មន្ត្រី​យោធា​មួយ​រូប​នៅ​រតនគិរី ពាក់ព័ន្ធ​ក្នុង​ការ​រត់​ពន្ធ​ជ័រ​កៅស៊ូ

2008-08-22

មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វរសេនីយ៍​ត្រី​យោធា​ខេត្ត​រតនគិរី លោក វ៉ាន់ ថូ បាន​ធ្វើ​សកម្មភាព​រត់​ពន្ធ​ជ័រ​កៅស៊ូ​ដោយ​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាក​លេខ​រាជការ​និង​បាន​លួច​យក​រថយន្ត​ចេញ​ពី​ស្នងការដ្ឋាន​ប៉ូលិស បន្ទាប់ពី​រថយន្ត​ត្រូវ​បាន​ចាប់​ឃាត់​ទុក​ដើម្បី​ជា​វត្ថុតាង។

អនុប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស លោក នៅ ដារ៉ា មាន​ប្រសាសន៍​ថា ៖ «មើល​ងាយ ចូល​យក ដូច​គ្មាន​ច្បាប់​ទម្លាប់​អី​អ៊ីចឹង។ ខ្ញុំ​បាន​ទៅ​ជួប​មេ​គេ​ហើយ គេ​ថា​ឲ្យ​យក​ឡាន​ហ្នឹង មក​ទុក​នៅ​កន្លែង​ស្នងការ​វិញ ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់»

កាលពី​ថ្ងៃ​ទី​១៥ សីហា ក្រុម​បង្រ្កាប​ចម្រុះ​មាន​នគរបាល​កង​រាជ​អាវុធហត្ថ​និង​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​កៅស៊ូ​តាយ​សេង បាន​ស្ទាក់​ចាប់​បាន​រថយន្ត​ម៉ាក SURF ពណ៌​ក្រហម​ពាក់​ផ្លាក​លេខ​រាជការ​៣១៤៦ ដឹក​ជញ្ជូន​ជ័រ​កៅស៊ូ​បង្កក​ជាង​មួយ​ពាន់​គីឡូក្រាម​នៅ​ចំណុច​ភូមិ​ដង្កាប់ បើក​បរ​ដោយ​មន្ត្រី​យោធា​ខាង​លើ បន្ទាប់​ពី​បាន​ព្យាយាម​បើក​គេច​ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ត្រួត​ពិនិត្យ។ ហើយ​បន្ទាប់​មក រថយន្ត​និង​វត្ថុតាង​ត្រូវ​បាន​ចាប់​នាំ​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​តែ​ពុំ​បាន​ឃាត់​ខ្លួន​មន្ត្រី​យោធា​នោះ​ទេ រហូត​មក​ទល់​នឹង​ថ្ងៃ​ពុធ ទី​២០ សីហា ស្រាប់តែ​មន្ត្រី​យោធា​ចូល​មក​យក​រថយន្ត​ពី​ស្នងការដា្ឋន​ទៅ​ទុក​ឯ​បញ្ជាការ​ដ្ឋាន​យោធា​ខេត្ត ដោយ​ពុំ​មាន​នរណា​ដឹង។

វរសេនីយ៍ត្រី វ៉ាន់ ថូ ទទួល​ស្គាល់​ថា សេចក្តី​រាយការណ៍​ខាង​លើ​គឺ​ជា​ការពិត ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ពី​ហេតុផល​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​ដឹង​ថា​ខុស​ច្បាប់​រួច​ហើយ ក៏​ប៉ុន្តែ​បើ​យើង​មិន​ដោះស្រាយ​មួយ​ដង មួយ​គ្រា តើ​បាន​ស្អី​សម្រាប់​ដោះស្រាយ​ជីវភាព?»

