ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​គ្រុន​ផ្ដាសាយ​A(H1N1)

មន្ដ្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​៧ មីនា ឆ្នាំ​២០១០​នេះ​ថា នៅ​ចុង​ខែ​មីនា​នេះ គេ​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) ឲ្យ​ដល់​កុមារ ស្ដ្រី​មាន​ផ្ទៃពោះ​និង​បុគ្គលិក​សុខាភិបាល ព្រមទាំង​មន្ដ្រី​នគរបាល​និង​កង​រាជ​អាវុធហត្ថ។

0:00 / 0:00

លោក យឹម ដេត អ្នក​សម្រប​សម្រួល​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នៃ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​កណ្ដាល​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ក្រុម​គោល​ដៅ​ទាំង​ប៉ុន្មាន​នេះ​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​ងាយ​រង​គ្រោះ​និង​ជា​អ្នក​មាន​ភាព​ជិត​ស្និទ្ធ​នឹង​អ្នក​ជំងឺ។

លោក យឹម ដេត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «ថ្នាំ​សម្រាប់​ត្រៀម​រៀបចំ​ចាក់​ហ្នឹង​អត់​បាន​គ្រប់​ទាំង​អស់​គ្នា​ទេ ព្រោះ​គេ​ឲ្យ​មក​វា​តិច​ដែរ។ យើង​ជ្រើស​រើស​ក្រុម​គោលដៅ​ដែល​ក្មេង​៦​ខែ​ទៅ​ក្រោម​២​ឆ្នាំ ស្រ្ដី​មាន​ផ្ទៃពោះ បុគ្គលិក​សុខាភិបាល​និង​រដ្ឋ​អំណាច​មូលដ្ឋាន មាន​ប៉ូលិស ប៉េអឹម»

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ការ​គ្រោង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) ទៅ​លើ​ក្រុម​គោលដៅ​ទាំង​ប៉ុន្មាន​ដូច​បាន​បញ្ជាក់​មក​នេះ គឺ​ជា​ផែនការ​របស់​ក្រសួង​សុខាភិបាល​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​មិនមែន​ធ្វើ​តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ គឺ​នឹង​ធ្វើ​នៅ​ទូទាំង​ប្រទេស។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ថ្នាំ​វ៉ាក់សាំង​ដែល​គេ​ត្រៀម​នឹង​ធ្វើការ​ចាក់​ជា​ដំបូង​គឺ​មាន​ប្រមាណ​៣​សែន​ដូស គឺ​យើង​នឹង​ទទួល​បាន​ប្រមាណ​ជា​១០% នៃ​ប្រជាពលរដ្ឋ។ ដំបូង​យើង​ចាប់​ផ្ដើម​ខេត្ត​ក្រុង​ដែល​យើង​ថា មាន​ជំងឺ​ផ្ដាសាយ​ថ្មី​ហ្នឹង គឺ​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ស្ពឺ​អី​អ៊ីចឹង​ជា​ដំបូង​សិន ហើយ​បន្ទាប់​មក​ទៀត​យើង​នឹង​ពង្រីក​ឲ្យ​បាន​ទូទាំង​ប្រទេស។ វ៉ាក់សាំង​នឹង​មក​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល​១​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០១១ បាន​យើង​បាន​គម្រប់​ដល់​១០% នៃ​ប្រជាពលរដ្ឋ»

មន្ដ្រី​ក្រសួង​សុខាភិបាល​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​កម្ពុជា​មាន​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ចំនួន​៥៦២​ករណី ហើយ​និង​មាន​អ្នក​ស្លាប់​ចំនួន​៦​ករណី ឬ​៦​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​គឺ​មាន​ស្ដ្រី​មាន​ផ្ទៃ​ពោះ​និង​កុមារ​ផង​ដែរ ៖ «ប៉ុន្តែ​គ្រាន់​តែ​ថា វ័យ​ដែល​យើង​ពិនិត្យ​ឃើញ​ភាគ​ច្រើន ច្រើន​តែ​អាយុ​ក្រោម​២០​ឆ្នាំ»

មន្ដ្រី​ក្រសួង​សុខាភិបាល​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) នៅ​ក្នុង​ខែ​មីនា​នេះ បាន​ថយ​ចុះ​ច្រើន​ហើយ គឺ​មាន​តែ​ប្រមាណ​១​ករណី ឬ​២​ករណី​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​ការពារ​និង​ទប់ស្កាត់​ដោយ​ប្រុង​ប្រយ័ត្ន​ដែរ ដូចជា​ការ​ត្រៀម​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​នោះ​ជា​ដើម ពីព្រោះ​គេ​មាន​ក្តី​បារម្ភ​ខ្លាច​ក្រែង​ជំងឺ​នេះ​នឹង​មាន​ការ​ផ្ទុះ​ជា​លើក​ទី​២ ឬ​ទី​៣​នៅ​ពេល​ខាង​មុខ៕