ប៉េអឹម​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​រំលោភ​សិទ្ធិមនុស្ស

2008-05-15

អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ បាន​សម្ដែង​ប្រតិកម្ម​ដោយ​ចោទប្រកាន់​មន្ត្រី​កង​រាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត​ថា បាន​រំលោភ​ទៅ​លើ​សិទ្ធិមនុស្ស ដោយ​ចាប់​ខ្លួន​យុវជន​ម្នាក់​ឃុំឃាំង​ខុស​ច្បាប់​រយៈពេល​មួយ​ខែ​មកហើយ បន្ទាប់ពី​បង្ខំ​ឲ្យ​ក្រុម​គ្រួសារ​បង់​ប្រាក់​២​លាន​រៀល​មិន​បាន​សម្រេច ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ហោ នាថ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ថា​តាំង​តែ​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា​មក កងកម្លាំង​ប៉េអឹម​ស្រុក​ជាំក្សាន្ត បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ យ៉ុត បេ អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​រលំថ្ម ឃុំ​រំដោះស្រែ យក​ទៅ​ឃុំឃាំង​ក្នុង​ទី​បញ្ជាការ​បន្ទាប់ពី​មាន​រឿងរ៉ាវ​វាយតប់​ដោយ​ក្រុម​ស្ទាវ ហើយ​ការ​ឃុំឃាំង​បាន​បន្ត បន្ទាប់​ពី​ទាមទារ​ឲ្យ​គ្រួសារ​បង់​ប្រាក់ ក៏ប៉ុន្តែ​ត្រូវ​ក្រុម​គ្រួសារ​យុវជន​នោះ​គ្មាន​លទ្ធភាព ។

លោក ហោ នាថ បាន​ឲ្យ​ដឹង​ថា ៖ «ការ​ដែល​ចាប់​មនុស្ស​យក​មក ធ្វើការ​សម្រុះ​សម្រួល​ដោះស្រាយ​រវាង​ដើម​បណ្ដឹង​ភាគី​ម្ខាង​ហ្នឹង​ឯង ហើយ​ឃុំ​ខ្លួន​ខុស​នីតិវិធី ហើយ​មួយ​ទៀត​ចាប់​មនុស្ស​ជំរិត​យក​លុយ»

ប៉ុន្តែ​មេ​បញ្ជាការ​រង​ប៉េអឹម​ស្រុក​ជាំក្សាន្ត លោក ពេជ្រ សុភី បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃុំខ្លួន​យុវជន​នោះ​រយៈពេល​តែ​៤៨​ម៉ោង​ប៉ុណ្ណោះ បន្ទាប់មក​ត្រូវ​ដោះលែង ក៏ប៉ុន្តែ​គឺ​យុវជន​នោះ​មិន​ព្រម​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយសារ​តែ​ខឹង​នឹង​ឪពុក​ម្តាយ​មិន​បាន​ទិញ​ខោ​អាវ​ថ្មី​ឲ្យ ។

លោក ពេជ្រ សុភី បាន​មាន​ប្រសាសន៍​ថា ៖ «វា​អត់​ព្រម​ទៅ វា​ខឹង​នឹង​ឪពុក​ម្ដាយ​អត់​ទិញ​ខោ​អាវ​ឲ្យ​វា ដល់​ខ្ញុំ​ក៏​ទិញ​ខោ​អាវ​ឲ្យ​វា​ពាក់ វា​នៅ​ហ្នឹង វា​ដើរ​លេង​តាម​ចិត្ត​បាន​ទេ»

មន្ត្រី​ប៉េអឹម​ដដែល​បាន​បដិសេធ​ចោល​ការ​ចោទប្រកាន់​ដែល​ថា​សមត្ថកិច្ច​បាន​ជំរិត​ទារ​ប្រាក់​ពី​គ្រួសារ​យុវជន​នោះ ។

ចំណែក​មេ​បញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក គង់ សាអេង បាន​មាន​ប្រសាសន៍​ថា ដោយសារ​ឪពុក​ម្តាយ​យុវជន​នោះ​ភ័យ​ខ្លាច​ក្រែង​មាន​អំពើ​គុំកួន​មក​លើ​កូន​របស់​ខ្លួន ទើប​សម្រេច​ផ្ញើ​ទុក​នៅ​កន្លែង​ប៉េអឹម​បន្ត ។

ទោះយ៉ាងណា​មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​ឪពុក​ម្តាយ​របស់​យុវជន ឈ្មោះ យ៉ុត បេ បាន​ទេ ដោយ​អ្នក​ភូមិ​ប្រាប់​ថា ពួក​គេ​បាន​ចាក​ចេញ​ទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ឆ្ងាយ ។

