ក្រសួង​សេដ្ឋកិច្ច៖ ក្រុមហ៊ុន​ផ្ទះ​ល្វែង​ចំនួន​១៧​គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម

ក្រុម​ការងារ​អន្តរ​ក្រសួង ដើម្បី​គ្រប់​គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រំលឹក​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា សព្វ​ថ្ងៃ​នេះ​មាន​ក្រុមហ៊ុន​ផ្ទះ​ល្វែង ឬ​បុរី​ចំនួន​១៧ សាងសង់​គ្មាន​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ជំនាញ​ទេ។
ដោយ ដែន អយុធ្យា
2012-06-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផ្ទះ​ល្វែង ៣០៥
១៨-មករា-២០១២៖ ផ្ទះល្វែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ
RFA/Vohar Cheath

សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ របស់​ក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​១៧ សង់​គ្មាន​អាជ្ញាប័ណ្ណ​រួម​មាន បុរី រុងរឿង Luxurious Apartment 240 បុរី អាកាសចរណ៍ សំណង់​ផ្ទះ​ល្វែង ម៉ៅ យឹម សំណង់​ផ្ទះ​ល្វែង តុល លន បុរី មនោរម្យ (ឫស្សីកែវ) បុរី សូនី បុរី កាំង ម៉េង Hawaii Apartment & Resort បុរី ពោធិចិនតុង បុរី ភូមិ​ខ្ញុំ បុរី​សែន​មនោរម្យ បុរី ទំនើប​ឡូស៊ីផេង បុរី វាលស្បូវ បុរី New York City ក្រុមហ៊ុន​ផ្ទះ​ល្វែង កូឡុន កម្ពុជា និង​សំណង់​ផ្ទះ​ល្វែង​រុក្ខជាតិ​បៃតង។

មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​១៧ នេះ កំពុង​លក់​លំនៅឋាន​របស់​ខ្លួន គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច ឲ្យ​ស្រប​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០០៩ ស្តី​ពី​ការ​គ្រប់​គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​នោះ​ទេ។

ទោះ​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន បុរី ឬ​ផ្ទះ​ល្វែង​គ្មាន​ច្បាប់ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ទិញ​ផ្ទះ​ក្តី ក៏​ប៉ុន្តែ​ត្រូវ​បាន​សមាជិក​សភា​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ធ្ងន់ធ្ងរ​ទៅ​វិញ។

លោក យ៉ែម បុញ្ញប្ញទ្ធិ អគ្គលេខាធិការ និង​ជា​សមាជិក​សភា​គណបក្ស សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ លោក​បាន​ចាត់​ទុក​ការ​គ្រប់​គ្រង់​របស់​ក្រសួង​ពាក់ព័ន្ធ​ទៅ​លើ​ក្រុមហ៊ុន​សំណង់​ផ្ទះ​ល្វែង ឬ​បុរី ថា មាន​ភាព​អន់​ខ្សោយ និង​មិន​ទទួល​ខុស​ត្រូវ។

លោក​ថា ក្រសួង​ជំនាញ​គួរ​ជា​អ្នក​ទទួល​ខុស​ត្រូវ ឬ​ការពារ​សុវត្ថិភាព​ផ្នែក​ច្បាប់​ជូន​ពលរដ្ឋ មិន​មែន​ពលរដ្ឋ​រង​គ្រោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ ព្រោះ​រដ្ឋាភិបាល ឬ​ក្រសួង​ជំនាញ​ជា​អ្នក​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ផ្ទះ​ល្វែង ឬ​បុរី​សង់​សំណង់​គ្មាន​ច្បាប់ ប៉ុន្តែ​គ្មាន​វិធានការ​ទប់​ស្កាត់​ទៅ​វិញ។

លោក យ៉ែម បុញ្ញប្ញទ្ធិ៖ «ពេល​សំណង់​សង់​ហើយ ប្រជាពលរដ្ឋ​ទិញ​ហើយ ទើប​ប្រកាស​បែប​នេះ​ទៅ​វិញ។ ដូច្នេះ អ្នក​ដែល​រង​គ្រោះ គឺ​ប្រជាពលរដ្ឋ ដោយ​សារ​លោក​មិន​បាន​ដឹង ហើយ​ផ្ទះ​អាច​មាន​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត ដោយ​សារ​គ្មាន​ការ​ធានា​រ៉ាប់រង​ច្បាស់​លាស់ ខាត​បង់​ច្រើន​ណាស់។ ការ​ប្រឈម​មួយ​ទៀត គឺ​ការ​ខាត​បង់​ថវិកា​របស់​ប្រជាពលរដ្ឋ​នេះ ជា​រឿង​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត។ ខ្ញុំ​យល់​ថា ការ​គ្រប់​គ្រង​បែប​នេះ​មាន​ផល​វិបាក​ដល់​សង្គម​ធ្ងន់ធ្ងរ​មែន​ទែន»

មិន​ខុស​គ្នា​ទេ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល ក៏​បាន​រិះគន់​របៀប​គ្រប់​គ្រង​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ជំនាញ នៃ​រាជ​រដ្ឋាភិបាល ជុំវិញ​ការ​អនុញ្ញាតិ​ឲ្យ​សំណង់​ផ្ទះ​ល្វែង ឬ​បុរី សាងសង់​គ្មាន​ច្បាប់។

