អ្នក​ភូមិ​នៅ​មណ្ឌលគិរី​ថា​អាជ្ញាធរ​បំភិត​បំភ័យ​មិន​ឲ្យ​​​ជួប​ប្រជុំ​គ្នា

អ្នក​ភូមិ​មួយចំនួន​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​នៅ​ថ្ងៃ​៨ មីនា​ថា អាជ្ញាធរ​ឃុំ​ប៊ូស្រា បាន​តាម​ដាន​អ្នក​ភូមិ​ជាប់​ជា​ប្រចាំ ជា​ការ​បំភិត​បំភ័យ​មិន​ឲ្យ​ពួកគាត់​អាច​ជួប​ជុំ​គ្នា​នៅ​តាម​ភូមិ​ដើម្បី​ពិភាក្សា​អ្វី​បាន​ឡើយ មិន​តែប៉ុណ្ណោះ មេ​ឃុំ​បាន​តម្រូវ​ឲ្យ​ប្រជាជន​ប្រាប់​ដំណឹង​ស្តីពី​ការ​ដើរ​ហើរ​​របស់​អ្នក​ភូមិ​ថែម​ទៀត​ផង។

0:00 / 0:00

អ្នក​ភូមិ​ម្នាក់​បាន​រៀបរាប់​បែប​នេះ​ថា ៖ «គេ​ឲ្យ​ប៉ូលិស ប៉េអឹម​តាម​ដាន​ខ្លាច​ប្រជាពលរដ្ឋ​ជំនុំ​គ្នា​តវ៉ា​ដីធ្លី»

ស្រ្តី​អ្នក​ភូមិ​ម្នាក់​ផ្សេង​ទៀត​បាន​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បាន​រៀប​រាប់​ថា អ្នក​ភូមិ​កំពុង​តែ​រងា​ខណៈ​ដែល​អាជ្ញាធរ​ជា​ម៉ែ​ឪ​មិន​ជួយ​ដោះស្រាយ​ប្រគល់​ដីធ្លី​មក​ឲ្យ​ពួកគាត់​វិញ ហើយ​បែរ​ជា​តាម​ដាន​ពួកគាត់​ជាប់​ជា​ប្រចាំ​បែប​នេះ ៖ «តាំង​ពី​ប៉ុស្ដិ៍​រដ្ឋបាល តាំង​ពី​មេ​ឃុំ​ជា​អាជ្ញាធរ គាត់​មាន​ការ​តាម​ដាន​ទៅ​លើ​ប្រជាពលរដ្ឋ ព្រោះ​អី​អ្វី​ដែល​គាត់​ទាមទារ​ទៅ​វា​អត់​បាន ដល់​អត់​បាន​ទៅ​គាត់​នៅ​តែ​ទាមទារ»

ស្រ្តី​រូប​នេះ​បន្ត​ថា គេ​កំពុង​រក​មុខ​មេ​ដឹកនាំ​សហគមន៍​និង​រក​ភស្តុតាង​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​ពី​បទ​ចោទ​ថា ញុះញង់ ៖ «គេ​អាច​ដឹង​ថា តំណាង​សហគមន៍​អ្នក​នាំ​ទៅ​ជួប​អី ប៉ុន្តែ​គេ​អត់​ទាន់​មាន​ភស្តុតាង​ថា អ្នក​ហ្នឹង​ជា​អ្នក​នាំ។ បើ​គេ​មាន​ភស្តុតាង គេ​ថា គេ​មិន​អាច​ឲ្យ​អ្នក​ហ្នុង​រួច​ទោស​ទេ»

កាល​ពី​ថ្ងៃ​ទី​៤ មីនា កន្លង​មក​នេះ អាជ្ញាធរ​ឃុំ​បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​ប្រមាណ​ជាង​៣០​នាក់ ដើម្បី​បក​ស្រាយ​ទៅ​វិញ​ទៅ​មក​អំពី​ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​សុកហ្វីនខេស៊ីឌី លើ​ដី​ដាំ​កៅស៊ូ​ចំនួន​ជាង​២.៧០០​ហិកតា​នៅ​ក្នុង​ឃុំ​ប៊ូស្រា។ កិច្ច​ប្រជុំ​នោះ​បាន​បញ្ចប់​ទៅ​ដោយ​ភាពតឹង​សរសៃ​ក ហើយ​គ្មាន​លទ្ធផល​ក្រៅ​តែ​ពី​ការ​ទាមទារ​របស់​មេ​ឃុំ​ប៊ូស្រា តម្រូវ​ឲ្យ​ប្រជាជន​រាយ​ការណ៍​ច្បាស់​លាស់​ពី​ការ​ដើរ​ហើរ​​របស់​ខ្លួន​ចាប់​ពី​ពេល​ចប់​កិច្ច​ប្រជុំ​ត​ទៅ។

