អ្នក​ភូមិ​បឹង​កក់​អបអរសាទរ​និង​បារម្ភ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ភូមិ​បឹង​កក់ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា បាន​សម្ដែង​ការ​អបអរសាទរ​លាយឡំ​នឹង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កាត់​ដី​ចំនួន​ជិត ១៣​ហិកតារ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ឲ្យ​ពលរដ្ឋ។

0:00 / 0:00

មន្ត្រី​និង​ពលរដ្ឋ​នៅ​តែ​សម្ដែង​ក្ដី​បារម្ភ​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​សន្យា​ថា​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ក៏ដោយ ប៉ុន្តែ​ការ​សន្យា​របស់​រដ្ឋាភិបាល​កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​​មិន​បាន​អនុវត្ត​នោះ​ទេ។

ប្រតិកម្ម​របស់​អ្នក​ភូមិ និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន សុខ​ចិត្ត​ផ្ដល់​ដី​ទំហំ​ជិត ១៣​ហិកតារ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់។ ផ្ទៃ​ដី​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជិត ១​ពាន់​គ្រួសារ​សាងសង់​លំនៅឋាន។

អ្នក​ភូមិ​បឹង​កក់ អ្នកស្រី ទុល ស្រីពៅ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា បាន​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​លោក ហ៊ុន សែន ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បារម្ភ​ចំពោះ​ការ​អនុវត្ត​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន ៖ «យើង​ដឹង​ស្រាប់​ហើយ​ថា ប្រទេស​យើង​មិន​ទាន់​បំបាត់​អំពើ​ពុករលួយ​បាន​នៅ​ឡើយ។ ពេល​ឃើញ​ដី ពួក​មន្ត្រី​នៅ​តែ​ស្រេកឃ្លាន។ យើង​ភ័យ​ព្រួយ សម្ដេច​ឲ្យ​ហើយ តែ​មន្ត្រី​ក្រោម​ឱវាទ​យក​ដី»

ធនាគារ​ពិភពលោក​កាល​ពី​សប្ដាហ៍​មុន គំរាម​ផ្អាក​ជំនួយ​ជា​ប្រាក់​កម្ចី​ដល់​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្ដល់​ដំណោះស្រាយ​ដល់​អ្នក​ភូមិ​បឹង​កក់។ ធនាគារ​បាន​ផ្អាក​ប្រាក់​កម្ចី​ទាំង​ស្រុង​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ដោយសារ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​ដំណោះស្រាយ​ដល់​ពលរដ្ឋ​បឹង​កក់។ គម្រោង​របស់​ធនាគារ​ពិភពលោក​នៅ​កម្ពុជា មាន​ទឹក​ប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ។

អ្នកស្រី ទុល ស្រីពៅ ក៏​បាន​ថ្លែង​អំណរគុណ​ទៅ​ដល់​ធនាគារ ដែល​បាន​ដាក់​សម្ពាធ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​ផ្ដល់​ដំណោះស្រាយ​សមស្រប​មួយ​ឲ្យ​អ្នក​ភូមិ។

អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជិត ៣​ពាន់​គ្រួសារ ត្រូវ​បាន​បណ្ដេញ​ដោយ​បង្ខំ​ចេញ​ពី​ផ្ទះសម្បែង ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​មាន​ភាគ​ហ៊ុន​ចិន និង​ខ្មែរ អភិវឌ្ឍ​តំបន់​បឹង​កក់​ដែល​មាន​ទំហំ​ប្រមាណ​ជាង ១០០​ហិកតារ។ ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ បច្ចុប្បន្ន​មាន​ពលរដ្ឋ​បឹង​កក់​នៅ​សេសសល់​ពី​ការ​បង្ខំ​បណ្ដេញ​ចេញ​ប្រមាណ ១​ពាន់​គ្រួសារ កំពុង​រស់​នៅ​តំបន់​នេះ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​សីហា នៅ​តែ​សម្ដែង​មន្ទិល​សង្ស័យ​ជុំវិញ​សេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា កន្លង​មក​ការ​សន្យា​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​មិន​ត្រូវ​បាន​គោរព​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថា មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្អាក​ប្រាក់​កម្ចី​ធនាគារ​ពិភពលោក​នោះ​ទេ។ លោក​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ពន្យារ​ពេល​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​បឹង​កក់ ដោយសារ​តែ​ពលរដ្ឋ​ខ្លះ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ ៖ «ធនាគារ​ពិភពលោក​គ្រាន់​តែ​ឆក់​ឱកាស​ក្នុង​ពន្លឺ​សំឡេង​ប្រាសចាក​សេចក្ដី​ព្រមព្រៀង​កម្ពុជា និង​ធនាគារ​ពិភពលោក»

ធនាគារ​ពិភពលោក​កាល​ពី​ខែ​មីនា បាន​សារភាព​ថា ធនាគារ​បាន​បរាជ័យ​ក្នុង​ការពារ​ពលរដ្ឋ​បឹង​កក់ ក្នុង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​ភូមិ ក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។ ធនាគារ​បាន​សន្យា​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដី​បឹង​កក់ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន។

បញ្ហា​ដីធ្លី​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​សហប្រជាជាតិ ដោយសារ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​បាត់បង់​លំនៅឋាន៕