បើសិនជាក្នុងករណីការស្លាប់នេះវាជាការបណ្ដាលមកពីលក្ខខណ្ឌនៃការរស់នៅ ដែលក្រុមហ៊ុនធ្វើឲ្យពលករស្លាប់ ដោយសារតែលក្ខខណ្ឌនៃការរស់នៅ អ៊ីចឹងក្រុមហ៊ុននេះជាក្រុមហ៊ុនមួយដែលអាជ្ញាធរគួរតែបើកការស៊ើបអង្កេតឲ្យបានម៉ត់ចត់»។
សាកសពស្ត្រីពលកររូបនេះ ត្រូវបានក្រុមហ៊ុនដឹកចេញទៅខេត្តកំពង់ចាម ជាស្រុកកំណើត នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១១។
កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ ស្ត្រីពលករម្នាក់ឈ្មោះ ហេង ហាក់ អាយុ ៣១ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានលោតចេញពីអគារក្រុមហ៊ុន ធី & ភី ជាន់ទី៣ បណ្ដាលឲ្យបាក់ជើងទាំង២ ដោយសារតែក្រុមហ៊ុនមិនអនុញ្ញាតឲ្យទៅលេងស្រុកកំណើត ដើម្បីជួបសួរសុខទុក្ខកូនរបស់គាត់រយៈពេលជាង ៥ខែមកហើយ ទោះបីជាបានសុំការអនុញ្ញាតជាច្រើនដងកន្លងមកក្តី។
ក្រុមនគរបាលប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ កំពុងតែស៊ើបអង្កេតសំណុំរឿងនេះ៕
