មេបញ្ជាការកងវរសេនាតូចលេខ៤២២ ដែលកំពុងប្រចាំការពារព្រំដែនខ្មែរតំបន់ប្រាសាទតាមាន់ លោកវរសេនីយ៍ត្រី ង៉ែត ងួន បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទថា ទាហានឈុតខ្មៅនិងប៉ារ៉ារបស់ថៃ ដែលបានចូលមកកាន់កាប់ប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃច័ន្ទ ដោយហាមឃាត់មិនឲ្យទាហាននិងប្រជាពលរដ្ឋខ្មែរឡើងទៅកាន់ប្រាសាទតាមាន់បានទេ ធ្វើឲ្យទាហានទាំងសងខាង ប្រឈមមុខដាក់គ្នាយ៉ាងតឹងតែង។ ក៏ប៉ុន្តែកាលពីវេលាម៉ោង១រសៀលថ្ងៃច័ន្ទ ក្រុមទាហានថៃទាំងនោះបានដកថយវិញអស់ហើយ ធ្វើឲ្យសភាពការណ៍វិលទៅរកភាពប្រក្រតី។
លោកវរសេនីយ៍ត្រី ង៉ែត ងួន បានឲ្យដឹងដូច្នេះ ៖ «វា(ទាហានថៃ)ចូលព្រឹកមិញ (៨ កុម្ភៈ) ប្រឈមមុខតឹងតែងមិនឲ្យយើងឡើងប្រាសាទ។ យើងប៉ាន់ប្រមាណមិនត្រូវទេ ប៉ុន្តែជាក់ស្ដែងយើងមើលឃើញនៅលើប្រាសាទប្រហែលជា៣០ទៅ៤០នាក់ប៉ុណ្ណឹងទេ។ ទាហានប៉ារ៉ាប្រហែលជា៥០% នៃចំនួនកម្លាំងហ្នឹង ហើយទាហានឈុតខ្មៅប្រហែលជា៥០% នៃចំនួនកម្លាំង។ ធូរស្រាលហើយ វាដកកម្លាំងចេញអស់ហើយប្រហែលជាម៉ោង១(រសៀល) យើងចេញចូលបានធម្មតាវិញហើយ»។
កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃច័ន្ទ នាយសេនាធិការរបស់កងពលតូចលេខ៤២ លោកវរសេនីយ៍ឯក នាក់ វង្ស បានជួបជជែកជាមួយមេបញ្ជាការយោធាថៃប្រចាំតំបន់នោះ និងដាក់បញ្ជាឲ្យទាហានថៃដកចេញពីប្រាសាទតាមាន់។
កងទាហានការពារព្រំដែនខ្មែរនៅប្រាសាទតាមាន់ធំបានឲ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃច័ន្ទ ទាហានឈុតខ្មៅនិងប៉ារ៉ារបស់ថៃ ប្រមាណ៤០ទៅ៥០នាក់បានចូលមកប្រាសាទតាមាន់ធំ ដោយនាំយកកាំភ្លើងផ្លោងធុន DK82មីលីម៉ែត្រនិង១២,៧ ចាប់ដាក់លើប្រាសាទហើយប្រឈមមុខគ្នាយ៉ាងតានតឹងមិនឲ្យទាហានខ្មែរចូលទៅកាន់ប្រាសាទបានទេ។
កងទាហានខ្មែរបានឲ្យដឹងថា ការចូលមកកាន់កាប់ប្រាសាទតាមាន់របស់ទាហានថៃទាំងនោះ គឺ នៅស្របពេលដែលនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅកាន់ទីនោះ ដែលគេគិតថា ទាហានថៃទាំងនោះមានបំណងរារាំងមិនឲ្យនាយករដ្ឋមន្ត្រីខ្មែរចូលទៅប្រាសាទតាមាន់។
ចំណែកនៅឯតំបន់ជប់គគីរ លើខ្នងភ្នំដងរែក មានសេចក្តីរាយការណ៍ថា ថៃបានបន្ថែមកម្លាំងទាហានរបស់គេនៅតំបន់នោះតាំងពី៣ថ្ងៃមកហើយ ប៉ុន្តែស្ថានភាពយោធាគឺស្ថិតនៅក្នុងភាពស្ងប់ស្ងាត់នៅឡើយទេ៕
