លោក ឱ បូរិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍បា្រប់វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យថា លោក ណាង វណ្ណៈ ជាកងកម្លាំងរាជអាវុធស្រុកអូរជ្រៅ ត្រូវចោទប្រកាន់ចំនួន ៣ករណី គឺការប្រើប្រាស់អាវុធខុសច្បាប់ ការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងការប៉ុនប៉នធ្វើមនុស្សឃាត។
លោក ឱ បូរិន មានប្រសាសន៍ដូច្នេះថា ៖ «វាធ្វើខុស ត្រូវតែចាប់ ឪពុកអ្នកចាប់បញ្ជូនមក។ ជំហានដំបូងគឺវាប្រើប្រាស់អាវុធខ្លីហ្នឹងឯង»។
លោក ម៉ែន ភិរម្យ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានថ្លែងថា លោក ណាង វណ្ណៈ ជាកងរាជអាវុធហត្ថមានឋានៈជាពលបាល ផឹកស៊ីស្រវឹងក្នុងថ្ងៃចិនសែនក្បាលទឹក ហើយបានខឹងឪពុករបស់ខ្លួន ជាកងរាជអាវុធហត្ថដូចគ្នា ដែលវាយខ្លួនឲ្យបែកក្បាល ដោយសារការទាស់ពាក្យសម្តី ហើយចាប់ដាក់ខ្នោះបញ្ជូនទៅដាក់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ។
លោក ម៉ែន ភិរម្យ មានប្រសាសន៍ថា ៖ «កូនវាស្រវឹង ឪជេរអ៊ីចឹង ណាអត់ទៅធ្វើការធ្វើងារ ដល់ហើយគេយកវាមកដាក់ទ្រុង គេយល់ថាវាជាឪកូនគេ ពួកយើងមិនហ៊ានយកមកដាក់ទ្រុង ឲ្យវាអង្គុយលេង អានោះរត់ចូលក្នុងបន្ទប់ឪវាយកកាំភ្លើងមក វាបាញ់កាំភ្លើងខ្លី កាំភ្លើងរ៉ូឡូ»។
មិនអាចទាក់ទង លោក ចេត ណាង ដែលត្រូវជាឪពុកដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញជម្លោះរវាងឪពុកនិងកូននេះទេ ប៉ុន្តែក្រុមមន្ត្រីនៃកងរាជអាវុធហត្ថ បានថ្លែងថា ការបាញ់ប្រហារនោះមិនបានធ្វើឲ្យមានរបួសឬបាត់បង់ជីវិតដល់អ្នកណាម្នាក់នោះទេ។
សាក្សីឃើញហេតុការណ៍នោះ បានអះអាងថា ថ្វីត្បិតតែការបាញ់ប្រហារនោះមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សពិតប្រាកដមែន ប៉ុន្តែវាបានធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរនៅជិតហេតុការណ៍នោះស្លន់ស្លោរត់ចែកផ្លូវគ្នា ៖ «វាបាញ់ផាំងៗ ឮតែកាំភ្លើង រត់ចោលគ្នាអស់រៀងខ្លួន»។
លោក ស៊ុំ ចាន់គា មន្ត្រីនៃអង្គការការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងថា ករណីរបៀបនេះមិនគួរឲ្យកើតមាននោះទេ ហើយបើមានការបាញ់បោះតាមអំពើចិត្តដូច្នេះ វាគឺជារឿងអាក្រក់បំផុត ដែលបង្ហាញថា ក្នុងសង្គមកម្ពុជា ហាក់បីដូចគ្មាននរណាគោរពច្បាប់អ្វីទាំងអស់។
លោក ស៊ុំ ចាន់គា មានប្រសាសន៍ដូច្នេះថា ៖ «កងកម្លាំងប្រដាប់អាវុធ ខាងគ្រប់គ្រងអាវុធជាតិផ្ទុះ និងមន្ត្រីរាជការផ្សេងៗ គួរសិក្សានូវច្បាប់ដែលគ្រប់គ្រងអាវុធជាតិផ្ទុះ ឲ្យបានដិតដល់»។
លោក ឱ បូរិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងថា លោក ណាង វណ្ណៈ កំពុងឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រង់ចាំការសម្រេចសេចក្តីរបស់តុលាការ។ លោក ស៊ុំ ចាន់គា បានថ្លែងថា ករណីខាងលើនេះ ជនដែលបានប្រព្រឹត្តត្រូវតែផ្តន្ទាទោសតាមច្បាប់ដើម្បីកុំឲ្យជនដទៃយកតម្រាប់តាម៕
