មន្ត្រី​យោធា​នៅ​រតនគិរី​ទារ​ប្រាក់​ពី​អ្នក​ភូមិ​ជា​ថ្នូរ​នឹង​ការប្រគល់រ​ណារ​យន្ត?

យ៉ាង​ហោច​ណាស់​អ្នក​ភូមិ​ពីរ​នាក់​រស់នៅ​ឃុំ​ត្រពាំងច្រែស ស្រុក​កូនមុំ អះអាង​ថា ពួក​គាត់​បាន​ប្រគល់​ប្រាក់​ម្នាក់ៗ​ចំនួន​៥០​ម៉ឺនរៀល​ទៅ​ឲ្យ​មេ​បញ្ជាការ​យោធា​ស្រុក​កូនមុំ​ជា​ថ្នូរ​នឹង​ការប្រគល់​រណារ​យន្ត​និង​ឈើ​ដែល​ពួក​គាត់​បាន​ចូល​ព្រៃ​កាប់​ហើយ​ត្រូវ​ក្រុម​យោធា​ចាប់​យក។

0:00 / 0:00

អ្នក​ភូមិ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ពួក​គាត់​ប្រមាណ​៥​នាក់​ខ្លះ​បាន​បង់​ប្រាក់​ហើយ​បាន​ទទួល​ម៉ាស៊ីន​មក​វិញ ហើយ​ខ្លះ​ទៀត​គ្មាន​ប្រាក់​បង់​មិន​ត្រូវ​បាន​ប្រគល់​ម៉ាស៊ីន​វិញ​ទេ ដោយ​មន្ត្រី​យោធា​សំអាង​ថា ប្រាក់​នោះ​ពួក​គេ​យក​ទៅ​ឧបត្ថម្ភ​ទាហាន​ការពារ​ប្រាសាទ​ព្រះវិហារ ៖ «មួយ​ហ្នឹង​យក​៥០​ម៉ឺន គេ​ថា​យក​ទៅ​ឲ្យ​កងទ័ព ទាហាន ទៅ​ព្រះវិហារ​នោះ»

ចំណែក​អ្នក​ភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា​ឲ្យ​ដឹង​ដែរ​ថា ពួក​គាត់​ចូល​ព្រៃ​កាប់​ឈើ​ជា​ប្រការ​ខុស​ច្បាប់ ក៏​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​បង្រ្កាប​ធ្វើ​បាន​តែ​ចំពោះ​អ្នក​ភូមិ​ក្រីក្រ​គ្មាន​ប្រាក់​សំណូក​តែ​ប៉ុណ្ណោះ ៖ «បង់​ឲ្យ​គេ​មែន បង់​ឲ្យ​គេ​ហើយ​អស់​ហើយ សុំ​អង្វរ​គេ​ទម្រាំ​បាន​៥០​ម៉ឺន​រៀល។ នៅ​ស្រុក​ស្រែ​បើ​មិន​អារ​ឈើ​មាន​មុខរបរ​អី គេ​អ្នក​ធំៗ​ចេះតែ​រក​បាន ខ្ញុំ​អ្នក​ស្រែ អ្នក​ក្រីក្រ ខ្ញុំ​រក​មិន​បាន​គេ​ទេ»

ឆ្លើយ​តប​ចំពោះ​សេចក្តី​ចោទ​ប្រកាន់​នេះ​មេ​បញ្ជាការ​យោធា​ស្រុក​កូនមុំ លោក ឡោ សារឹទ្ធ បដិសេច​ថា​មិន​បាន​យក​ប្រាក់​ពី​អ្នក​ភូមិ​ណា​ម្នាក់​ទេ ហើយ​ក៏​មិន​មាន​ពាក់ព័ន្ធ​នឹង​ការរក​ប្រាក់​ទៅ​ឧបត្ថម្ភ​ទាហាន​ការពារ​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ។ លោក​ថា​បាន​ចាប់​រណារ​យន្ត​អ្នក​ភូមិ​មែន ក៏ប៉ុន្តែ​កំពុង​រក្សា​ទុក​ដើម្បី​សុំ​ការសម្រេច​ពី​ថ្នាក់​លើ​លោក​តែ​ប៉ុណ្ណោះ។