អ្នក​ភូមិ​បាន​រាយ​ការណ៍​ថា ពី​ពេល​នោះ​មក​ពួកគាត់​ត្រូវ​ប៉ូលិស​និង​អាវុធហត្ថ​តាម​ឃ្លាំមើល​គ្រប់​សកម្មភាព មិន​អាច​ជួប​ជុំ​ជជែក​គ្នា​បាន​ទេ បើ​ទោះ​ជា​ចង់​គិតគូរ​ដល់​ការ​រៀបចំ​បុណ្យ​ទាន​សែន​ភូមិ​អបអរ​ឆ្នាំ​ថ្មី​ក៏ដោយ។

ប្រធាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៊ូស្រា លោក សឿន សុភ័ក្រ មិន​អាច​បំភ្លឺ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​ទេ ដោយ​លោក​និយាយ​ថា​ជាប់​ប្រជុំ។ ចំណែក​ឯ​មេ​ឃុំ​ប៊ូស្រា លោក កេង ញ៉ក់ បាន​បដិសេធ​ថា លោក​មិន​បាន​ឲ្យ​គេ​តាម​ដាន​អ្នក​ភូមិ​នោះ​ឡើយ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា បាន​ស្នើ​ឲ្យ​អ្នក​ភូមិ​រាយ​ការណ៍​ពី​ដំណើរ​របស់​ខ្លួន​ក្នុង​ពេល​ចាកចេញ​ពី​មូលដ្ឋាន​មែន ដើម្បី​លោក​បាន​ដឹង​ជា​មុន ជា​ប្រយោជន៍​គិត​ដល់​សុវត្ថិភាព​ពួកគាត់​ប៉ុណ្ណោះ។

លោក សឿន សុភ័ក្រ មាន​ប្រសាសន៍​ដូច្នេះ ៖ «ឲ្យ​ដឹង​ថា ទៅ​សិក្ខាសាលា​ឬ​ទៅ​ទំនាក់ទំនង​ការងារ​អ្វី​មួយ។ រឿង​ទំនាក់​ទំនង​គេ​មិន​ហាម​ឃាត់​ទេ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គ្រួសារ​គាត់ អាជ្ញាធរ​ដឹង​ផង ហើយ​ជួយ​មើល​ការ​ខុស​ត្រូវ​គាត់»

មន្រ្តី​ស៊ើប​អង្កេត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ថ្លែង​ថា សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​​និង​បញ្ចេញ​មតិ​របស់​អ្នក​ភូមិ​ត្រូវ​បាន​មេ​ឃុំ​ប៊ូស្រា​គាប​សង្កត់។ នេះ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ។

លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា ៖ «ត្រូវ​តែ​ជម្រាប​ប្រាប់​មេ​ឃុំ​មុន​នឹង​មក បាន​អាច​មក​បាន។ ហ្នឹង​បើ​និយាយ​រឿង​ច្បាប់ វា​ជា​រូបភាព​មួយ​ដែល​រារាំង​សេរីភាព​ដើរ​ហើ សេរីភាព​បញ្ចេញ​មតិ។ បើ​និយាយ​ទៅ​វា​ជា​កំហុស​ឆ្គង​មួយ​ធ្ងន់​ណាស់»

ក្រុមហ៊ុន​សុកហ្វីនខេស៊ីឌី បាន​វិនិយោគ​ដាំ​កៅស៊ូ​លើ​ផ្ទៃ​ដី​ប្រមាណ​២.៧០០​ហិកតា នៅ​ក្នុង​ឃុំ​ប៊ូស្រា។ បន្ទាប់​ពី​ទទួល​គោលការណ៍​ពី​រដ្ឋាភិបាល​រួច​មក គេ​បាន​ឈូស​ឆាយ​ប៉ះពាល់​ទៅ​លើ​ដី​ព្រៃ​កប់​ខ្មោច ដី​ព្រៃ​គោរព​បូជា​និង​ដី​ចម្ការ​របស់​អ្នក​ភូមិ​ប្រមាណ​៦​ភូមិ៕