ឧត្ដមសេនីយ៍យោធាកម្ពុជា បានថ្លែងក្នុងឱកាសបិទលំហាត់សមយុទ្ធពហុជាតិលើកទី២ ឆ្មាំអង្គរ ឆ្នាំ២០១១ នៅឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ថា សមយុទ្ធដែលសហការរៀបចំដោយកម្ពុជា និងសហរដ្ឋអាមេរិក បានជួយដល់កម្ពុជា ក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកឧត្ដមសេនីយ៍ ប៉ុល សារឿន មានប្រសាសន៍ថា សមយុទ្ធយោធាឆ្មាំអង្គរ ឆ្នាំ២០១១ ឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសធំ មហាអំណាច និងប្រទេសតូចដែលកំពុងតែអភិវឌ្ឍន៍ បង្ហាញនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសហគមន៍អន្តរជាតិគាំទ្រ និងអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ការហ្វឹកហ្វឺន ហើយលើសពីនេះគឺវាបានជួយបង្កើនសមត្ថភាពវិស័យយោធារបស់កម្ពុជា។
លោក ប៉ុល សារឿន ថ្លែងបន្ត ៖ «សកម្មភាពទាំងនេះជានយោបាយមួយដែលផ្ដល់ការលើកទឹកចិត្តយ៉ាងក្លៀវក្លាដល់កងទ័ពកម្ពុជា ឆ្លើយតបនឹងមហិច្ឆតា និងអាទិភាពរបស់ប្រទេសជិតខាងដែលមានបំណងមកលើទឹកដី និងខ្សែបន្ទាត់ព្រំដែននៃប្រទេសកម្ពុជា»។
មេបញ្ជាការមកពីបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកឧត្ដមសេនីយ៍ត្រី អាឡិកសាន់ដឺ ខហ្សឡូវ (Alexander Kozlov) ថ្លែងអំណរគុណដល់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១ ហើយថា ការគាំទ្ររបស់កម្ពុជាដល់ប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ បានជួយឲ្យមានស្ថិរភាពនៅប្រទេសឆាត អាហ្វ្រិកកណ្ដាល ស៊ូដង់ និងលីបង់។
លោកមានប្រសាសន៍បន្ត ៖ "ជោគជ័យជាប្រវត្តិសាស្ត្ររបស់លំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរបានគូសបញ្ជាក់ឲ្យឃើញច្បាស់នូវទំនាក់ទំនងដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក និងកម្ពុជាជាមិត្តជិតស្និទ្ធ ហើយនិងជាដៃគូនៅអាស៊ី។ លំហាត់នេះបានបង្ហាញនូវឱកាសដ៏អស្ចារ្យមួយចំពោះកងទ័ពនៃសហរដ្ឋអាមេរិកដែលបានធ្វើការជាមួយ និងកងយោធពលខេមរភូមិន្ទ"។
កម្ពុជា និងសហរដ្ឋអាមេរិកបានសហការធ្វើសមយុទ្ធយោធារួមគ្នាជាលក្ខណៈពហុជាតិឈ្មោះថា ឆ្មាំអង្គរចំនួនពីរលើកមកហើយ ដែលដៃគូសហការអះអាងថា ទទួលបានជោគជ័យគួរជាទីមោទនៈ៕
