សារព័ត៌មាន​បែប​ថ្មី​និង​ឥទ្ធិពល​លើ​នយោបាយ

ក្លឹប​អ្នក​កាសែត និង​អ្នក​កាសែត​អាជីព​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​រីក​ចម្រើន​នូវ​ប្រភេទ​​សារព័ត៌មាន​បែប​ថ្មី មាន​ដូច​ជា កាសែត អនឡាញ (Online) ឬ​វ៉ឹបសាយ (Website) ជា​ច្រើន​អង្គភាព និង​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​ទូទៅ មិន​ថា​ឥស្សរជន​ជា​ថ្នាក់​ដឹក​នាំ​នយោបាយ ឬ​មនុស្ស​សាមញ្ញ​នោះ​ទេ។

0:00 / 0:00

សារព័ត៌មាន​បែប​ថ្មី និង​ឥទ្ធិពល​លើ​នយោបាយ គឺ​ជា​ប្រធានបទ​នៃ​វេទិកា​តុមូល ដែល​ត្រូវ​បាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លើក​យក​មក​ពិភាក្សា​ក្នុង​វេទិកា​តុ​មូល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) ដោយ​ចូល​រួម​ពី​ក្រុម​អ្នក​កាសែត​មក​ពី​អង្គភាព​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា។

សារព័ត៌មាន​បែប​ថ្មី​សំដៅ​លើ​ការ​បង្កើត​កាសែត​តាម​អ៊ិនធឺណិត (Internet) ការ​បង្កើត​វ៉ឹបសាយ​ផ្ទាល់​ខ្លួន និង​ជាពិសេស​តាម​រយៈ​ហ្វេស ប៊ុក (Face book) ឬ​ក៏​មាន​បណ្ដាញ​វ៉ឹបសាយ​ជា​ច្រើន​ទៀត កំពុង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា។

លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា មាន​ប្រសាសន៍​ថា គោលបំណង​បង្កើត​វេទិកា​តុ​មូល​នេះ​ឡើង ប្រយោជន៍​​​ផ្តល់​ឱកាស​​ដល់​អ្នក​សារព័ត៌មាន​ទូទៅ ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​សារព័ត៌មាន​បែប​ថ្មី និង​ឥទ្ធិពល​លើ​នយោបាយ ព្រម​ទាំង​ផល​ប៉ះ​ពាល់​នៃ​បច្ចេកវិទ្យា​ទាំង​នេះ។

លោក​បន្ថែម​ថា បច្ចេកវិទ្យា​ព័ត៌មាន​បែប​ថ្មី​នៅ​កម្ពុជា ត្រូវ​បាន​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​ឥទ្ធិពល​របស់​វ៉ឹបសាយ ឬ​កាសែត អនឡាញ​ទាំង​នេះ ក្នុង​នោះ​រួម​មាន​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​ចូល​រួម​ប្រើប្រាស់​នូវ​សារព័ត៌មាន​បែប​ថ្មី​នៅ​សម័យ​ទំនើប​នេះ​ដែរ។

យ៉ាងណា​ក៏​ដោយ លោក ប៉ែន សមិទ្ធិ បាន​សង្កត់​ធ្ងន់​ថា ទន្ទឹម​នឹង​បច្ចេកវិជ្ជា​ព័ត៌មាន​នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន​ បច្ចេកវិជ្ជា​នេះ​អាច​នឹង​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ។

ចំពោះ​ផល​អវិជ្ជមាន លោក​បាន​លើក​ករណី​បុគ្គលិក​សន្តិសុខ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ​ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ថត​ចម្លង​ព័ត៌មាន​ដែល​ផ្សាយ​តាម​គេហទំព័រ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អាច​ស្វែង​រក​មិត្តភ័ក្ដិ ឬ​គូសង្សារ ផ្តើម​ចេញ​ពី​បច្ចេកវិទ្យា​សារព័ត៌មាន​ទំនើប​នេះ​ដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ជា​អ្នក​គាំទ្រ​បច្ចេកវិទ្យា​ទំនើប​ម្នាក់​ដែរ មាន​ប្រសាសន៍​ថា នៅ​កម្ពុជា អ្នក​ប្រើ​ប្រាស់​មាន​ការ​ចាប់​អារម្មណ៍​នឹង​ឥទ្ធិពល​របស់​វា គឺ​នៅ​មាន​ចំនួន​តិចតួច មិន​ដូច​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ផ្ដើម​ពី​បច្ចេកវិទ្យា​បែប​ថ្មី ពិត​ជា​មាន​ឥទ្ធិពល​បាន​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក។

លោក កឹម សុខា បន្ត​ថា ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​មិន​គួរ​មាន​គម្រោង​បិទ​វ៉ឹបសាយ ឬ​តាម​រយៈ​បច្ចេកវិទ្យា​នេះ រដ្ឋាភិបាល​ធ្វើការ​ចាប់​ចង​បំភិតបំភ័យ​ទៅ​លើ​អ្នក​អាន​នោះ​ទេ។

