មន្ត្រី​ក្រសួង​យុត្តិធម៌​ទទួល​យក​ញត្តិ​អ្នក​បឹងកក់​និង​បុរីកីឡា

មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌ ទទួល​យក​ញត្តិ​របស់​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ដែល​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ដោះលែង​លោកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​លោកស្រី ទឹម សាក់មុន្នី សកម្មជន​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីមិច សង់​អគារ​ពីរ​ខ្នង​បន្ថែម នៅ​តំបន់​បុរីកីឡា​នោះ​ហើយ។

0:00 / 0:00

ការ​ចេញ​មក​ទទួល​ញត្តិ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ជិត​១០០​នាក់ នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​យុត្តិធម៌ ក្បែរ​ព្រះបរមរាជវាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តំណាង​ឲ្យ​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា​ពីរ​នាក់ ឲ្យ​ដឹង​ទល់​មុខ​ក្រសួង​យុត្តិធម៌​ថា មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​ដែល​មិន​ប្រាប់​ឈ្មោះ​ម្នាក់ ទទួល​យក​ញត្តិ​របស់​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា។ អ្នក​ភូមិ​ទាំង​អស់​នោះ​អះអាង​ថា មន្ត្រី​រូប​នោះ​និយាយ​ថា គាត់​នឹង​នាំ​យក​ឯកសារ​ទៅ​ថ្នាក់​លើ តាម​ការ​សំណូម​ពរ​របស់​អ្នក​ភូមិ តែ​គាត់​មិន​ធានា​ថា បញ្ហា​នេះ​នឹង​ត្រូវ​គេ​ដោះស្រាយ ឬ​យ៉ាង​ណា​នោះ​ទេ។

លោកស្រី ហេង មុំ តំណាង​អ្នក​បឹងកក់ ដែល​បាន​ចូល​ជួប​មន្ត្រី​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា ទាក់​ទង​នឹង​ការ​យក​ញត្តិ​មក​ដាក់​នៅ​ក្រសួង​យុត្តិធម៌​នេះ លោកស្រី​ហាក់​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ក្រសួង​នឹង​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​នោះ​ទេ តែ​យ៉ាង​នេះ​ក្ដី លោកស្រី​គិត​ថា ក្រែង​លោ​មន្ត្រី​យុត្តិធម៌​ទាំង​នោះ មាន​មនសិការ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ជួយ​រក​ដំណោះស្រាយ​ជូន​អ្នក​ភូមិ​ទាំង​នេះ។

ជាមួយ​គ្នា​នេះ លោកស្រី ឆាយ គឹមហ៊ន តំណាង​អ្នក​បុរីកីឡា ដែល​យក​ញត្តិ​ដាក់​ជូន​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែរ​នោះ ឲ្យ​ដឹង​ថា ទោះ​បី​លោកស្រី​មាន​សង្ឃឹម​តិចតួច​ចំពោះ​ចំណាត់​ការ​នៃ​កិច្ច​អន្តរាគមន៍​របស់​មន្ត្រី​ក្រសួង​នេះ​ក៏ដោយ តែ​លោកស្រី​មិន​អាច​នៅ​ស្ងៀម ដោយ​មិន​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ ដូច្នេះ លោកស្រី​ចាំ​បាច់​ដើរ​ដាក់​ញត្តិ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​លោកស្រី​គិត​ថា​ពួក​គេ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រី​ទាំង​ពីរ​នាក់ ដែល​គេ​ឃុំ​ខ្លួន​នេះ​បាន លោកស្រី​នឹង​ធ្វើ​ជា​បន្ត​រហូត​គេ​ដោះលែង​អ្នក​ទាំង​ពីរ​នាក់​នេះ។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ មន្ត្រី​ព័ត៌មាន​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន កញ្ញា ឡុង គឹមហ៊ាង ដែល​តាម​ដាន​ព្រឹត្តិការណ៍​នៃ​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ចាត់​ទុក​ការ​ចាប់​ខ្លួន​លោកស្រី យ៉ោម បុប្ផា និង​លោកស្រី ទឹម សាក់មុន្នី នេះ​ថា ជា​ការ​ប្រឌិត​រឿង​ឡើង ដើម្បី​បង្វែរ​សាច់​រឿង។ តាម​ពិត ទិសដៅ​សំខាន់​នៃ​ការ​ចាប់​ខ្លួន​នេះ គេ​ចង់​ធ្វើ​យ៉ាង​ណា ដើម្បី​បំបាក់​ស្មារតី​សកម្មជន​តវ៉ា​ដីធ្លី​ប៉ុណ្ណោះ។

កញ្ញា ឡុង គឹមហ៊ាង បញ្ជាក់​ថា ចំពោះ​ករណី​លោកស្រី យ៉ោម បុប្ផា វា​ជា​រឿង​ចម្លែក​មួយ​ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ។ លោកស្រី យ៉ោម បុប្ផា និង​ស្វាមី ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​តាម​ដីកា​ចោទ​ក្នុង​សាច់​រឿង​តែ​មួយ គឺ​បទល្មើស​ព្រហ្មទណ្ឌ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ប៉ុន្តែ​តុលាការ​បាន​ដោះលែង​លោក លួស សាខន ជា​ស្វាមី​លោកស្រី យ៉ោម បុប្ផា ទៅ​វិញ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តែ សំអាង បាន​ទេ នៅ​ថ្ងៃ​ទី​១១ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក។

ទោះ​យ៉ាង​ណា អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​លំនៅឋាន​នៃ​អង្គការ​សហប្រជាជាតិ និង​អង្គការ​ជាតិ​ចំនួន​១០ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១២ សុំ​ឲ្យ​តុលាការ​ពិចារណា​ឡើង​វិញ និង​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោកស្រី យ៉ោម បុប្ផា និង​លោកស្រី ទឹម សាក់មុន្នី សិន ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួក​គាត់​អាច​រក​មេធាវី​ការពារ​ក្ដី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។

លោកស្រី យ៉ោម បុប្ផា ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១២ និង​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ តុលាការ​បាន​ចោទ​លោកស្រី យ៉ោម បុប្ផា និង​ស្វាមី គឺ​លោក លួស សាខន ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់។ ចំណែក​លោកស្រី ទឹម សាក់មុន្នី ត្រូវ​តុលាការ​ចេញ​ដីកា​កោះ​ហៅ កាល​ពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១២ និង​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា និង​សម្រេច​ឃុំ​ខ្លួន នៅ​ថ្ងៃ​នោះ​តែ​ម្ដង ដោយ​តុលាការ​ចោទ​ពី​បទ​ប្រកាស​ព័ត៌មាន​មិន​ពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។