លោក ឡោ សារឹទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ប៉ុន្មាន​ដែល​ខ្ញុំ​យក​មក គឺ​នៅ​រក្សា​ដដែល អត់​មាន​បាន​នរណា​មក​ទំនាក់​ទំនង​ខ្ញុំ ឬ​ក៏​បុគ្គល​ណា​មក អត់​មាន​ទាល់​តែ​សោះ ដល់​សួរ​អ៊ីចឹង​ខ្ញុំ​វាក់អ៊ើ​ដែរ»

តាម​ច្បាប់​ព្រៃ​ឈើ​បាន​ហាមឃាត់​ការប្រើប្រាស់​រណារ​យន្ត​អារ​កាត់​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ប្រមុខ​រាជ​រដ្ឋាភិបាល លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០០៦ ក៏​បាន​ចេញ​បទបញ្ជា​ឲ្យ​ប្រមូល​រណារ​យន្ត​កាត់​ឈើ​និង​រឹបអូស​ដុត​បំផ្លាញ​ចោល។

សកម្មជន​ឃ្លាំមើល​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា សមាគម​លោក​ក៏​ទទួល​បាន​របាយការណ៍​ពី​ប្រជាសហគមន៍​ដូច​គ្នា​ស្តីពី​ការបង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​យោធា​ស្រុក។ លោក​ថា ការឃុបឃិត​ណា​មួយ​ដើម្បី​ទទួល​យក​ប្រាក់​ហើយ​ប្រគល់​រណារ​យន្ត​ខុស​ច្បាប់​គឺ​ជា​កំហុស​នាំ​ឲ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​ត្រូវតែ​មាន​ការស៊ើប​អង្កេត​ដើម្បី​រក​ការពិត។

លោក ឆាយ ធី បាន​មាន​ប្រសាសន៍​ថា ៖ «សហគមន៍​គាត់​បញ្ជាក់​ប្រាប់​យើង​ថា ខាង​ក្រុម​យោធា​ហ្នឹង​គាត់​ទៅ​ចាប់ ប៉ុន្តែ​តម្រូវ​ឲ្យ​ពួក​គាត់​ហ្នឹង​បង់​លុយ​ទៅ​រៃ​អង្គាស​ជួយ​ដល់​ខាង​យោធា​ជាយដែន​ប្រាសាទ​ព្រះវិហារ»

មេ​បញ្ជាការ​យោធា​ខេត្ត​រតនគិរី លោក ម៉ុង ថែន មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​គោលការណ៍​ឲ្យ​មន្រ្តី​យោធា​នៅ​តាម​មូលដ្ឋាន​ប្រមូល​ប្រាក់​ពី​អ្នក​ប្រើប្រាស់​រណារ​យន្ត​ខុស​ច្បាប់​ដើម្បី​ឧបត្ថម្ភ​ទាហាន​ការពារ​ប្រាសាទ​ព្រះវិហារ​នោះ​ឡើយ ៖ «ជា​ការងារ​របស់​គេ ចេះ​តែ​ថា ខាង​នេះ​អត់​មាន​គោលការណ៍​បង់​អ៊ីចឹង​ទេ»

របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៧​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ដកហូត​រណារ​យន្ត​បាន​៤៥​គ្រឿង ក៏ប៉ុន្តែ​សមាគម​អាដហុក​ខេត្ត​រតនគិរី​អះអាង​ថា ស្ថិតិ​រណារ​យន្ត​ដែល​មាន​តាម​បណ្តា​ស្រុក​ទាំង​៩​ក្នុង​ខេត្ត​មាន​រហូត​ដល់​១៤៤២​គ្រឿង៕