ក្រសួង​យុត្តិធម៌​គ្រោង​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង​កោះ​ហៅ​សមរង្ស៊ី​ឆាប់ៗ

ក្រសួង​យុត្តិធម៌​កម្ពុជា​មាន​គម្រោង​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង កោះ​ហៅ​លោក សម រង្ស៊ី មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នា​ពេល​ឆាប់ៗ​នេះ ដើម្បី​សាក​សួរ​ចម្លើយ​និង​ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ​នៃ​ការ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

គេ​នៅ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ទ្បើយ​ទេ ក្នុង​ការ​ចេញ​ដីកា​កោះ​ហៅ​នោះ។

លោក អង្គវង្ស វឌ្ឍានា ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី នៅ​ថៃ្ង​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា ថា ៖ «លោក​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​ស្វាយរៀង ឃើញ​ថា បន្ទាប់​ពី​បាន​ទទួល​នូវ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​ពី​សភា​ហើយ គេ​នឹង​កោះ​អញ្ជើញ​ឯកឧត្ដម សម រង្ស៊ី ដើម្បី​ធ្វើ​ការ​ស៊ើប​សួរ មិន​មែន​ជា​ការ​សួរ​ចម្លើយ​ទេ គ្រាន់​តែ​ឲ្យ​គាត់​ទៅ​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​នោះ តើ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ? ហើយ​ប្រមូល​ភស្តុតាង​នានា​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​បន្ត​ទៅ​ទៀត»

លោក កែវ ធា ជា​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ប្រាប់​បាន​ទេ​អំពី​កាល​បរិច្ឆេទ​នៃ​ការ​កោះ​ហៅ​លោក សម រង្ស៊ី នោះ។

លោក កែវ ធា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​មិន​អាច​ជម្រាប​ព័ត៌មាន​ជូន​លោក​បាន​ទេ នោះ​ជា​អភ័យ​ឯក​សិទ្ធិ​របស់​ឯកឧត្ដម សម រង្ស៊ី វា​អាស្រ័យ​ទៅ​លើ​សមាជិក​សភា សភា​ដំណើរ​ការ​យ៉ាង​ម៉េច​ខ្ញុំ​អត់​ដឹង​ទេ អ៊ីចឹង​ខ្ញុំ​មិន​អាច​ផ្ដល់​ព័ត៌មាន​ជូន​លោក​បាន​ទេ»

លោក វ៉ា គឹមហុង ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ចម្រុះ​ដោះ​ស្រាយ​វិវាទ​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​នោះ​ថា បង្គោល​ព្រំដែន​ចំនួន​៦​បង្គោល​ដែល​លោក សម រង្ស៊ី បាន​ដក​នោះ ជា​បង្គោល​ព្រំដែន​ដែល​ត្រូវ​បាន​ឯកភាព​គ្នា​រួច​ហើយ​រវាង​ក្រុម​ជំនាញ​ព្រំដែន​កម្ពុជា​និង​វៀតណាម គឺ​មិន​មែន​ជា​ការ​លេង​សើច​កាត់​ទឹក​ដី លក់​ទឹក​ដី​នោះ​ទេ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «នៅ​ខេត្ត​ស្វាយរៀង លោក​(សម រង្ស៊ី) បាន​ឲ្យ​បក្ស​ពួក​លោក គឺ​ថា​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​ចំនួន​៦​បង្គោល ដែល​ព័ទ្ធ​ជុំវិញ​ទីតាំង​បង្គោល​ដែល​ក្រុម​បច្ចេកទេស​យើង​កំពុង​តែ​ខិតខំ​រក​ចំណុច​ត្រឹមត្រូវ​ដើម្បី​កំណត់​ទីតាំង​បង្គោល​ជា​អចិន្រ្តៃយ៍»

ចំណែក​ឯ​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា ៖ «នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ​គឺ​ចម្លែកៗ​មែន​ទែន អ្នក​ដែល​ស្មោះ​ត្រង់​ជាមួយ​នឹង​ប្រទេស​ជាតិ ស្មោះ​ត្រង់​ជាមួយ​នឹង​ប្រជារាស្រ្ដ​បែរ​ទៅ​ជា​មាន​រឿង តែ​អ្នក​ដែល​ធ្វើ​បាប​រាស្ត្រ អ្នក​ដែល​បំផ្លិច​បំផ្លាញ​ជាតិ អ្នក​ដែល​លក់​ជាតិ​បែរ​ទៅ​ជា​រួច​ខ្លួន មាន​បុណ្យ​ស័ក្ដិ»

លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​កាល​បរិច្ឆេទ​សម្រាប់​ការ​វិល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ទ្បើយ​ទេ។

ប្រតិកម្ម​ភ្លាមៗ​ពី​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ខាង​លើ​នេះ គឺ​នៅ​ថៃ្ង​ដដែល ក្រោយ​ពី​សភា​ជាតិ​បាន​លើក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​ពី​លោក សម រង្ស៊ី ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង កោះ​ហៅ​សាក​សួរ​ចម្លើយ​និង​ចោទ​ប្រកាន់​ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា ថ្មីៗ​នេះ។

មន្រ្តី​ជំនាញ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​ជាមួយ​គ្នា​បាន​ចំនួន​ជាង​១០០​បង្គោល​ហើយ​នៅ​ក្នុង​ខេត្ត​ចំនួន​៩ ជាប់​ព្រំដែន​កម្ពុជា​និង​វៀតណាម។ ភាគី​ទាំង​ពីរ​គ្រោង​នឹង​បោះ​បង្គោល​ព្រំដែន​នោះ​ឲ្យ​ហើយ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១២ ដែល​មាន​បង្គោល​សរុប​៣៧០​បង្គោល៕