សមយុទ្ធយោធាពហុសាសន៍ ឬហៅថា ឆ្មាំអង្គរ ឆ្នាំ២០១០ ដែលមានកងទ័ពប្រមាណជាង ៧០០នាក់មកពី ២៦ប្រទេសចូលរួម ក្នុងនោះកងទ័ពកម្ពុជាមានចំនួន ១៣៥នាក់បានចាប់ផ្ដើមនៅថ្ងៃនេះ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីបន្ទាប់ពីលោកទើបនឹងជាសះស្បើយពីជំងឺ។
ប្រទេសទាំង ២៦នោះ រួមមានសហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ រុស្ស៊ី បារាំង ថៃ លាវ វៀតណាម និងកម្ពុជា ជាដើម។
ក្នុងការអនុវត្តលំហាត់សមយុទ្ធយោធានោះ មានការដើរព្យុហយាត្រា លោតឆត្រយោង ជាការបង្ហាញនៅថ្ងៃចាប់ផ្ដើមដំបូងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចូលរួមជាអធិបតីនាថ្ងៃដំបូងនៃលំហាត់សមយុទ្ធយោធានោះថ្លែងថា លំហាត់សមយុទ្ធយោធានេះមិនមានគោលដៅគំរាមកំហែង ឬធ្វើឲ្យប្រទេសជាតិណាមួយមានការព្រួយបារម្ភនោះទេ។
ក្នុងឱកាសនោះដែរ លោក ហ៊ុន សែន បានអបអរសាទរចំពោះខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា ទំនាក់ទំនងនេះនឹងមានការរីកចម្រើនទៅមុខតាមការចង់បានរបស់ប្រទេសទាំងពីរ។
នៅរសៀលថ្ងៃសៅរ៍ ទី១៧ កក្កដានេះដែរ នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន ប្រធានគណៈកម្មការដឹកនាំដំណើរការលំហាត់សមយុទ្ធយោធាពហុសាសន៍ ធ្វើសន្និសីទកាសែតមួយដែរ ស្តីពីលទ្ធផលថ្ងៃដំបូងនៃការធ្វើសមយុទ្ធយោធានេះ។
លោក ប្រាក់ សុខុន បានប្រកាសប្រាប់អ្នកសារព័ត៌មានថា សមយុទ្ធយោធានៅថ្ងៃដំបូងនេះបានជោគជ័យ។ លោក ប្រាក់ សុខុន បន្ថែមថា គេចំណាយប្រាក់អស់ជាង ៣លានដុល្លារ ដែលជាប្រាក់ជំនួយរបស់ប្រទេសអាមេរិក ដោយចំណាយភាគច្រើនលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីរៀបចំធ្វើសមយុទ្ធយោធាមួយនេះ។
តាមសេចក្ដីប្រកាសព័ត៌មានពីទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា លំហាត់សមយុទ្ធយោធាពហុសាសន៍មានគោលដៅសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការរួមចំណែកដល់ប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ និងសកលលោក ក្រោមបេសកកម្មមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងការពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ។ លំហាត់សមយុទ្ធយោធានេះនឹងបញ្ចប់នៅថ្ងៃទី៣០ កក្កដាខាងមុខនេះ៕
