ស្ត្រី​ម្នាក់​នៅ​ស្រុក​ឈូក ខែត្រ​កំពត ចោទ​ថា​ត្រូវ​ក្រុម​យោធា​វាយ

2008-06-23

ស្ត្រី​ម្នាក់​បាន​ចោទ​ក្រុម​យោធា​ថា​បាន​វាយប្រហារ​លើ​រូប​គាត់​ឲ្យ​របួស​ក្រោម​ភ្នែក​ឆ្វេង នៅ​ក្នុង​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​និង​ក្រុម​យោធា​ពីរ​ឡាន នៅ​ក្នុង​ចំណុច​ក្បាលដំរី ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ច័ន្ទ​នេះ ។

អ្នកស្រី សុខ ហេង អាយុ​៣៩​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា​ក្រុម​យោធា​បាន​ស្ទុះ​មក​វាយ​លើ​លោកស្រី ខណៈ​ដែល​គាត់​កំពុងតែ​ដក​ស្លាក​សញ្ញា​ខណ្ឌ​បែងចែក​ដី ដោយ​ធ្វើ​ឲ្យ​បែក​ក្រោម​ភ្នែក​ឆ្វេង​ប្រវែង​បី​ថ្នេរ ។

អ្នកស្រី សុខ ហេង បាន​ឲ្យ​ដឹង​ថា ៖ «ខឹង​ខ្ញុំ​ដក​ស្លាក ខ្ញុំ​ដក​ស្លាក​ដី​ប្រជាពលរដ្ឋ​បង​ប្អូន​យើង​ទាំងអស់​គ្នា​ហ្នឹង​ណា៎ ។ វា​វាស់​លក់​ដូរ»

លោកស្រី​បាន​បន្ថែម​ទៀត​ថា ក្រុម​យោធា​ដែល​មកពី​កងពល​លេខ​៣១ ដែល​ដឹកនាំ​ដោយ លោក អ៊ុក សោភ័ណ ថែម​ទាំង​បាន​គំរាម​ចាប់​អ្នកស្រី​ដាក់​គុក ហើយ​តាម​ចាប់​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ផ្សេង​ទៀត​ផងដែរ ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ុក សោភ័ណ​នោះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោកស្រី សុខ ហេង និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំណុច​ក្បាលដំរី បាន​អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី​នោះ​ផងដែរ បើ​ទោះបី​ជា​ដី​ធ្លី​នោះ​ត្រូវ​បាន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​កំពត លោកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម យក​ទៅ​អភិវឌ្ឍ​ជាម​ណ្ឌល​សម្រាប់​យុទ្ធជន​ពិការ​ក៏ដោយ ។

លោកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា ៖ «ឃើញ​មាន​ការអភិវឌ្ឍ​ហ្នឹង​ជា​ផ្ទះ​ដែល​មាន​ឯកសណ្ឋាន​ហ្នឹង​ជាង​២០០​ផ្ទះ​ហើយ ។ ហើយ​ក្រៅពី​ហ្នឹង​យើង​ឃើញ​ថា គេ​ពង្រីក​រចនាសម្ព័ន្ធ​ហ្នឹង​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន ។ ដោយសារតែ​ការពង្រីក​រចនាសម្ព័ន្ធ​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ហ្នឹង ។ កាលណា​ពង្រីក​ផ្លូវ​ទៅ​ដល់​ណា​គឺ​ប៉ះ​ដី​ប្រជាពលរដ្ឋ​កន្លែង​ណា ត្រូវ​បាន​បណ្ដេញ ត្រូវ​បាន​រុះរើ​អី​អ៊ីចឹង​ទៅ»

លោកស្រី ទ្រី ឈួន ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា អាជ្ញាធរ​ខេត្ត​កំពត​មិន​មាន​លទ្ធភាព​ជួយ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​នៅ​ចំណុច​ក្បាលដំរី ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក រវាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​គ្រួសារ​នោះ ហើយ​ថា​អាជ្ញាធរ​និង​រដ្ឋាភិបាល​មិន​បាន​ជួយ​សង​ជំងឺចិត្ត​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​នោះឡើយ ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពត លោកស្រី ទ្រី ឈួន ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា ចាប់តាំង​ពី​ថ្ងៃ​ទី​៨ មិថុនា​មក ក្រុម​យោធា​រហូត​មក​ទល់​នឹង​ពេល​នេះ​បាន​រុះរើ​លំនៅ​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​១៣៧​ខ្នង ។ ហើយ​ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ទៀត​ថា ពួក​គាត់​មួយចំនួន​កំពុងតែ​ខ្វះ​ទី​ជម្រក​ដោយ​រស់នៅ​ក្រោម​តង់ ខ្វះ​អាហារ និង​ថ្នាំ​សង្កូវ ។

ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​បាន​មក​រាន​ដី​និង​តាំង​ទី​លំនៅ​នៅ​ចំណុច​ក្បាលដំរី តាំងពី​ឆ្នាំ​២០០១​មក ដោយ​អាជ្ញាធរ​បាន​បែងចែក​ដី​ឲ្យ​ពួក​គាត់​ទំហំ​ក្បាល ៥០​ម៉ែត្រ និង​បណ្ដោយ ៣០០​ម៉ែត្រ ហើយ​ក្រោយ​មក​នៅ​ពេល​គេ​យក​ដី​ទៅ​អភិវឌ្ឍ​អាជ្ញាធរ​បាន​ផ្ដល់​ដី​ឲ្យ​ទំហំ​ក្បាល ៣០​ម៉ែត្រ និង​បណ្ដោយ ១០០​ម៉ែត្រ​វិញ តែ​នៅ​ពេល​វាស់វែង​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ត្រឹមតែ​ក្បាល ៣០​ម៉ែត្រ និង​បណ្ដោយ ៥០​ម៉ែត្រ​តែប៉ុណ្ណោះ ៕

អត្ថបទ​ដែល​ទាក់ទង

ខ្ទម​ចាំ​ចម្ការ​របស់​អ្នក​ភូមិ​ប៉ាតាង ខេត្ត​រតនគិរី ត្រូវ​ក្រុមហ៊ុន​ដុត​បំផ្លាញ

ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង

អ្នក​ភូមិ​នៅ​រតនគិរី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានប័ន​ជាតិ​និង​សិទ្ធិ​មនុស្ស

ទំនាស់​ដី​ធ្លី​នៅ​ស្រុក​បាធាយ ខែត្រ​កំពង់ចាម

មនុស្ស​៣​នាក់​ត្រូវ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ខ្លួន​ក្នុង​ករណី​វិវាទ​ដី​ធ្លី

ក្រសួង​ព័ត៌មាន​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ជុំវិញ​បញ្ហា​ទំនាស់​ដី​នៅ​ក្រុង​ព្រះសីហនុ

ពលរដ្ឋ​មួយ​ក្រុម​នៅ​ខែត្រ​កំពត​តវ៉ា​ប្រឆាំង​ការរឹបអូស​យក​ដី​ធ្លី

ព្រៃ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​រតនគិរី​ត្រូវ​គេ​កាប់​ទន្ទ្រាន​យក​ដី

ដី​មន្ទីរ​ព័ត៌មាន​ក្រុង​ព្រះសីហនុ​កំពុង​រង​ការ​ទន្ទ្រាន​យក

លីកាដូ​ផ្ដល់​ជំនួយ​ស្បៀង​ដល់​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​ខែត្រ​កំពត