ជនរងគ្រោះពីការជំរិតទារប្រាក់ឈ្មោះ ហោ ចំរើន អ្នកភូមិក្បាលថ្នល់ ឃុំសែប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុអាស៊ីសេរីថាកាលពីថ្ងៃទី២៩ មិថុនា ២០០៨ គាត់បានទៅទិញឈើពីភូមិបែកចក ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស យកមកធ្វើផ្ទះ ។ លុះដឹកមកដល់ចំណុចអូរលយក្នុងភូមិសាស្រ្តឃុំជើងគ្រាវ ស្រុករលាប្អៀរ ក៏បានជួបក្រុមមនុស្ស៦នាក់ក្នុងនោះ ២នាក់មានឯកសណ្ឋានជាកងរាជអាវុធហត្ថ ២នាក់មានឯកសណ្ឋានជាទាហាន និង២នាក់ទៀតស្លៀកពាក់ស៊ីវិលបានឃាត់ជំរិតទារប្រាក់ពីគាត់ចំនួន២លានរៀល ហើយម្នាក់ក្នុងចំណោមនោះឈ្មោះ សំណាង គាត់ស្គាល់ថាជាទាហានផ្នែកសឹករងខេត្តកំពង់ឆ្នាំង ។
លោក ហោ ចំរើន បានឲ្យដឹងថា ៖ «ខ្ញុំដឹកមកដល់ពាក់កណ្ដាលផ្លូវវាឃាត់ខ្ញុំទៅ វាប្លន់ខ្ញុំបណ្ដោយ ។ ដឹកយកមកធ្វើផ្ទះនៅ ។ គេរកខ្នោះដាក់ដៃខ្ញុំអីទៅ ខ្ញុំព្រមបង់ចំនួន២លានរៀល ។ ខ្ញុំអត់ចាំត្រកូលគេទេ ខ្ញុំស្គាល់តែឈ្មោះ ណាង ទាហានសឹករងនៅខេត្តកំពង់ឆ្នាំង ហើយស្លាកលេខឡានក៏ខ្ញុំស្គាល់ដែរ» ។
សាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក ឈ្មោះ អំ សុខា បន្ថែម ៖ «ឡានមួយដែលឃាត់ហ្នឹងវាតេសួរថាចាប់បានហើយឬនៅ ? ហើយឡានមួយហ្នឹងប្រាប់ថាចាប់បានហើយ ប៉ុន្តែឈើតែពីរបីសន្លឹកទេមិនបាច់មកទេ ។ ប៉ុន្តែពួកហ្នឹងវាមកដល់ មកដល់ហើយប្រាប់ថាចាប់វាមក ចាប់ដាក់ខ្នោះមក ហើយដកទូរស័ព្ទវាឲ្យអស់ ហើយពួកគ្នាខ្ញុំក៏រត់វង្វេង អត់ស្គាល់ភូមិសាស្ត្រ រត់វង្វេងហើយក៏និយាយប្រាប់... តេយកខ្ញុំមកវិញ ឲ្យមកដោះស្រាយអារឿងឈើហ្នឹង» ។
មេបញ្ជាការកងរាជអាវុធហត្ថស្រុករលាប្អៀរ លោក សូ សែម មានប្រសាសន៍ថាលោកទើបតែបានដឹងរឿងនេះតាមរយៈការសួររបស់វិទ្យុអាស៊ីសេរី ។ លោកបន្តថាលោកនឹងធ្វើការស្រាវជ្រាវរកការពិតដើម្បីចាប់យកជនខិលខូចយកមកផ្តន្ទាទោសឲ្យខាងតែបាន ។
លោក សូ សែម បានបញ្ជាក់ថា ៖ «ខ្ញុំនឹងចុះស្រាវជ្រាវរកប៉េអឹមហ្នឹងឈ្មោះអីអ្នកដែលធ្វើសកម្មភាពហ្នឹង ។ អ៊ីចឹងបើអាចបងជួយស្រាវជ្រាវឲ្យខ្ញុំបាន បើបានស្គាល់ឈ្មោះប៉េអឹមហ្នឹង បងជួយផ្ដល់ឲ្យខ្ញុំទៀតខ្ញុំនឹងទៅធ្វើទៀត តាមរយៈបុគ្គលហ្នឹងដែលអាចមានអ្នកណាស្គាល់ តៃកុងឡានស្គាល់អីអ៊ីចឹង ។ ស្គាល់ឈ្មោះឲ្យច្បាស់ក្នុងចំណោម២នាក់ហ្នឹងតែម្នាក់ក៏បានដែរ ។ បងជួយផ្ដល់ឲ្យខ្ញុំវិញ អាហ្នឹងបងជួយខ្ញុំ ខ្ញុំទៅធ្វើល្ងាចនេះខ្ញុំចុះទៅដល់ចំណុចហ្នឹង... ខ្ញុំនឹងរកឈ្មោះអាវុធហត្ថដែលប្រព្រឹត្តហ្នឹង» ។
ឯមន្រ្តីយោធាផ្នែកសឹករងខេត្តកំពង់ឆ្នាំង វរសេនីយ៍ត្រី ប៉ាត ឈាន សន្យាថានឹងយកបញ្ហានេះទៅរាយការណ៍ជូនមេបញ្ជាការដើម្បីមានវិធានការប្រសិនបើពួកគេពិតជាទាហានរបស់ផ្នែកសឹករងមែននោះ ។
មន្ត្រីសម្របសម្រួលនិងអង្កេតអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនត្រូវជំរិតទារប្រាក់ពីប្រជាពលរដ្ឋឡើយ ប្រសិនបើគាត់ដឹកឈើខុសច្បាប់គេគួរតែអនុវត្តតាមច្បាប់វិញទើបប្រសើរ ៕
