អ្នកភូមិទាំងនោះ មកពីភូមិបុស្សធំ ភូមិស្រែព្រាង និងភូមិប្រមេ នៃឃុំប្រមេ ស្រុកត្បែងមានជ័យ ដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តព្រះវិហារ។
ស្ត្រីឈ្មោះ រឿង ខាន់ គឺជាជនជាតិភាគតិចគួយម្នាក់ ក្នុងចំណោមជនជាតិគួយជាច្រើនទៀត គាត់បានមានប្រសាសន៍ថា ចាប់តាំងពីដើមខែកញ្ញា កន្លងទៅ ក្រុមហ៊ុនឯកជនចំនួន២ គឺឈ្មោះ ឡាន ហ្វេង និងរួយ ហ្វេង បានជញ្ជូនគ្រឿងចក្រជាច្រើន ទៅឈូសឆាយដីជុំវិញតំបន់ជនជាតិភាគតិច ដែលធ្វើឱ្យប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋ។
ស្ត្រីដដែលបានមានប្រសាសន៍ថា ក្រុមជនជាតិភាគតិចរបស់គាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចបាត់បង់ដីស្រែ ដោយសារតែការឈូសឆាយនេះ៖ «ឈូសអស់ហើយព្រៃតាមស្រែ នៅតែអាសន្ទូងដែលស្ទូងហើយ ៤-១០ស្រែ។ ប៉ះពាល់ដីស្រែបងប្អូនមួយចំនួនច្រើនហើយ មិនដឹងជាធ្វើយ៉ាងម៉េច។ ពួកខ្ញុំទៅចរចាជាមួយនឹងគេ គេអត់ផ្អាកទេ។ គេថាគេផ្អាក លុះត្រាតែលោកចៅហ្វាយស្រុក ខេត្ត ឱ្យគេផ្អាក បានគេផ្អាក។ គ្រឿងចក្រ អាអ៊ិច (AX) ១៥គ្រឿងនោះ។ បើសិនយកអស់ ពួកខ្ញុំបានអី? បើស្រុកស្រែ អត់មានចេះស៊ីឈ្នួលក្រុមហ៊ុនទេជនជាតិនេះ»។
លោក ភុក ពឿន អាយុ ៧០ឆ្នាំ គឺជាចាស់ទុំម្នាក់របស់ជនជាតិភាគតិច នៅក្នុងភូមិប្រមេ គាត់បានមានប្រសាសន៍ថា ដីជាច្រើនដែលកូនចៅរបស់គាត់ធ្វើស្រែ គឺបានចូលទៅក្នុងប្លង់នៃដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជននោះ។ គាត់មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលក្រុមហ៊ុនកំពុងធ្វើការឈូសឆាយដីនៅជុំវិញតំបន់ពួកគាត់រស់នៅ៖ «ព្រួយបារម្ភខ្លាចតែកូនចៅវាអត់ស្រែធ្វើ។ ម្យ៉ាងទៀត ខ្ញុំព្រួយថា ដីពីដូនពីតាមកចំនួន ១ហិកតារ ចុះបើសិនណាក្រុមហ៊ុនឈូសអស់ យើងឯណេះមិនដឹងបានអីទៀតសម្រាប់កូនចៅជំនាន់ក្រោយ។ ហូប ១ហិកតារមិនអាចរស់បានទេ។ ចង់ឱ្យរដ្ឋាភិបាល ជួយដោះស្រាយធ្វើយ៉ាងណា ឱ្យបានដីនោះបែងចែកឱ្យប្រជាជនគ្រប់រូបហ្នឹង ឱ្យបានសមហេតុសមផលមួយរស់»។
នៅក្នុងឃុំប្រមេ ទាំងមូល ពេលបច្ចុប្បន្នមានក្រុមជនជាតិភាគតិចគួយ រស់នៅប្រមាណជាង ៥០០គ្រួសារ។ ពួកគេទាំងនោះ ចង់អភិរក្សអំបូរ ព្រមទាំងផ្ទៃដីជំនឿ និងធម្មជាតិដែលនៅជុំវិញ ឱ្យក្លាយទៅជារបស់សហគមន៍ជនជាតិដើមភាគតិច។
កាលពីអំឡុងខែសីហា កន្លងទៅ ក្រុមជនជាតិភាគតិចគួយជាច្រើនភូមិ បានបដិសេធមិនឱ្យក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី ដើម្បីរៀបចំធ្វើប័ណ្ណកម្មសិទ្ធិឯកជនជូនពួកគេទេ។ ការបដិសេធនោះ ដោយសារតែពួកគេភ័យខ្លាចបាត់បង់ដីកសិកម្ម ដីប្រពៃណី ដីជំនឿ និងដីតំណម ដែលអ្នកផ្សេងអាចនឹងទៅដណ្ដើមយកធ្វើជាដីសម្បទានសេដ្ឋកិច្ចជាដើម។
ពួកគេកំពុងទាមទារឱ្យមន្ត្រីរដ្ឋាភិបាលជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ ដើម្បីចុះវាស់វែង និងចុះបញ្ជីដីធ្លីជាសមូហភាព សម្រាប់សហគមន៍ជនជាតិដើមនៅទីនោះវិញ។