លោក​បាន​បញ្ចេញ​ទស្សនៈ​បន្ថែម​ដូច្នេះ ៖ «ឥទ្ធិពល​វា​អាច​មាន​តិចតួច ប៉ុន្តែ​ខ្ញុំ​ជឿ​ថា អនាគត​ទៅ​វា​អាច​មាន​ច្រើន។ អ្វី​ដែល​យើង​ធ្វើ​នេះ ភាគ​ច្រើន​ឥទ្ធិពល​នៅ​ក្រៅ​ប្រទេស​ទេ។ ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស និង​អន្តរជាតិ​ខ្លះ​ដែល​គេ​ចាប់​អារម្មណ៍​លើ​ស្រុក​ខ្មែរ អា​ហ្នឹង​ឥទ្ធិពល​ច្រើន»

លោក ឆាយ សុផល សមាជិក​គណៈកម្មាធិការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​ក្នុង​វេទិកា​តុ​មូល ក៏​បាន​​បង្ហាញ​ពី​ឥទ្ធិពល​នៃ​សារព័ត៌មាន​​បែប​ថ្មី​ដល់​ក្រុម​អ្នក​កាសែត ដោយ​បាន​លើក​យក​វ៉ឹបសាយ វីឃីលិគ (Wikileaks) ដែល​បាន​ទម្លាយ​នូវ​ព័ត៌មាន​សម្ងាត់​នៃ​ទំនាក់​ទំនង​របស់​សហរដ្ឋ​​អាមេរិក ជាមួយ​​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ​​រួម​ទាំង​ប្រទេស​កម្ពុជា​ផង។ លោក​ថា ទន្ទឹម​នឹង​ភាព​រីក​ចម្រើន​នៃ​សារព័ត៌មាន​បែប​ថ្មី បច្ចេកវិទ្យា​នេះ​ក៏​អាច​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ទៅ​ដល់​​វិជ្ជាជីវៈ​សារព័ត៌មាន​​អាជីព​ផង​ដែរ។

លោក ប៉ែន បូណា អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ ជា​ភាសា​ខ្មែរ បាន​ថ្លែង​ក្នុង​វេទិកា​តុ​មូល​ថា ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​បែប​ថ្មី គឺ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សាធារណជន​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន។

លោក​ថា សម្រាប់​អ្នក​កាសែត​ផ្នែក​កាសែត​បោះ​ពុម្ព វិទ្យុ និង​ទូរទស្សន៍ ដែល​ប្រកាន់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ក្នុង​ពេល​ដែល​សារព័ត៌មាន​បែប​ថ្មី​តាម​អ៊ិនធឺណិត កំពុង​រីក​ដុះដាល​នា​ពេល​នេះ។

លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​លើក​ឡើង​ពី​ស្ថិតិ​ស្រាវជ្រាវ​របស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស DMC បាន​បង្ហាញ​ថា នៅ​កម្ពុជា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១០ អ្នក​ប្រើប្រាស់​អ៊ិនធឺណិត មាន​ចំនួន​ជាង ១១​ម៉ឺន​នាក់ និង​មាន​វ៉ឹបសាយ​ដែល​ទាក់ទង​នឹង​កម្ពុជា មាន​ចំនួន​ជាង ២​ពាន់​វ៉ឹបសាយ ហើយ​ក្នុង​នោះ ក៏​មាន​វ៉ឹបសាយ ដែល​មាន​កន្ទុយ kh (www.ken.com.kh) មាន​ចំនួន​ជាង ១​ពាន់​វ៉ឹបសាយ។ រី​ឯ​កាហ្វេ​អ៊ិនធឺណិត (អ៊ិនធឺណិត​ជួល​តាម​ផ្ទះ) នៅ​ទូទាំង​​ប្រទេស គិត​ត្រឹម​​​ឆ្នាំ​​២០១០ មាន​ចំនួន​ជាង ៣២០ ​នៅ​ភ្នំពេញ មាន​ហាង​កាហ្វេ អ៊ិនធឺណិត មាន​ចំនួន ១២០ កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា។

ទាក់​ទង​ផ្នែក​នយោបាយ​វិញ បច្ចេកវិជ្ជា​ព័ត៌មាន​ទំនើប​អាច​​បញ្ជូន​ព័ត៌មាន​សេរី​​​ផ្សព្វផ្សាយ​​ទៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត ឬ​ប្រទេស​កាន់​អំណាច​ផ្ដាច់ការ គាប​សង្កត់​សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិ​បញ្ចេញ​មតិ ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​បាន​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​​ប្រទេស​ទាំង​នោះ​មិន​អនុញ្ញាត​ឲ្យ​បង្កើត​សារព័ត៌មាន​សេរី ហើយ​តាមរយៈ​បច្ចេកវិជ្ជា​ព័ត៌មាន​ទំនើប​គេ​ក៏​អាច​រិះគន់​មេដឹកនាំ​នានា​បាន​ដោយ​អនាមិក​ផង​ដែរ៕