ក្រុមហ៊ុន​វៀតណាម​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រ៉ែ​នៅ​រតនគិរី

ក្រសួង​ឧស្សាហកម្ម​នៃ​ប្រទេស​កម្ពុជា ទើប​ចេញ​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រ៉ែ​លោហៈ​នៅ​ខេត្ត​រតនគិរី ចំនួន​មួយ​កន្លែង​ថ្មី​ទៀត ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ៊ង អាន ក៏​ប៉ុន្តែ​អ្នក​ភូមិ​ឲ្យ​ដឹង​ថា មិន​មាន​ការ​ផ្សព្វ​ផ្សាយ ឬ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​ភូមិ​ពី​ករណី​នេះ​ទេ។

0:00 / 0:00

អ្នក​ភូមិ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច មក​ពី​ភូមិ​ចំនួន​៤ នៅ​ស្រុក​អូរជុំ ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១០ ថា ក្រុម​ឯកសណ្ឋាន​យោធា​វៀតណាម​ចំនួន ៤​នាក់ និង​ខ្មែរ ២​នាក់ បាន​ចូល​មក​បោះ​បង្គោល​លាប​ថ្នាំ​ពណ៌​នៅ​លើ​ដី​ចម្ការ​ជា​ច្រើន​ពាន់​ម៉ែត្រ ក្នុង​ភូមិសាស្ត្រ​អ្នក​ភូមិ​កំពុង​រស់​នៅ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ ដោយ​មិន​មាន​ផ្ដល់​ដំណឹង ឬ​ពិភាក្សា​ជា​មួយ​អ្នក​ភូមិ ជា ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចូល​មក​ទន្ទ្រាន​យក​ដី​សហគមន៍។

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១០ អ្នក​ភូមិ​តងក្រពូ តង​ក្រម៉ាល់ តង​ប៉្លេង និង​ភូមិ​គោក ឃុំ​អូរជុំ ជាង​៧០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ចំណុច​តំបន់​រមណីយដ្ឋាន​វាល​រំប្លង់ ដើម្បី​តវ៉ា​ពី​ករណី​នេះ។

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ឈ្មោះ យេ សយ រស់​នៅ​ភូមិ​តង​ក្រពូ មាន​ប្រសាសន៍​ពី​ករណី​នេះ​ថា ៖ «គេ​កំពុង​តែ​វ៉ែ​បង្គោល​រួច​ហើយ បាន​គេ​លាប​ថ្នាំ​ក្រហម​ទៀត ហើយ​គេ​គម្រោង​ថា​គេ​ឈូស​ធ្វើ​ផ្លូវ​ទៀត ដើម្បី​ស្រាវ​ជ្រាវ​រក​រ៉ែ​ក្នុង​ចម្ការ​ទៀត»

យោង​ឯកសារ​ថត​ចម្លង ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ទទួល​ពី​មេ​ឃុំ​អូរជុំ បង្ហាញ​ថា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល កាល​ពី​ខែ​មេសា ឆ្នាំ​២០១០ បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ហ៊ង អាន រតនគិរី (Hoang Anh Ratanakiri) ធ្វើ​ការ​សិក្សា​ពី​រ៉ែ​លោហ​នៅ​តំបន់​ល្អក់ ស្រុក​អូរជុំ ខេត្ត​រតនគិរី មាន​ផ្ទៃ​ដី​ទំហំ ១៦២​គីឡូ​ម៉ែត្រ​ការ៉េ។ ប្រភព​តំណាង​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​នេះ​ពាក់ព័ន្ធ​ភូមិសាស្ត្រ​ដី​ចំនួន​បី​ឃុំ គឺ​ឃុំ​អូរជុំ ឃុំ​ពយ និង​ឃុំ ល្អក់ ក្នុង​ស្រុក​អូរជុំ។

តំណាង​ក្រុមហ៊ុន ហ៊ង អាន លោក ហៀរ សុន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​ផ្ដល់​ឯកសារ​ពាក់​ព័ន្ធ​ដល់​មន្ត្រី​មូលដ្ឋាន​អស់​ហើយ មុន​នឹង​ក្រុម​បច្ចេកទេស​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​សម្បទាន ហើយ​ការ​យឺត​យ៉ាវ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ភូមិ មក​ពី​អាជ្ញាធរ​មូលដ្ឋាន។

លោក ហៀរ សុន មាន​ប្រសាសន៍​ដូច្នេះ ៖ «អា​នេះ យើង​គ្រាន់​តែ​សិក្សា​មើល​សិន វា​អត់​មាន​លក្ខណៈ​អី​បង្ក​ឲ្យ​មាន​ការ​លំបាក​អី​ដល់​ប្រជា​ពលរដ្ឋ​ទេ»

មេ​ឃុំ​អូរជុំ លោក វង់ ដូង មាន​ប្រសាសន៍​ថា លោក​ទើប​ទទួល​បាន​ឯកសារ​ក្រុមហ៊ុន​ស្រាវជ្រាវ​រក​រ៉ែ ពី​អាជ្ញាធរ​ស្រុក កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១០។ លោក​បន្ត​ថា ការ​តវ៉ា​របស់​អ្នក​ភូមិ​ពេល​នេះ លោក​នឹង​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក ដើម្បី​ដោះ​ស្រាយ​ជា​បន្ទាន់ ៖ «មក​បោះ​អ៊ីចឹង គឺ​វា​ខុស​ដែរ​ហ្នឹង​ហើយ គឺ​ថា​អត់​បាន​សហ​ការ​ជា​មួយ​អាជ្ញាធរ​ឃុំ។ អា​ដែង​ថា ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ គឺ​ថា​មាន​ការ​ព្រួយ​បារម្ភ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ពី​ករណី​នេះ​ដែរ​ថា ៖ «លោក​មេ​ឃុំ​គាត់​ចុះ​មក​ផ្ទាល់ គាត់​បង្ហាញ​លិខិត​បទដ្ឋាន ដែល​សាធារណៈ ហើយ​លោក​ក៏​ហ៊ាន​ទិតៀន​នូវ​ការ​ចុះ​ធ្វើ​ការ​របស់​ក្រុមហ៊ុន»

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហម​ផាន កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១០ បាន​ធ្វើ​លិខិត​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ស្រាវជ្រាវ​រ៉ែ ទៅ​តាម​អាជ្ញាប័ណ្ណ​ដែល​មាន ក៏​ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​ថា មុន​នឹង​ដំណើរ​ការ​ក្រុមហ៊ុន ត្រូវ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ភូមិ ឃុំ ដែល​មាន​ភូមិសាស្ត្រ​ពាក់ព័ន្ធ​ការ​ស្រាវជ្រាវ ដើម្បី​បង្ហាញ​ពី​គោល​បំណង និង​ព័ត៌មាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ភូមិ ឲ្យ​បាន​ដឹង​ឮ និង​បង្ក​ការ​ងាយ​ស្រួល​ដល់​ក្រុមហ៊ុន៕