សហគមន៍​ព្នង​នៅ​មណ្ឌលគិរី​គ្រោង​បាតុកម្ម​បណ្ដេញ​ក្រុមហ៊ុន​កូរ៉េ

តំណាង​ប្រជាពលរដ្ឋ​និង​តំណាង​សហគមន៍​ជន​ជាតិ​ព្នង នៅ​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ថា ប្រជាពលរដ្ឋ​នឹង​ធ្វើ​បាតុកម្ម​បណ្ដេញ​ក្រុមហ៊ុន​កូរ៉េ​មួយ​ឲ្យ​ចេញ​ពី​ភូមិ​ឃុំ​របស់​ខ្លួន បន្ទាប់​ពី​ឃើញ​ថា ក្រុមហ៊ុន​នោះ​បាន​ទៅ​បំផ្លាញ​ព្រៃ​តំណម​ជា​ទីសក្ការៈ​របស់​ពួក​គេ។

0:00 / 0:00

តំណាង​សហគមន៍​និង​តំណាង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ដី​តំណម​និង​ដី​កប់​ខ្មោច​ដូនតា​ជា​ទីសក្ការៈ ត្រូវ​បាន​ក្រុមហ៊ុន​កូរ៉េ​មួយ​កាប់​បំផ្លាញ​អស់​ជា​ច្រើន​រយ​ហិកតារ ហើយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ជួយ​ទប់​ស្កាត់​ឬ​បញ្ជាក់​ហេតុផល​ជូន​ពួក​គេ ទើប​ប្រជាពលរដ្ឋ​មាន​ការប្ដេជ្ញា​បែប​នេះ ៖ «សូម្បី​តែ​អភិបាល​ខេត្ត​ក៏​ដឹង​ដែរ រឿង​ក្រុមហ៊ុន​កូរ៉េ។ ហើយ​ប្រជាពលរដ្ឋ គាត់​កំពុង​ទាមទារ ហើយ​ចង់​នាំ​គ្នា​តវ៉ា​ធ្វើ​បាតុកម្ម​ប្រឆាំង ដេញ​ក្រុមហ៊ុន​ហ្នឹង​ចេញ ហើយ​សំណូមពរ​ឲ្យ​ខាង​អាជ្ញាធរ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហ្នឹង ជួយ​ឃ្លាំ​មើល»

តំណាង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថែម​ទៀត​ថា ពួកគេ​ធ្លាប់​បាន​ទប់ស្កាត់​ក្រុមហ៊ុន​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០០៦ ដោយ​ពុំ​ឃើញ​ក្រុមហ៊ុន​មាន​លិខិត​ស្នាម​អនុញ្ញាត​ឲ្យ​ចូល​មក​កាប់​ឆ្ការ មាន​តែ​ការអះអាង​ផ្ទាល់​មាត់​ថា អាជ្ញាធរ​ខេត្ត​អនុញ្ញាត​តែ​ប៉ុណ្ណោះ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៦ កញ្ញា តំណាង​ប្រជាពលរដ្ឋ ២៧​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ទប់ស្កាត់​ម្ដង​ទៀត នៅ​ពេល​ដែល​ឃើញ​ក្រុមហ៊ុន​នោះ កំពុង​តែ​ប្រមូល​ឈើ​ដែល​កាប់​ឆ្ការ ហើយ​ដុត​បំផ្លាញ​បំបាត់​ភស្តុតាង ៖ «ឥឡូវ គេ​កំពុងតែ​រើស​[ឈើ]​កាប់​រួច​ហ្នឹង ហើយ​គល់​ធំៗ​ដែល​កាប់​ហើយ​ហ្នឹង គេ​យក​ភ្លើង​ដុត រួច​ដុត​ហ្នឹង គេ​យក​ដី​ហ្នឹង​លុប​ពី​លើ​ទៀត កុំ​ឲ្យ​គេ​ឃើញ បំបាត់​ភស្ដុតាង»

តំណាង​ប្រជាពលរដ្ឋ​និង​តំណាង​សហគមន៍​បាន​ឲ្យ​ដឹង​បន្ថែម​ថា ការអភិវឌ្ឍ​នៅ​ទី​នោះ​ពុំ​មាន​អាជ្ញាធរ​ណា​ម្នាក់ទៅ​ផ្លាស់ប្ដូរ​យោបល់​អំពី​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ជា​មុន​ឡើយ ហើយ​ក្នុង​ការតវ៉ា មេ​ភូមិ មេ​ឃុំ​បាន​ហាមប្រាម​ដល់​ពួក​គេ​ទៀត​ផង។ ក្រុមហ៊ុន​កូរ៉េ​នោះ​ត្រូវ​អ្នកស្រុក​ឲ្យ​ដឹង​ថា ៖ «ក្រុមហ៊ុន វីស៊ីន ហាយឡែន» អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃ​ដី​ប្រមាណ ១​ពាន់​ហិកតារ។

អភិបាល​ស្រុក​អូររាំង គឺ​លោក នួន សារ៉ន បាន​ជម្រាប​ថា ក្រុមហ៊ុន​នេះ​បាន​ទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក​ខេត្ត ដើម្បី​សិក្សា​សាកល្បង​នៅ​លើ​ផ្ទៃ​ដី ដែល​អាជ្ញាធរ​ស្រុក​ខេត្ត​អនុញ្ញាត។ ហើយ​លោក​បាន​សម្ដែង​ការមិន​សប្បាយ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​អ្វី មិន​មក​រក​អាជ្ញាធរ ច្រើន​តែ​ទៅ​ពឹង​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ លោក​ត្រូវ​តែ​ដោះស្រាយ។

លោក នួន សារ៉ន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បញ្ហា​ឃើញ​កើត​ឡើង​អ៊ីចឹង ខ្ញុំ​ក៏​នៅ​ប្រឈម​ដោះស្រាយ ខ្ញុំ​ស្នើ​ទៅ​ឃុំ​ដើម្បី​ចុះ​ទៅ​មើល ហើយ​ខ្ញុំ​នឹង​បង្កើត​ក្រុមការងារ​ថ្នាក់​ស្រុក​មួយ​ទៀត ដើម្បី​ចុះ​ទៅ​ពិនិត្យ​ទៀត»

មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​វីជីឡែន គឺ​លោក ឯម វាសនា បាន​អះអាង​ថា ការចង់​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ក្រុមហ៊ុន​នោះ​ដោយ​ខ្លួន​ឯង មក​ពី​កន្លង​មក​ប្រជាពលរដ្ឋ​ពុំ​បាន​ទទួល​លទ្ធផល​ពី​ការ​ជួយ​អន្តរាគមន៍​របស់​អាជ្ញាធរ​ឡើយ៕