នៅក្នុងពិធីនោះ ប្រធាននាយកដ្ឋានជំរឿន និងអង្កេតនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ លោក ថី ឃាម ធ្វើបទបង្ហាញនៅថ្ងៃទី៣ កញ្ញា ឲ្យដឹងថា ប្រជាជនរស់នៅរាជធានីភ្នំពេញ កើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
លោកបញ្ជាក់ថា ការកើនឡើងនេះ គឺមានប្រជាជនប្រមាណ ៥០ភាគរយនៃប្រជាជនចំណាកស្រុកសរុប បានចូលទៅរស់នៅក្នុងរាជធានីភ្នំពេញ។
លោក ថី ឃាម ធ្វើបទបង្ហាញទៀតថា ពលរដ្ឋដែលធ្វើចំណាកស្រុកទាំងនោះ មានអាយុចន្លោះពី ១៥-២៩ឆ្នាំ។ ចំពោះលទ្ធផលនៃការស្រាវជ្រាវតាមរយៈមេភូមិចំនួន ៣៧៥ លោកមានប្រសាសន៍ថា លទ្ធផលពីរយ៉ាងដែលពលរដ្ឋចំណាកស្រុកទទួលបាន។ ទីមួយលទ្ធផលវិជ្ជមាន មានន័យថា ពួកគេអាចកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ការទទួលចំណេះដឹងថ្មីៗតាមរយៈបទពិសោធន៍ការងារ ការកើនឡើងផ្នែកវិស័យអប់រំ និងការទទួលបានផ្នែកសេវាសុខល្អប្រសើរជាដើម។
លោក ថី ឃាម៖ «ក៏គាត់បាននិយាយថា នៅពេលគាត់ធ្វើចំណាកស្រុកចេញទៅ ក៏ជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារផងដែរ។ នៅពេលដែលគាត់នៅជុំគ្នាគាត់ចេះតែឈ្លោះទាស់ទែងគ្នា វាអត់ស៊ីអត់អីផង រញ៉េរញ៉ៃ ដល់ពេលចេញទៅភ្នំពេញ ទៅថៃ ទៅអីទៅ ឃើញថាវាមានចំណូលខ្លះមកវិញ ជួយកាត់បន្ថយអំពើហិង្សាហ្នឹងបានមួយចំនួន ក្រោយពេលពួកគាត់ចេញទៅ គាត់បានមានការលើកកម្ពស់នូវសមត្ថភាពរបស់គាត់»។
ចំណែកទីពីរ លោក ថី ឃាម បញ្ជាក់ថា លទ្ធផលអវិជ្ជមាន មានន័យថា ពលរដ្ឋចំណាកស្រុកទាំងនោះចាកចោលកូនៗរបស់ពួកគេ និងទុកឲ្យកូនៗទាំងនោះនៅជាមួយម្ដាយឳពុកចាស់ៗជាអ្នកមើលថែ និងនាំឲ្យខ្វះកម្លាំងពលកម្មក្នុងភូមិស្រុកថយចុះ៖ «អ៊ីចឹងចំពោះគុណវិបត្តិវិញឃើញថា វាមានបញ្ហាផ្នែកខាងរដ្ឋបាល។ ...ក្រោយពេលពួកគាត់ចេញមកទុកក្មេងឲ្យឪពុកម្ដាយចាស់ៗមើលថែកូនរបស់ពួកគេ និងធ្វើឲ្យភូមិគាត់ស្ងាត់ ហើយធ្វើឲ្យបាត់បង់ប្រជាជនក្នុងភូមិ ប៉ុន្តែក្នុងចំណោមមេភូមិ ៤៥ភាគរយគាត់និយាយថា ក្នុងភូមិមានការកម្លាំងពលកម្មទៅវិញ»។
ទាក់ទងនឹងការសិក្សាស្រាវជ្រាវនេះ លោកប្រធាននាយកដ្ឋានជំរឿន និងអង្កេតនៃវិទ្យាស្ថានស្ថិតិក្រសួងផែនការ ក៏បញ្ជាក់ដែរថា ការសិក្សានេះមិនផ្ដោតជាសំខាន់មួយមុខទៅលើផលប៉ះពាល់នៃការធ្វើចំណាកស្រុកនោះឡើយ។ ហេតុនេះរបាយការណ៍មិនបានបង្ហាញច្បាស់លាស់ទេថា តើពលរដ្ឋចំណាកស្រុកប៉ុន្មានភាគរយត្រូវរងផលប៉ះពាល់ពីការរំលោភបំពានផ្សេងៗ ខណៈពេលពេលពួកគេចេញទៅធ្វើការនៅទីប្រជុំជនក្នុងប្រទេស និងក្រៅប្រទេសនោះឡើយ។
ទាក់ទងនឹងបញ្ហាចំណាកស្រុកនេះដែរ អ្នកវិភាគសេដ្ឋកិច្ច លោក លឹម សូវណ្ណារ៉ា លើកឡើងថា គេមិនអាចកាត់បន្ថយការកើនឡើងនៃចំណាកស្រុករបស់ពលរដ្ឋបានទេ ដរាបណារដ្ឋាភិបាលមិនព្រមបង្កើតការងារនៅទីជនបទឲ្យបានច្រើនទេនោះ។
ទោះយ៉ាងណា លោកបញ្ជាក់ថា បញ្ហាចំណាកស្រុករបស់ពលរដ្ឋមិនមែនជាបញ្ហាចោទនោះទេ ព្រោះការកើនឡើងនៃចំណាកស្រុកតែងកើតឡើង ដោយហេតុថា ការរីកចំរើនសេដ្ឋកិច្ចនៃតំបន់នីមួយៗក្នុងប្រទេសវាមិនស្មើគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។