មេបញ្ជាការ​យោធា​ខេត្ត​រតនគិរី លោក ម៉ុង ថែន មាន​ប្រសាសន៍​បញ្ជាក់​ថា វា​ជា​បញ្ហា​បុគ្គល ៖ «មិន​មែន​របស់​អង្គភាព​ទេ ឯកជន​របស់​គេ»

សកម្មភាព​រត់ពន្ធ​ជ័រ​កៅស៊ូ បើ​តាម​ក្រុមហ៊ុន​ចម្ការ​កៅស៊ូតាយសេង ដែល​ទទួល​សិទ្ធិ​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​ខេត្ត​រតនគិរី បញ្ជាក់​ថា កើត​មាន​ពី​ក្រុម​សាមគ្គី​ចម្ការ​កៅស៊ូ​ដែល​ក្រសួង​កសិកម្ម​ផ្តល់​អាទិភាព​ឲ្យ​ចៀរ​ជ័រ​លើ​ចម្ការ​កៅស៊ូ​ប្រមាណ ១៣០០​ហិកតា​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​តាម​គោលការណ៍​វិនិយោគ ក៏​ប៉ុន្តែ​សកម្មភាព​រត់ពន្ធ​កើត​មាន​ច្រើន​ដោយសារ​ក្រុម​សាមគ្គី​បាន​ឃុបឃិត​ជាមួយ​បុគ្គល​និង​មន្រ្តី​កង​កម្លាំង​ប្រដាប់​អាវុធ លួច​ជ័រ​កៅស៊ូ​នាំចេញ​ទៅ​ទីផ្សារ​សេរី ខេត្ត​កំពង់ចាម មាន​តម្លៃ​ខ្ពស់។

នាយក​ក្រុមហ៊ុន​តាយសេង លោក លី ហុងស៊ីន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មាន​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​លើ​ការវិនិយោគ​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី​ទាំង​អស់ ដូច្នេះ​ការរត់​ពន្ធ​នឹង​ធ្វើ​ឲ្យ​បាត់​ប្រាក់​ចំណូល​ប្រមាណ ១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ។

លោក លី ហុងស៊ីន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ពីរ​បី​ខែ​នេះ​រត់​ចេញ​ច្រើន​ណាស់ ដូច្នេះ​សង្ឃឹម​ថា ក្រសួង​កសិកម្ម​នឹង​ចុះ​ទៅ​រំសាយ​ហើយ ឲ្យ​ខាង​ខ្ញុំ បង្កើត​ភូមិ​អាជីវកម្ម... អ៊ីចឹង​ឧបករណ៍​ហ្នឹង​មិន​អាច​ចេញ​ទៅ​ក្រៅ​ទេ»

ក្រសួង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​រួច​ហើយ​កាល​ពី​ចុង​ឆ្នាំ​២០០៧ ឲ្យ​រំសាយ​ក្រុម​សាមគ្គី​ចៀរ​ជ័រ​កៅស៊ូ ហើយ​រៀបចំ​ក្រុម​កម្មករ​ជា​ភូមិ​ផលិត​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន។

បើ​តាម​មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កត់សម្គាល់​ថា សកម្មភាព​រត់​ពន្ធ​ច្រើន​ធ្វើ​ឡើង​ដោយ​ក្រុម​បុគ្គល​ក្នុង​កង​ប្រដាប់​អាវុធ ហើយ​ជា​ញឹកញយ មាន​ការ​ប្រឈម​មុខ​ដោយ​អាវុធ​ជាមួយ​ដាក់​ក្រុម​បង្រ្កាប៕

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន​ក្មេង​១០​នាក់​ដែល​បាន​ចាប់​រំលោភ​នារី​២​នាក់

មន្ត្រី​អាដហុក​នៅ​ស្ទឹងត្រែង​សុំ​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ជុំវិញ​មរណភាព​អ្នក​ភូមិ​ម្នាក់

អំពើ​ហិង្សា​មួយ​ផ្ទុះ​ឡើង​នៅ​ឯ​ទីរួមខេត្ត​រតនគិរី

ប៉ូលិស​ច្រក​ប៉ោយប៉ែត​រង​ការ​ចោទ​ថា ប្រើ​ហិង្សា​លើ​កុមារ

បុរស​ខ្មែរ​រស់​នៅ​អាមេរិក​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​ពី​បទ​ចាក់​សាំង​ដុត​គូ​ដណ្ដឹង

សកម្មជន​បក្ស​សម​រង្ស៊ី​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​ការពារ​សិទ្ធិ​សត្វ​រិះគន់​ចំពោះ​ការ​ជួញដូរ​សត្វ​ស្វា​នៅ​កម្ពុជា

ស្ត្រី​ម្នាក់​និង​កុមារី​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​ជន​ល្មើស​ចាក់​សាំង​ដុត​ទាំង​រស់

ជន​ល្មើស​ស្លៀក​ពាក់​ទាហាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ប្លន់​អ្នក​ស្រុក​នៅ​បន្ទាយមានជ័យ