មន្ត្រីយោធាការពារព្រំដែនខ្មែរនៅប្រាសាទតាមាន់ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ភាពតានតឹងផ្នែកយោធារវាងទាហានខ្មែរនិងថៃនៅតំបន់ប្រាសាទតាមាន់បានធូរស្រាលវិញហើយ បន្ទាប់ពីមេបញ្ជាការយោធាខ្មែរ-ថៃនៅតំបន់នោះបានជួបជជែកគ្នាដើម្បីបន្ធូរបន្ថយនិងសម្រួលកម្លាំងយោធាទាំងសងខាងឲ្យនៅតិចក្នុងប្រាសាទ។
មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទមួយរូបចំណុះឲ្យកងពលតូចលេខ៤២ ដែលសុំមិនបញ្ចេញឈ្មោះកំពុងប្រចាំការនៅប្រាសាទតាមាន់បានមានប្រសាសន៍កាលពីល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ថា កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ទាហានឈុតខ្មៅថៃប្រមាណ៣០នាក់ បានយកកាំភ្លើងធំធុនDK82មីលីម៉ែត្រ និងកាំភ្លើងស្វ័យប្រវត្តិ១២,៧ ចូលមកដាក់នៅលើប្រាសាទតាមាន់ ហើយកាន់កាប់ជាច្រើនម៉ោង ដោយរុញច្រានទាហានខ្មែរឲ្យចាកចេញពីប្រាសាទ។
មេបញ្ជាការយោធាដដែលបានឲ្យដឹងថា មកដល់ថ្ងៃអាទិត្យ ទី៧ កុម្តៈ ស្ថានការណ៍កងទ័ពបានធូរស្រាលវិញហើយបន្ទាប់ពីមេបញ្ជាការទាហានខ្មែរ-ថៃប្រចាំតំបន់នោះបានជួបជជែកគ្នា ៖ «ពីម្សិលមិញកម្លាំងប្រដាប់អាវុធថៃហ្នឹងប្រហែលជា៣០នាក់ ហើយដាក់នៅលើប្រាសាទមាន DK82 និង១២,៧ តែវេលាម៉ោង២និង៣០នាទី គឺថា យើងបានជួបគ្នាក៏បានសម្រេចថា ឲ្យដកចេញពីប្រាសាទទុកឲ្យនៅក្រុមការងារ៥នាក់ម្ខាងទៅធ្វើការនៅប្រាសាទហ្នឹង។ រហូតមកដល់ថ្ងៃនេះមិនទាន់ឃើញមានបញ្ហាអ្វីទេ»។
ទោះយ៉ាងណាពលទាហានប្រចាំតំបន់នោះបានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ គេបានឃើញក្រុមប្រជាពលរដ្ឋថៃច្រើនជាង៣០នាក់ ដែលទំនងជាក្រុមបាតុករអាវលឿងរបស់ថៃ បានចូលមកប្រាសាទតាមាន់ដោយមានក្រុមអ្នកកាសែតនិងទូរទស្សន៍ថៃជាច្រើននាក់បានមកជាមួយផង ហាក់ដូចជាចាំថតយកព្រឹត្តិការណ៍អ្វីមួយដែលនឹងអាចកើតឡើងនៅទីនោះ។
ចំណែកនៅឯតំបន់ជប់ម្ទេស ក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វិញ មានសេចក្តីរាយការណ៍មកថា កងទាហានឈុតខ្មៅនិងប៉ារ៉ាថៃមួយក្រុមបានឡើងមកបណ្តេញកងការពារព្រំដែនខ្មែរនៅលើកំពូលភ្នំនៅទីនោះកាលពីវេលាម៉ោងជាង៧យប់ថ្ងៃសៅរ៍ (៦ កុម្ភៈ)។
នាយទាហានជាន់ទាបមួយរូបរបស់កងវរសេនាតូចលេខ១នៃខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រហូតដល់ថ្ងៃអាទិត្យ ទី៧ កុម្ភៈ កងទាហានខ្មែ-ថៃនៅតែប្រឈមមុខដាក់គ្នាតឹងតែងមិនទាន់មានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅឡើយទេ ៖ «ឈុតខ្មៅប៉ារ៉ា ទាហានថៃល្ងាចមិញវាដេញទាហានយើងចុះមកពីលើចំណុចជប់ម្ទេស។ យើងមិនចុះយើងថែមកម្លាំង វានៅតែត្រៀមយើងក៏នៅតែត្រៀមដែរ»។
ចំណែកនៅឯទីវត្តកែវសិខាគិរីស្វរៈ ជិតប្រាសាទព្រះវិហារទាហានថៃចំនួន១០នាក់ ដែលជារៀងរាល់ថ្ងៃតែងចូលទៅក្នុងទីនោះនិងតែងចេញទៅវិញនៅវេលាម៉ោង៤ល្ងាចនោះ កាលពីថ្ងៃសៅរ៦បានធ្វើសកម្មភាពខុសប្រក្រតីដោយមិនបានចាកចេញទៅវិញដូចសព្វដងទេ ទាល់តែទាហានខ្មែរបានបង្ខំឲ្យចាកចេញនៅវេលាម៉ោង៧យប់៕
