កម្ពុជា​ធ្វើ​សមយុទ្ធ​សង្រ្គោះ​បន្ទាន់​ពេល​យន្តហោះ​ធ្លាក់

នៅ​ព្រឹក​ថ្ងៃ​២ កុម្ភៈ​នេះ រដ្ឋាភិបាល​បាន​ធ្វើ​សមយុទ្ធ​សង្រ្គោះ​បន្ទាន់​មួយ​នៅ​ពេល​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

រដ្ឋាភិបាល​កម្ពុជា​នៅ​ថៃ្ង​អង្គារ​បាន​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​ចម្រុះ​ចំនួន​ជាង ៦០០​នាក់​ដើម្បី​ហ្វឹកហាត់​និង​ធ្វើ​សមយុទ្ធ​ជួយ​សង្រ្គោះ​ជា​បន្ទាន់​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​សិប្បនិម្មិត​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​ពង្រឹង​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​សង្រ្គោះ នៅ​គ្រា​ដែល​មាន​ការ​ធ្លាក់​យន្តហោះ ឬ​ក៏​រង​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម។

កង​កម្លាំង​ចម្រុះ​ទាំង​នោះ​មក​ពី ១៩​អង្គភាព និង ១៨​ក្រុមហ៊ុន សរុប​ចំនួន ៦៣០​នាក់​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម, អង្គភាព​ឆ័ត្រយោង, កងពល ង៧០, អង្គភាព​ពន្លត់​អគ្គីភ័យ, អង្គភាព​គយ, កង​រាជ​អាវុធ​ហត្ថ, អង្គភាព​សង្រ្គោះ​អគ្គីភ័យ, ទ័ព​អាកាស, កង​អង្គរក្ស និង​កង​សន្តិសុខ​ព្រលាន​យន្តហោះ ព្រម​ទាំង​ទ្បាន​ពេទ្យ និង​ទ្បាន​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង បាន​ចូលរួម​ក្នុង​សមយុទ្ធ​ដ៏​ធំ​នោះ។

ទស្សនា​​វីដេអូ​នៅ​វឹបសាយថ៍ YouTube

គេ​បាន​រៀបចំ​ដុត​សំបក​កង់​ទ្បាន​ចាស់ៗ​ជា​ច្រើន និង​បាន​ចាក់​ប្រេង​ដុត​ចំនួន ១​ពាន់​លីត្រ​ដើម្បី​បង្កើត​ជា​អណ្តាត​ភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់ សម្រាប់​ហ្វឹកហាត់​សមយុទ្ធ​ពន្លត់​អគ្គីភ័យ​នោះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ខ្លី។

លោក សុខ អាន ជា​ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ដែល​បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ការ​បើក​សមយុទ្ធ​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​លើក​កម្ពស់​ការ​ហ្វឹកហ្វឺន​នៅ​នឹង​កន្លែង​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព ចាប់​ពី​មេ​បញ្ជាការ​រហូត​ដល់​អ្នក​អនុវត្ត​ទទួល​បាន​នូវ​ជំនាញ​ពិត​ប្រាកដ ជា​ពិសេស​ពង្រឹង​ជំនឿ​ទុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់ និង​លើក​តម្កើង​វិស័យ​អាកាសចរណ៍​កម្ពុជា»

រដ្ឋលេខាធិការ​នៃ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ប្រទេស​កម្ពុជា លោក ម៉ៅហាក់ វ៉ានណាល់ និង​ជា​ទីប្រឹក្សា​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ «ត្រូវ​រៀបចំ​ធ្វើ​សមយុទ្ធ​សង្គ្រោះ​អាសន្ន​ទ្រង់ទ្រាយ​ធំ​នៅ​តាម​បណ្ដា​អាកាសយាន្តដ្ឋាន​យ៉ាង​តិច​រៀងរាល់ ២​ឆ្នាំ​ម្ដង។ ត្រូវ​រៀបចំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច​ក្នុង​មួយ​ឆ្នាំ​ម្ដង។ ត្រូវ​រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធ​លើ​ទឹក​ជា​រៀងរាល់ ៦​ខែ​ម្ដង»

ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ចំនួន ២​លើក​រួច​មក​ហើយ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ នៅ​រៀងរាល់ ២​ឆ្នាំ​ម្តង តាំង​ពី​ឆ្នាំ​២០០៧​មក។

គេ​បាន​ឃើញ​ទ្បាន​ពេទ្យ​និង​ទ្បាន​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​បន្លឺ​សំឡេង​ស៊ីរ៉ែន និង​បាន​ដឹក​អ្នក​រង​គ្រោះ និង​រង​របួស​ជា​ច្រើន​នាក់​បន្ត​កន្ទុយ​គ្នា​នៅ​ក្នុង​យុទ្ធនាការ​ហ្វឹកហ្វាត់​សមយុទ្ធ​នោះ។

ប្រធាន​ក្រុម​ពន្លត់​អគ្គីភ័យ​នៃ​ក្រុមហ៊ុន ខេម លោក ស សុផល ដែល​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​ដោយ​មាន​អាវ​ការពារ​និង​មួក​ការពារ​សុវត្ថិភាព បាន​មាន​ប្រសាសន៍​ថា លោក​ប្រើ​កង​កម្លាំង​ពន្លត់​អគ្គីភ័យ​ចំនួន ១៧​នាក់ និង​ទ្បាន​ពន្លត់​អគ្គីភ័យ​ចំនួន ៤​គ្រឿង។

លោក លឹម ហួន ជា​គ្រូ​ពេទ្យ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​សមយុទ្ធ​នោះ បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​ប្រើប្រាស់​កង​កម្លាំង​ជួយ​សង្រ្គោះ​ចំនួន ៣៧​នាក់ ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ធ្លាក់​យន្តហោះ​ចំនួន ១០០​នាក់ ៖ «តាម​មើល​សភាពការណ៍​ជាក់ស្ដែង​ហ្នឹង​គឺ​អាច​ដោះស្រាយ​បាន»

សុខ សេរី ៖ បើ​សិន​ជា​រឿង​ពិត​តើ​យើង​អាច​ដោះស្រាយ​បាន​អ៊ីចឹង​ទេ? លឹម ហួន ៖ បាទ យើង​អាច​ដោះស្រាយ​បាន។

គេ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​ជា​ច្រើន​លើក​កាល​ពី​ឆ្នាំ​១៩៩៧​មួយ​លើក និង​ឆ្នាំ​២០០៧ ចំនួន​២​លើក នៅ​ក្នុង​នោះ​ការ​ធ្លាក់​យន្តហោះ​កាលពី​ខែ​មិថុនា ឆ្នាំ​២០០៧ នៅ​ភ្នំ​បូកគោ ខេត្ត​កំពត បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២២​នាក់​ស្លាប់​ដោយសារ​អាកាសធាតុ​ភ្លៀង​ខ្លាំង​និង​ខ្យល់​ខ្លាំង៕