លំហាត់​យោធា​ខ្មែរ-អាមេរិក នៅ​សប្ដាហ៍​ក្រោយ

ក្រោយ​ពី​បាន​រៀបចំ​លំហាត់​យោធា ឬ​ឆ្មាំ​អង្គរ​លើក​ដំបូង នៅ​ឆ្នាំ​២០១០ បាន​ជោគ​ជ័យ ឥឡូវ​នេះ កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​រៀបចំ​ធ្វើ​លំហាត់​យោធា​ជា​លើក​ទី​២ នៅ​សប្ដាហ៍​ក្រោយ។

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​នឹង​ធ្វើ​លំហាត់​យោធា​រួម​គ្នា​មួយ ឈ្មោះ​ថា​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១ នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​កង​ទ័ព​ចំនួន​ជាង ៥០០​នាក់​ចូល​រួម​ក្នុង​លំហាត់​នេះ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១១ ដើម្បី​រឹត​ចំណង​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

លំហាត់​យោធា ឬ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១ នេះ គឺ​ជា​លើក​ទី​២ ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រៀបចំ​ដោយ​សហ​រដ្ឋ​អាមេរិក តាម​សំណើ​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។ តំណាង​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​នេប៉ាល់ និង​ប្រទេស​ម៉ុងហ្គោលី មក​ចូល​រួម​ផង​ដែរ។ ចំណែក​ឯ​ប្រទេស​ថៃ វៀតណាម និង​លាវ នៅ​ជិត​កម្ពុជា មិន​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​លំហាត់​យោធា​នេះ​ផង​ទេ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍ឯក ឈុំ សុជាតិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ថា លំហាត់​យោធា​នេះ មាន​សារ​ប្រយោជន៍​សម្រាប់​កម្ពុជា ៖ "ជា​ការ​រីក​ចំរើន​គួរ​ឲ្យ​មាន​មោទនភាព លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ មិត្តភាព​ជា​មួយ​អន្តរ​ជាតិ ជា​ពិសេស​ជា​មួយ​សហ​រដ្ឋ​អាមេរិក លើ​ការ​ហ្វឹកហ្វឺន​ការងារ​យោធា​យើង ក្នុង​កិច្ច​ការ​ងារ​ថែ​រក្សា​សន្តិភាព និង​មនុស្សធម៌"

មន្ត្រី​អ្នក​នាំ​ពាក្យ នៃ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ម៉ាក វីនិគ (Mark Wenig) បាន​មាន​ប្រសាសន៍​តាម​អ៊ីមែល​ថា ស្ថានទូត​សហ​រដ្ឋ​អាមេរិក មេ​បញ្ជា​ការ​សហ​រដ្ឋ​អាមេរិក នៅ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក និង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ឧទ្ទិស​ដល់​ទំនាក់​ទំនង​យូរ​អង្វែង​រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក។ វា​ជា​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក។

ប្រភព​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លំហាត់​យោធា​នោះ និង​អនុវត្ត​សកម្មភាព​ដូច​ជា​ការ​ហ្វឹកហ្វឺន​នៅ​ទី​បញ្ជា​ការ ការ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ផ្នែក​មនុស្សធម៌ និង​ការ​ហ្វឹកហ្វឺន​ផ្នែក​វិស្វកម្ម​សាង​សង់​សាលា​រៀន មន្ទីរ​ពេទ្យ និង​ការ​ព្យាបាល​ប្រជា​ពល​រដ្ឋ។

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក បាន​ធ្វើ​លំហាត់​យោធា​ឆ្មាំ​អង្គរ​លើក​ដំបូង​នៅ​ឆ្នាំ​២០១០ កន្លង​ទៅ ដោយ​មាន​កង​ទ័ព​មក​ពី​ប្រទេស​ចិន រុស្ស៊ី អាល្លឺម៉ង់ ថៃ និង​ប្រទេស​ជា​ច្រើន​ទៀត​មក​ចូល​រួម ចំនួន​ជាង ៥០០​នាក់៕