សកម្មជនរបស់ក្រុមជនជាតិដើមភាគតិចគួយ ប្រចាំឃុំប្រមេ បានបង្ហាញគោលគំនិតថា ការធ្វើប្លង់កម្មសិទ្ធិជាសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនោះ គឺអាចជួយការពារដីធ្លីមិនឱ្យក្រុមហ៊ុនរំលោភយកបាន។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមជនជាតិភាគតិចទាំងនោះនៅឡើយទេ។
នៅស្របពេលដែលក្រុមជនជាតិភាគតិចគួយ កំពុងទាមទារចុះបញ្ជីដីធ្លីជាសមូហភាព ហើយមិនទាន់មានការឆ្លើយតបផ្លូវច្បាប់ណាមួយនោះ គេឃើញក្រុមហ៊ុនឯកជនដែលបានទទួលដីសម្បទានសេដ្ឋកិច្ច កាន់តែបន្តសកម្មភាពឈូសឆាយពង្រីកផ្ទៃដីឱ្យបានឆាប់រហ័ស។
លោក ឡោ ច័ន្ទ ជាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះវិហារ បានមានប្រសាសន៍ថា ដីនៅក្នុងឃុំប្រមេ នោះ បានកើតមានបញ្ហាចំនួន២ គឺជាមួយនឹងអាជ្ញាធរស្រុកត្បែងមានជ័យ ដែលបានយកមួយចំនួនទៅធ្វើសាលាស្រុក ក៏ប៉ុន្តែបញ្ហានោះបានដោះស្រាយរួចហើយ និងបញ្ហាមួយទៀត ប្រឈមមុខជាមួយក្រុមហ៊ុន ឡាន ហ្វេង និងក្រុមហ៊ុន រួយ ហ្វេង ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។
អង្គការសិទ្ធិមនុស្សដដែល បានបញ្ជាក់ថា កន្លងមក សហគមន៍ជនជាតិភាគតិច ធ្លាប់បានសុំទៅក្រុមនិស្សិតវាស់វែងដី ក៏ដូចជាអាជ្ញាធរឱ្យមានការចុះបញ្ជីជាសមូហភាព តែសំណើនោះមិនត្រូវបានគេចុះឱ្យទៅតាមការចង់បានឡើយ៖ «ហើយរហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ហ្នឹង គាត់បានដាក់ពាក្យបណ្ដឹងមកខាងខ្ញុំ ស្នើសុំឱ្យជួយអន្តរាគមន៍ទៅខាងអាជ្ញាធរខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍ទៅលើក្រុមហ៊ុន២ ទី១ ក្រុមហ៊ុន ឡាន ហ្វេង និងទី២ ក្រុមហ៊ុន រួយ ហ្វេង។ ក្នុងអំឡុងខែកញ្ញា ក្រុមហ៊ុនទាំងពីរហ្នឹង បានធ្វើការឈូសឆាយទៅលើដីស្រែ ដីចម្ការរបស់ពួកគាត់»។
លោក ប៉ាង យៀត ជាអភិបាលស្រុកត្បែងមានជ័យ បានទទួលស្គាល់ថា បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន១ទេ គឺ ឡាន ហ្វេង ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៩ពាន់ហិកតារ ដើម្បីដាំអំពៅនៅជុំវិញតំបន់នោះ។ ក៏ប៉ុន្តែ អាជ្ញាធរមិនបានរកឃើញថាក្រុមហ៊ុននេះ បានឈូសឆាយដីប៉ះពាល់ដល់ស្រែចម្ការរបស់ប្រជាពលរដ្ឋនៅម្តុំណាមួយឡើយ៖ «ឥឡូវអ្នកណាខ្លះដែលថាប៉ះ គឺសុំមកជួប ដើម្បីយើងទៅសិក្សារកឱ្យឃើញ។ ហើយខ្ញុំកំពុងឱ្យឃុំស្រាវជ្រាវដែរ។ តើដីស្រែណាខ្លះដែលប៉ះ។ ប្រសិនជាប៉ះមែន យើងនឹងទៅដកយកពីក្រុមហ៊ុនវិញ។ ដល់ឱ្យនាំទៅបង្ហាញដើម្បីយើងដោះស្រាយជូនគាត់វិញ អត់ឃើញមក»។
ទោះយ៉ាងណា កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ ក្រុមជនជាតិភាគតិចចំនួន ៣ភូមិ បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅអង្គការសិទ្ធិមនុស្ស។ ក្នុងពាក្យបណ្ដឹងនោះនិយាយថា ក្រុមហ៊ុន ឡាន ហ្វេង និងរួយ ហ្វេង បានប្រើគ្រឿងចក្រឈូសឆាយដីនៅជុំវិញតំបន់ពួកគេរស់នៅ បណ្ដាលឱ្យប៉ះពាល់ដល់ដីស្រែចម្ការបម្រុង ចម្ការវិលជុំជាច្រើន។ បន្ថែមលើនេះ ការឈូសឆាយដី បានធ្វើឱ្យបាត់បង់នូវព្រៃជម្រកសត្វ រណ្ដៅច្បោះជ័រ ព្រៃរុក្ខជាតិ ថ្នាំបូរាណ និងវាលស្មៅសម្រាប់គោក្របីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
