អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ហោ នាថ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា ថាតាំងតែពីថ្ងៃទី១៣ ខែមេសាមក កងកម្លាំងប៉េអឹមស្រុកជាំក្សាន្ត បានចាប់ខ្លួនយុវជនម្នាក់ឈ្មោះ យ៉ុត បេ អាយុ១៧ឆ្នាំ ទីលំនៅភូមិរលំថ្ម ឃុំរំដោះស្រែ យកទៅឃុំឃាំងក្នុងទីបញ្ជាការបន្ទាប់ពីមានរឿងរ៉ាវវាយតប់ដោយក្រុមស្ទាវ ហើយការឃុំឃាំងបានបន្ត បន្ទាប់ពីទាមទារឲ្យគ្រួសារបង់ប្រាក់ ក៏ប៉ុន្តែត្រូវក្រុមគ្រួសារយុវជននោះគ្មានលទ្ធភាព ។
លោក ហោ នាថ បានឲ្យដឹងថា ៖ «ការដែលចាប់មនុស្សយកមក ធ្វើការសម្រុះសម្រួលដោះស្រាយរវាងដើមបណ្ដឹងភាគីម្ខាងហ្នឹងឯង ហើយឃុំខ្លួនខុសនីតិវិធី ហើយមួយទៀតចាប់មនុស្សជំរិតយកលុយ» ។
ប៉ុន្តែមេបញ្ជាការរងប៉េអឹមស្រុកជាំក្សាន្ត លោក ពេជ្រ សុភី បានមានប្រសាសន៍ថា លោកបានឃុំខ្លួនយុវជននោះរយៈពេលតែ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់មកត្រូវដោះលែង ក៏ប៉ុន្តែគឺយុវជននោះមិនព្រមទៅផ្ទះដោយខ្លួនឯង ដោយសារតែខឹងនឹងឪពុកម្តាយមិនបានទិញខោអាវថ្មីឲ្យ ។
លោក ពេជ្រ សុភី បានមានប្រសាសន៍ថា ៖ «វាអត់ព្រមទៅ វាខឹងនឹងឪពុកម្ដាយអត់ទិញខោអាវឲ្យវា ដល់ខ្ញុំក៏ទិញខោអាវឲ្យវាពាក់ វានៅហ្នឹង វាដើរលេងតាមចិត្តបានទេ» ។
មន្ត្រីប៉េអឹមដដែលបានបដិសេធចោលការចោទប្រកាន់ដែលថាសមត្ថកិច្ចបានជំរិតទារប្រាក់ពីគ្រួសារយុវជននោះ ។
ចំណែកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក គង់ សាអេង បានមានប្រសាសន៍ថា ដោយសារឪពុកម្តាយយុវជននោះភ័យខ្លាចក្រែងមានអំពើគុំកួនមកលើកូនរបស់ខ្លួន ទើបសម្រេចផ្ញើទុកនៅកន្លែងប៉េអឹមបន្ត ។
ទោះយ៉ាងណាមិនអាចស្វែងរកការបំភ្លឺពីឪពុកម្តាយរបស់យុវជន ឈ្មោះ យ៉ុត បេ បានទេ ដោយអ្នកភូមិប្រាប់ថា ពួកគេបានចាកចេញទៅធ្វើស្រែនៅតំបន់ឆ្ងាយ ។
ប៉ុន្តែសាក្សីម្នាក់ដែលដឹងរឿងសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមប៉េអឹមបានឃុំឃាំងយុវជននោះរហូតមកដល់ថ្ងៃទី១៥ ខែឧសភា មានរយៈពេលមួយខែនិងមួយថ្ងៃ ដោយសារគ្រួសារគ្មានប្រាក់២លានរៀល បង់ឲ្យតាមការជំរិតទារនោះ ៖ «ថាអាហ្នឹងវ៉ៃរបួសស្នាមកូនគេម្ខាងទៀត ។ ប៉េអឹមគេចាប់អាហ្នឹងយកមក ទារលុយគេ២លាន បងវាថាបើត្រឹម៥០ម៉ឺន ដោះស្រាយយូរណាស់ហើយ តែទារច្រើនពេកអ្នកណាមានលុយឲ្យ ក៏នៅហ្នឹងបណ្ដោយ» ។
ព្រះរាជអាជ្ញាអមតុលាការខេត្តព្រះវិហារ លោក កែវ ស៊ុន បានមានប្រសាសន៍ថា ការឃុំខ្លួននោះតុលាការពុំបានដឹងទេ ។ លោកបន្ថែមថាការឃុំខ្លួនដោយសមត្ថកិច្ចមិនបញ្ជូនមកតុលាការគឺជាអំពើខុសច្បាប់ ហើយលោកនឹងស្រាវជ្រាវករណីនោះ ៖ «ឃុំអ៊ីចឹងវាជាការរំលោភលើសិទ្ធិមនុស្សហើយ វាមិនមែនជាការត្រឹមត្រូវទេ» ។
តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានដោះលែងយុវជននោះកាលពីវេលាម៉ោងប្រមាណជា១២ ថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីមានការដេញដោលសួរពីវិទ្យុអាស៊ីសេរីមក ។ ក៏ប៉ុន្តែក្រុមសិទិ្ធមនុស្សបាននិយាយថា បើទោះជាមានការដោះលែងហើយក៏ដោយ ក៏ការឃុំខ្លួនជាងមួយខែមិនបញ្ជូនទៅតុលាការនោះ គឺជាអំពើខុសច្បាប់ដែលសមត្ថកិច្ចទាំងនោះអាចប្រឈមមុខនឹងការចោទប្រកាន់បាន ៕
