រដ្ឋមន្ត្រី​មហាផ្ទៃ​នឹង​ដាក់​ទោស​មន្ត្រី​ណា​ធ្វើ​បាប​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ដែល​ត្រូវ​ចាប់

មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​នឹង​ត្រួត​ពិនិត្យ​និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​មន្រ្តី​ណា ដែល​បាន​ធ្វើ​ទុក្ខ​ទារុណកម្ម​ចំពោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ត្រូវ​ចាប់​ខ្លួន ។

0:00 / 0:00

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដែល​មាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ស្តីទី​ចូលរួម​ជាមួយ​ផង​ដែរ​ថា ៖ «ខ្ញុំ​បាន​ប្រកាន់​នូវ​ជំហរ​មួយ​ច្បាស់លាស់​ថា រដ្ឋាភិបាល ជា​ពិសេស ក្រសួង​មហាផ្ទៃ នឹង​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​រំលោភ​ទៅ​លើ​ស្ត្រី​រកស៊ី​ផ្លូវភេទ ហើយ​យើង​ខ្ញុំ​តាមរយៈ​ក្រសួង​កិច្ចការនារី​ផង ក៏​ដូចជា​តាមរយៈ​មន្ត្រី​ដែល​ចូលរួម​ពីម្សិលមិញ​ផង គឹ​សូម​ឲ្យ​បង្ហាញ​និង​ផ្ដល់​នូវ​ភស្តុតាង​ទាក់ទង​នឹង​មន្ត្រី​ណាមួយ ឬ​ក៏​ក្រុមណាមួយ​ដែល​បាន​ប្រព្រឹត្ត​មិន​គប្បី​ទៅ​លើ​ស្ត្រី​រកស៊ី​ផ្លូវភេទ ប៉ុន្តែ​មកដល់​ពេលនេះ យើង​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ភស្តុតាង​ជាក់លាក់​ទេ»

ការមាន​ប្រសាសន៍​របស់​លោក ស ខេង បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​របាយការណ៍​ព័ត៌មាន​អំពី​ស្រ្តី​រកស៊ី​ផ្លូវភេទ​ដែល​បាន​ជួបជុំ​គ្នា​ប្រមាណ ៤០០​នាក់ កាលពី​ថ្ងៃ​ទី៤ មិថុនា​ថា មាន​ការធ្វើបាប​ចំពោះ​ស្រ្តី​រកស៊ី​ផ្លូវភេទ ក្រោយ​ពេល​ពួកគេ​ត្រូវ​ប៉ូលិស​ចាប់ ។

តំណាង​ស្រ្តី​រកស៊ី​ផ្លូវភេទ​មួយ​រូប​ឈ្មោះ កែវ ថា បាន​រៀបរាប់​អំពី​ការធ្វើបាប​ទាំងនោះ​ថា ៖ «បច្ចុប្បន្ន​នេះ គឺ​ស្ត្រី​តែ​គាត់​ចាប់​បាន​ហើយ បើ​សិន​ជា​ក្មេង​គឺ​គាត់​ត្រូវការ​រំលោភ​តែ​ម្ដង ... បើ​ច្បាប់​ចេញ​ថ្មី គឺ​តឹងរ៉ឹង​តែ​ម្ដង ទី​មួយ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ស្ត្រី​រកស៊ី​ផ្លូវភេទ ពិបាក NGO អប់រំ ទីពីរ​ទៀត ច្បាប់​ហ្នឹង​គឺ​តម្រូវ​ឲ្យ​បិទ​បន​តែម្ដង ហើយ​ដេញ​ចាប់​ស្រី ដូច​ផ្សារត្រី ដូច​ចាប់​ចោរ​អ៊ីចឹង»

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​កាសែត​នោះ​ផងដែរ​ថា តាម​លោក​យល់ ច្បាប់​ប្រឆាំង​អំពើ​ជួញដូរ​និង​ការកេង​ប្រវ័ញ្ច​ផ្លូវភេទ ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ខែ​កុម្ភៈ កន្លងទៅ មិន​បាន​ហាម​ការរកស៊ី​ផ្លូវភេទ​ដោយ​ស្ម័គ្រចិត្ត​នោះ​ទេ ៖ «បើ​ខ្ញុំ​មិន​ច្រឡំ​ទេ មាន​មាត្រា​ខ្លះ​និយាយ​ថា យើង​ប្រឆាំង​ការជួញដូរ ហើយ​ការធ្វើ​អាជីវកម្ម​លើ​ផ្លូវភេទ មាន​ន័យ​ថា បើ​ថៅកែ​ប្រមូល​អ្នករកស៊ី​ផ្លូវភេទ​ទៅ​ដាក់​ម្ដុំ ដើម្បី​កេងប្រវ័ញ្ច​យក​ចំណេញ​នោះ ការបកស្រាយ​របស់​ខ្ញុំ ៗ យល់​ថា ច្បាប់​ដូចជា​មិន​អនុញ្ញាត​ទេ ប៉ុនែ្ត​នៅ​ក្នុង​ច្បាប់​នោះ ក៏​គ្មាន​កន្លែង​ណា ដែល​ហាម​ឃាត់​ទាក់ទង​នឹង​សាមី​ខ្លួន​គេ​ស្ម័គ្រចិត្ត»

សូមជម្រាប​ថា តាម​របាយការណ៍​របស់​ក្រសួង​ការបទេស​អាមេរិក ដែល​ចេញ​ផ្សាយ​នា​ពេល​ថ្មី​ៗ ថា អាជ្ញាធរ​កម្ពុជា​បាន​ប្រឹងប្រែង​ជា​ខ្លាំង​ក្នុង​ការប្រឆាំង​ការជួញដូរ​និង​កេង​ប្រវ័ញ្ច​ផ្លូវភេទ ដោយ​ក្នុង​ឆ្នាំ​២០០៨​នេះ កម្ពុជា​បាន​ទទួល​ឋានៈ​ជា​ប្រទេស​បាន​លំដាប់​លេខ​២ ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​នូវ​គោលនយោបាយ គ្មាន​ការអត់​ឱន​ចំពោះ​មន្រ្តី​ដែល​បាន​ទទួល​ផល​ប្រយោជន៍​ឬ​ឃុបឃិត​ក្នុង​ការជួញដូរ​មនុស្ស​ទៀត​ផង ។

ចាប់ពី​ឆ្នាំ​២០០៣ មក​ទល់​បច្ចុប្បន្ន អាមេរិក​បាន​ផ្តល់​លុយ​ប្រមាណ ១៤​លាន​ដុល្លារ​ហើយ ដើម្បី​ជួយ​លើ​ការប្រឆាំង​ការជួញដូរ​​មនុស្ស​នេះ ៕