នៅ​រតនគិរី នាយ​អាវុធហត្ថ​ត្រូវ​បាន​ចោទ​ថា ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ភូមិ

នាយអាវុធហត្ថ​ប្រចាំ​ស្រុក​សៀមបូក លោក ជា សំណាង ហៅ សេង អឿន ត្រូវ​បាន​ស្រ្តី​អ្នកភូមិ​ជាមួយ​គ្នា​ប្ដឹង​ចោទប្រកាន់​ពី​បទ​បង្ករបួសស្នាម​និង​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​ស្ដ្រី​ភេទ ។

0:00 / 0:00

ស្រ្ដី​ឈ្មោះ ពេជ្រ ភីន រស់នៅ​ភូមិ​កោះជ្រឹង ឃុំ​អូរម្រះ មាន​ប្រសាសន៍​បញ្ជាក់​ថា គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​ស្រុក និង​ផ្ដល់​របាយការណ៍​ទៅ​ក្រុម​សិទ្ធិ​មនុស្ស​រួច​ហើយ ដើម្បី​ជួយ​អន្តរាគមន៍​រឿង​នេះ ទៅ​អង្គភាព​កង​រាជអាវុធហត្ថ​ខេត្ត និង​តុលាការ​ដើម្បី​រក​យុត្តិធម៌ និង​ដាក់​ពិន័យ​នាយ​អាវុធហត្ថ ។

ស្ត្រី ពេជ្រ ភីន រៀបរាប់​ដូច្នេះ​ថា ៖ «វាស់​ដី គាត់​អត់​ឲ្យ​វាស់​ទេ វាស់​មាន​រឿង ។ រឿង​វា​យក​បន្លាឫស្សី​គ្រប​ក្បាល​ខ្ញុំ​៣​ដង ពេល​នោះ​វា​ថា បើ​ហងឯង​ថា​ដី​ហង​ឯង​ទៀត រឿង​ឥឡូវ​ហើយ គេ​ថា​អ៊ីចឹង ។ តែ​ខ្ញុំ​ថា ខ្លាច​អី​នឹង​ថា គឺ​ដី​ខ្ញុំ តាអឿន​ឯង​វាស់​ចូល​ដី​ខ្ញុំ ពេល​នៅ​ខ្ញុំ​រុញ​ចូល​ដី វា​ដាក់​ផូង ដាក់​ខ្ញុំ​ចំក្បាល​មួយ​ដៃ ដល់​ពេល​ខ្ញុំ​របូត​ចប​ចេញ​ពី​ដៃ ខ្ញុំ​ងើបឡើង​វា​ដាក់​ខ្ញុំ​មួយ​ដៃ​ទៀត»

មន្រ្តី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា រឿង​ហេតុ​ខាង​លើ កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០០៨ នៅ​ក្នុង​ជម្លោះ​ព្រំដី​រវាង​ស្រ្តី និង​នាយ​អាវុធហត្ថ​ខាងលើ ហើយ​ក្នុង​ជម្លោះ​នោះ សាក្សី​បំភ្លឺ​ថា នាយ​អាវុធហត្ថ​បាន​ដាល់​ស្រ្តី​ចំនួន​ពីរ​ដៃ និង​យក​បន្លា​ឫស្សី​គ្រប​ទៅ​លើ​ក្បាល​ស្រ្តី​នោះ​ទៀតផង ។

សាក្សី​ឃើញ​ហេតុការណ៍​ឈ្មោះ ឈួន ទាន អាយុ ២៩​ឆ្នាំ ជា​ញាតិ​ជិតខាង​បញ្ជាក់ ៖ «ឃើញ អឿន វ៉ៃ​ចំក្បាល ខ្ញុំ​បាន​ទាំង​ជួយ​ចាប់​ចេញ​ពី​គ្នា យក​បន្លា​ឫស្សី​គ្រប​ក្បាល»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​នាយ​អាវុធហត្ថ​លោក ជា សំណាង ដើម្បី​បំភ្លឺ​សេចក្ដី​ចោទ​ប្រកាន់​ខាង​លើ​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​ឈប់​សម្រាក​នេះ ។

យ៉ាងនេះក្ដី អធិការ​ប៉ូលិស​ស្រុក​សៀមបូក លោក មឿង ថងផាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​អង្កេត​ករណី​នេះ មួយ​ជំហាន​ហើយ រក​ឃើញ​ថា ពិតជា​មាន​ការវាយ​ដំ​ទៅ​លើ​ស្រ្តី​នោះ​មែន ។ លោកថា នឹង​កោះ​អញ្ជើញ​នាយអាវុធហត្ថ​មក​បំភ្លឺ​ករណី​នេះ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ៖ «គាត់​ទៅ​វ៉ៃ​គេ វ៉ៃ​ស្រី​ទៀត គាត់​ប្រុស គាត់​ក្លាយ​ជា​កម្រោល​ចូល​អ៊ីចឹង»

តាម​សេចក្ដី​រាយការណ៍ ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុមសិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​នាយ​អាវុធហត្ថ​ត្រូវ​បាន​ប្ដឹង​ចោទប្រកាន់​ពី​បទ​វាយ​ដំ ទៅលើ​អ្នកភូមិ​ដូច​គ្នា ហើយ​ពាក្យ​បណ្ដឹង​ទាំង​ពីរ​ករណី​នេះ តាម​ផ្លូវ​តុលាការ​ពុំ​ទាន់​មាន​ឃើញ​ដំណោះស្រាយ​នៅ​ឡើយ ។

មន្រ្តី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ឆាយ រ៉េត ចាត់​ទុក​សកម្មភាព​របស់​នាយ​អាវុធហត្ថ​ថា ជា​អំពើ​រំលោភ​ទៅ​លើស្រ្តី​ភេទ និង​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ។ លោក​អំពាវនាវ​ឲ្យ​តុលាការ​ប្រញាប់​ប្រញាល់​ចាត់ការ​រឿង​ក្ដី​ទាំង​អស់​នោះ ។

លោក ឆាយ រ៉េត មាន​ប្រសាសន៍​ថា ៖ «វ៉ៃម្ដង​ហើយ ខ្ញុំ​បាន​ចាត់ការ​ទៅ​ព្រះរាជអាជ្ញា​ហើយ ដូច​ជា​មិន​សូវ​រវីរវល់​យ៉ាងម៉េច ។ អ៊ីចឹង​ថា បើ​លើក​ហ្នឹង​សូម​អំពាវនាវ​ឲ្យ​ខាង​ក្រសួង​យុត្តិធម៌​ក្ដី ឬ​ក៏​ខាង​ឧត្ដម​ក្រុមប្រឹក្សា​ចៅក្រម ពិនិត្យ​ខាង​តុលាការ​បន្តិច​ផង តើ​រឿង​នោះ​បើ​ទុក​បណ្ដោយ​ឲ្យ​អ៊ីចឹង ដើរ​តែ​វ៉ៃ​គេ​វ៉ៃ​ឯង អត់​មាន​ខ្លាច​ផង»

របាយការណ៍​របស់​សមាគម​អាដហុក​ខេត្ត​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៧ មក សមាគម​នេះ រក​ឃើញ​ថា មាន​សកម្មភាព​មន្រ្តី​កងរាជអាវុធហត្ថ តាម​បណ្ដាស្រុក​ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​អ្នកភូមិ​ប្ដឹង​បាន​ចំនួន ៤​ករណី​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ទៅ​លើ​អ្នកភូមិ ៕