មន្ត្រី​យោធា ៧​រូប នៅ​ខេត្ត​កោះកុង​ត្រូវ​ប្ដឹង​ពី​បទ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​តួនាទី​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​កោះកុង កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ចោទ​ប្រកាន់​មន្រ្តី​យោធា​ភូមិ​ភាគ​ទី​៣ ចំនួន​៧​រូប ពី​បទ​ថា បាន​កាប់​ទន្រ្ទាន​ព្រៃ​ឈើ​ខុស​ច្បាប់ ជាង ១.០០០​ហិកតារ​នៅ​ក្នុង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង ដើម្បី​រឹប​យក​ដី​រដ្ឋ​ខុស​ច្បាប់។

0:00 / 0:00

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មន្រ្តី​យោធា​ចំនួន ៧​រូប ដែល​កំពុង​រង​ការ​ប្តឹង​នោះ មាន​ឈ្មោះ ទូច ភី, ទូច សុវណ្ណារិទ្ធិ, ឆេង ឆិះ, សូន គឿន, ហួរ ថន, ផាន់ រិន និង ឈ្មោះ កាន់ ណាំង។

លោក ជា ហ៊ាង ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​អង្គារ​នេះ​ថា ៖ «ដែល​ខ្ញុំ​ប្ដឹង​ហ្នឹង គឺ​ពាក់ព័ន្ធ​នឹង​ការ​កាប់​រុក​រាន​ទន្រ្ទាន​យក​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់»

សុខ សេរី ៖ ចំនួន​ប៉ុន្មាន​ហិកតារ​ដែរ? ជា ហ៊ាង ៖ បើ​សរុប​ទាំង​អស់​គ្នា​យ៉ាង​តិច​បំផុត គឺ ១​ពាន់​ហិកតារ​ជាង។ សុខ សេរី ៖ ទន្រ្ទាន​តាំង​ពី​ឆ្នាំ​ណា? ជា ហ៊ាង ៖ ២០០៧ និង ២០០៨។ សុខ សេរី ៖ តើ​ហេតុ​អី​បាន​ជា​លោក​ដឹង តើ​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក ឬ​មួយ​ក៏​យ៉ាង​ម៉េច? ជា ហ៊ាង ៖ ខ្ញុំ​ចុះ​ទៅ​ស៊ើប​អង្កេត​ជាមួយ​បុគ្គលិក​របស់​ខ្ញុំ ឈ្មោះ កែវ យ៉ា គឺ​ក្នុង​នោះ​ក៏​មាន​ព្រះ​រាជ​អាជ្ញា ហួត ហ៊ី ហ្នឹង គាត់​ក៏​បាន​ចុះ​ទៅ​ស៊ើបអង្កេត​ជាមួយ​មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន គឺ​លោក ញ៉ឹល ធន់ ហ្នឹង។

លោក​បាន​មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​កោះកុង​នៅ​មិន​ទាន់​បាន​ចាត់​វិធានការ​ដើម្បី​កោះ​ហៅ​មន្រ្តី​យោធា​ទាំង ៧​រូប​នោះ មក​សាក​សួរ​ជុំវិញ​បណ្ដឹង​របស់​លោក​នៅ​ឡើយ​ទេ។

មិន​អាច​ទាក់​ទង​មន្រ្តី​យោធា​ទាំង​៧​រូប​នៃ​យោធ​ភូមិភាគ​៣ នៅ​ក្នុង​ខេត្ត​កោះកុង បាន​ភ្លាមៗ​ទេ​ដើម្បី​សុំ​សេចក្តី​ប្រតិកម្ម​ជុំវិញ​ការ​ប្តឹង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​លើ​នេះ។

លោក យុទ្ធ ភូថង ជា​អភិបាល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ​ជា​ព្រៃ​ឈើ​អភិរក្ស​និង​ការពារ ហើយ​លោក​នឹង​ចាត់​កម្លាំង​ឲ្យ​ចុះ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​ខាង​លើ​នេះ ៖ «ខ្ញុំ​អត់​ទាន់​ដឹង​ទេ។ ទន្រ្ទាន​យក​មិន​បាន​ទេ ម្ដុំ​ហ្នឹង​ជា​តំបន់​អភិរក្ស​ទេ​តើ»

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​លើ​នេះ មន្រ្តី​មួយ​រូប​នៃ​ក្រសួង​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់​កម្លាំង​មន្រ្តី​បរិស្ថាន​ក្នុង​ខេត្ត​កោះកុង ឲ្យ​ចុះ​ពិនិត្យ​មើល​ជុំវិញ​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់៕