លោក សន ជ័យ ជា​មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ លោក​ថ្លែង​ថា ការ​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ផ្ទះ​ល្វែង ឬ​បុរី រក​ស៊ី​ខុស​ច្បាប់ និង​ប្រាស់​ប្រជាពលរដ្ឋ​ស្ថាប័ន​ជំនាញ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

លោក សន ជ័យ៖ «យើង​ចង់​ឲ្យ​រដ្ឋាភិបាល​បំពេញ​តួនាទី​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។ ផ្ទះ​ដែល​បាន​ទិញ​ហើយ រដ្ឋាភិបាល​ត្រូវ​តែ​បំពេញ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ ពិសេស​ក្រសួង​រៀបចំ​ដែនដី ឲ្យ​មាន​វិធានការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​តាម​គ្រប់​មធ្យោបាយ ដើម្បី​ឲ្យ​សំណង់​ស្រប​ច្បាប់​ជូន​ពលរដ្ឋ។ បើ​មិន​ដូច្នេះ​ទេ អ្នក​ដែល​រងគ្រោះ គឺ​ប្រជាពលរដ្ឋ ហើយ​អ្នក​ដែល​កេង​ចំណេញ​ពី​ផល​ប្រយោជន៍​នៃ​ការ​លក់​អាគារ គឺ​ក្រុមហ៊ុន ហើយ​អ្នក​ដែល​ត្រូវ​ទទួល​រង​ការ​ស្តី​បន្ទោស គឺ​រដ្ឋាភិបាល​ទៅ​វិញ​ទេ»

ទោះ​យ៉ាង​ណា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដាស់​ស្មារតី​ដល់​សាធារណជន មិន​គួរ​គប្បី​ទិញ​លំនៅឋាន​ខុស​ច្បាប់ ក្នុង​គម្រោង​ក្រុមហ៊ុន​ចំនួន​១៧ ដែល​ក្រសួង​បាន​ជូន​ដំណឹង​នេះ​ទេ ដរាប​ណា​ម្ចាស់​ក្រុមហ៊ុន​មិន​ទាន់​សង់​រួច ឬ​គ្មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(

ពីមុន​អោយ​លុយ​អ្វីៗក៏ល្អដែរ។​ នេះបានចំជាអ្នកពូកែធើ្វបាបរាជអោយវេទនាមែន។ បើខុសច្បាប់យ៉ាងម៉េចអោយឈ្មួញ​ធ្វើ​លោកក្រសួង ​

Jul 11, 2012 05:04 AM

អ្នក​អាន​អនាមិក

The is wonderful country of Khmer.so ashamed in the world..so sad for people. Bad government.. nothing compare

Jul 04, 2012 07:06 PM

កូនខ្មែរ

ពី ស្រុកខ្មែរ

នេះបានចំជាដំបៅគូដហើយបើកអោយគេមើលទៀត មិនចេះខ្មាស់គេ លោកមន្ត្រីស្រុកខ្មែរ។ អញ្ចឹងហើយហ៊ានអួតប្រាប់គេថាមានការអភិវឌ្ឍន៏ផ្នែកអចលនៈវត្ថុទៀត។

Jul 02, 2012 09:40 AM

អ្នក​អាន​អនាមិក

ល្អ​ណាស់​ ! តើ​ឯ​​ណា​ជា​ទំនួល​​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រជាជន, ឫ​ក៏​គ្នា​ស៊ី​ស៊ុស​ជាមួយ​ក្រុម​ហ៊ុន​ទាំង​នោះ​ពី​ដំបូង ហើយ​ដល់​ឥលូវ​គេ​មិន​ ... ចាប់​ផ្តើម​ឡាំ​ប៉ា​ ! ក្រសួង​គ្មាន​ជំហរ​ច្បាស់​លាស់ ....! ចុះ​ពិ​មុន​មិច​មិន​ហាម​មិន​ឲ្យ​សង់​ លោក ក្រសួង​ពាក់​ពន្ធ​អើយ ! ដល់​សង់​ហើយ​ ទិញ​អស់​ហើយ មក​ហាម​ប្រាម ! ​

Jul 01, 2012 01:31 AM

(

សូម​អោយ​អ្នក​ជំនាញ​ចុះ​ពិនិត្យ​និងេ​ធ្វើ​បណ្ណ័​អោយ​ផង គ្រាន់​តែ​និយាយេ​វា​មន​កើត​ទេ អ្នក​រងគ្រោះ​គឺ​អ្នក​ទិញ​ តើ​អ្នក​ជំនាញ​ ធ្វើ​អី​រាល់​ថៃ្អ? ដូច​ជា​គ្លីនីក​ឯកជន​នៅ​សៀមរាប ទាល់​តែ​មាន​​ស្លាប់ ប្រជាជន​ហើយ​ទើប​មាន​អ្នក​ជំនាញ​ចុះ​ទៅ​។ តាំង​មាន​លទ្ធផល​ហើយ!​ តើ​មុន​ស្លាប់​អ្នក​ជំនាញ​មិន​អាច​ចុះ​ទៅ​ ទេ​ រឺ?

Jun 30, 2012 01:18 AM

មើល​មតិ​ទាំង​អស់.