ប៉ុន្តែ​សាក្សី​ម្នាក់​ដែល​ដឹង​រឿង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ក្រុម​ប៉េអឹម​បាន​ឃុំឃាំង​យុវជន​នោះ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា មាន​រយៈពេល​មួយ​ខែ​និង​មួយ​ថ្ងៃ ដោយសារ​គ្រួសារ​គ្មាន​ប្រាក់​២​លាន​រៀល បង់​ឲ្យ​តាម​ការ​ជំរិត​ទារ​នោះ ៖ «ថា​អា​ហ្នឹង​វ៉ៃ​របួស​ស្នាម​កូន​គេ​ម្ខាង​ទៀត ។ ប៉េអឹម​គេ​ចាប់​អា​ហ្នឹង​យក​មក ទារ​លុយ​គេ​២​លាន បង​វា​ថា​បើ​ត្រឹម​៥០​ម៉ឺន ដោះ​ស្រាយ​យូរ​ណាស់​ហើយ តែ​ទារ​ច្រើន​ពេក​អ្នក​ណា​មាន​លុយ​ឲ្យ ក៏​នៅ​ហ្នឹង​បណ្ដោយ»

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ព្រះវិហារ លោក កែវ ស៊ុន បាន​មាន​ប្រសាសន៍​ថា ការ​ឃុំ​ខ្លួន​នោះ​តុលាការ​ពុំ​បាន​ដឹង​ទេ ។ លោក​បន្ថែម​ថា​ការ​ឃុំ​ខ្លួន​ដោយ​សមត្ថកិច្ច​មិន​បញ្ជូន​មក​តុលាការ​គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​លោក​នឹង​ស្រាវជ្រាវ​ករណី​នោះ ៖ «ឃុំ​អ៊ីចឹង​វា​ជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​ហើយ វា​មិនមែន​ជា​ការ​ត្រឹមត្រូវ​ទេ»

តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា កង​រាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត បាន​ដោះលែង​យុវជន​នោះ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១២ ថ្ងៃ​ទី​១៥ ខែ​ឧសភា បន្ទាប់​ពី​មាន​ការ​ដេញដោល​សួរ​ពី​វិទ្យុ​អាស៊ីសេរី​មក ។ ក៏ប៉ុន្តែ​ក្រុម​សិទិ្ធមនុស្ស​បាន​និយាយ​ថា បើ​ទោះ​ជា​មាន​ការ​ដោះលែង​ហើយ​ក៏​ដោយ ក៏​ការ​ឃុំ​ខ្លួន​ជាង​មួយ​ខែ​មិន​បញ្ជូន​ទៅ​តុលាការ​នោះ គឺ​ជា​អំពើ​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​ទាំង​នោះ​អាច​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​បាន ៕

អត្ថបទ​ដែល​ទាក់ទង

បំរាម​ផ្អាក​ការរៀបការ​រវាង​ស្ត្រី​ខ្មែរ​និង​ជន​បរទេស​មិន​ទាន់​ក្លាយ​ជា​អចិន្ត្រៃយ៍​ទេ

ប៉េអឹម​ខេត្ត​កំពង់ធំ​៣​រូប​រង​ការចោទ​ថា​គំរាម​ប្រជា​សហគមន៍

មាន​ជន​មួយ​ចំនួន​ឃុបឃិត​នឹង​គ្រូពេទ្យ​យក​ឈាម​សប្បុរសជន​ទៅ​លក់

ខុមហ្វ្រែល​រៀបចំ​វេទិកា​សាធារណៈ​លើក​ទី​៣​នៅ​កំពង់ចាម

ពលរដ្ឋ​៥០០​នាក់​នៅ​ស្រុក​អង្គស្នួល​ទាមទារ​ឲ្យ​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ

ក្រុង​ភ្នំពេញ​អាច​នឹង​មាន​អគ្គិសនី​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០០៩

ភរិយា​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ចន ម៉ាកខេន មក​កម្ពុជា

គ្រឿង​ញៀន​ជាង​២០០​គីឡូក្រាម​ត្រូវ​បាន​ដុត​បំផ្លាញ

ទូត​អាល្លឺម៉ង់​ផ្ដល់​ឧបករណ៍​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​ដល់​មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់ធំ

យុវជន​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​គប់​សម្បក​ដូង​ទៅ​លើ​ព្រះឆាយា​ល័ក្ខណ៍​សម្ដេច​យាយ